ភ្នំពេញ៖ ដើម្បីរួមគ្នាការពារអាយុជីវិតនិងសុខុមាលភាពរបស់ប្រជាជនកម្ពុជាក្រសួងបរិស្ថាន រួមទាំងសមាជិកាអន្តរក្រសួងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (NCSD)បានប្តេជ្ញាចិត្តរួមគ្នាមួយក្នុងការសម្អាតទឹកទន្លេ គ្មានសំរាមផ្តល់នូវប្រភពទឹកស្អាតដល់ពលរដ្ឋរស់នៅតាមដងទន្លេសាប។
ក្នុងកិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព(NCSD)នេះ បានផ្តោតសំខាន់ទៅលើភាពស្អាតនៅក្នុងទឹក។
គួរបញ្ជាក់ថា ការប្តេជ្ញាចិត្តរួមគ្នានេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន កាលពីម្សិលមុិញ ដោយមានការចូលរួមពីសំណាក់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព(NCSD)។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីធានាឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសុខភាពល្អ ចាកផុតការឆ្លងជំងឺតម្កាត់នានា ដែលបណ្តាលមកពីកង្វះអនាម័យ ទឹកស្អាត និងចំណីអាហារ ជាពិសេសគឺបរិស្ថានស្អាតជុំវិញខ្លួនតែម្តង។
ដើម្បីឆ្លើយតបនឹងទស្សនវិស័យច្បាស់លាស់នេះហើយ ទើបក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (NCSD) បានរៀបចំដាក់ចេញនូវទស្សនទាន (Concept Note) ដើម្បីសម្អាតផ្ទៃទឹកទន្លេសាបឱ្យមានភាពស្អាត ភាពបៃតង និងចីរភាព ដោយបានបែងចែកជា ៤ដំណាក់កាលធំៗ ក្នុងនោះរួមមាន៖
ទី១. កាត់បន្ថយការបំពុលពីសំណល់ប្លាស្ទិកហូរចូលក្នុងបឹងទន្លេសាប។
ទី២. កាត់បន្ថយពពួករុក្ខជាតិទឹកដែលរាតត្បាតក្នុងបឹង និងតំបន់ដីសើមជុំវិញ។ ទី៣. ធ្វើឱ្យមានរបរចិញ្ចឹមជីវិតបែបចម្រុះ(ពិពិធកម្មរបរចិញ្ចឹមជីវិត)នៅក្នុងមូលដ្ឋានដូចជាការផ្តល់សេវាទេសចរណ៍ក្រៅពីការធ្វើរបរនេសាទត្រីជាដើម និងទី៤. ការស្តារឡើងវិញនូវព្រៃលិចទឹកនិងតំបន់ដីសើមជុំវិញតំបន់ស្នូលនៃបឹងទន្លេសាប ដើម្បីធ្វើឱ្យបឹងទន្លេសាបកម្ពុជាមានផាសុកភាពឡើងវិញ លើសពីនេះ បឹងទន្លេសាប គឺជាប្រភពប្រូតេអុីន និងផ្តល់នូវសារធាតុចិញ្ចឹមទៅដល់ប្រជាជនកម្ពុជាគ្រប់រូប និងជាផ្នែកមួយដ៏ចម្បងនៃសេដ្ឋកិច្ចជាតិផងដែរ៕ ដោយ ៖ សិលា