អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃទី 17 ខែមិថុនាថា NATO កំពុងចរចាដើម្បីដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែមទៀត យកវាចេញពីកន្លែងផ្ទុក ហើយដាក់ពួកវាលើការត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដែលកំពុងកើនឡើង។
លោក Stoltenberg បាននិយាយថា សមាជិកណាតូមានការពិគ្រោះយោបល់ដោយផ្ទាល់ក្នុងគោលបំណងប្រើប្រាស់តម្លាភាពជុំវិញឃ្លាំងអាវុធនុយក្លេអ៊ែររបស់អង្គការណាតូ ដើម្បីដោះស្រាយជាមួយនឹងអ្វីដែលលោកបានពិពណ៌នាថាជាពិភពលោកដ៏គ្រោះថ្នាក់។
លោក Stoltenberg បានចែករំលែកជាមួយកាសែត Telegraph របស់ចក្រភពអង់គ្លេសថា”ខ្ញុំនឹងមិននិយាយលម្អិតអំពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលនឹងត្រូវដំណើរការ និងចំនួនក្បាលគ្រាប់ដែលនឹងត្រូវរក្សាទុកនោះទេ ប៉ុន្តែយើងត្រូវពិភាក្សាលើបញ្ហាទាំងនេះ។ នោះជាអ្វីដែលយើងកំពុងធ្វើ” ។
លោក Stoltenberg បាននិយាយថា “តម្លាភាពជួយបង្ហាញសារដោយផ្ទាល់ថាយើងជាសម្ព័ន្ធមិត្តនុយក្លេអ៊ែរ។ គោលដៅរបស់ណាតូជាការពិតណាស់ពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែដរាបណាមានអាវុធនុយក្លេអ៊ែរ ពួកយើងនឹងនៅតែជាសម្ព័ន្ធមិត្តនុយក្លេអ៊ែរ” ។
កាលពីសប្តាហ៍មុន លោក Stoltenberg បាននិយាយថា អាវុធនុយក្លេអ៊ែរ គឺជា “ការធានាសន្តិសុខចុងក្រោយ” របស់ណាតូ និងជាមធ្យោបាយរក្សាសន្តិភាព។
អង្គការណាតូ ដែលបានដើរតួនាទីធំជាងក្នុងការសម្របសម្រួលការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន កម្រនិយាយអំពីអាវុធជាសាធារណៈ ទោះបីជាគេដឹងថា សហរដ្ឋអាមេរិកបានដាក់ពង្រាយគ្រាប់បែកនុយក្លេអ៊ែរទៅកាន់ទីតាំងជាច្រើននៅអឺរ៉ុបក៏ដោយ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានម្តងហើយម្តងទៀតថា ទីក្រុងមូស្គូអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួននៅពេលជាក់លាក់ណាមួយ។ រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបថាបានរុញច្រានពិភពលោកឱ្យឈានដល់ចំណុចកំពូលនៃការប្រឈមមុខដាក់គ្នាដោយនុយក្លេអ៊ែ ដោយផ្គត់ផ្គង់ដល់អ៊ុយក្រែននូវអាវុធមានតម្លៃរាប់ពាន់លានដុល្លារ ដែលអាវុធខ្លះត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារនៅក្នុងទឹកដីរុស្ស៊ី៕
រូបថត:USAF