ភ្នំពេញ៖ កីឡាករហែលទឹកកូនខ្មែរ សញ្ជាតិអាមេរិក ពូ សុវិច្ចា ដែលស្ម័គ្រចិត្តមកជួយសហព័ន្ធកីឡាហែលទឹកកម្ពុជា អស់រយៈពេល៣ឆ្នាំមកហើយនោះបានប្តេជ្ញា ចិត្តថា ខ្លួននឹងរកមេដាយជូនកម្ពុជាឲ្យបាននៅឆ្នាំ២០១៧ក្នុងការប្រកួតស៊ីហ្គេមនៅម៉ាឡេស៊ី ។ នេះគឺជាការលើកឡើងរបស់ កីឡាករ ពូ សុវិច្ចា ពេលដែលកំពុងហ្វឹកហាត់ត្រៀមចេញទៅប្រកួតកីឡាអូឡាំពិក នៅប្រទេសប្រេស៊ីលកាលពីល្ងាចថៃ្ងទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។
ពូ សុវិច្ចា អះអាងថា “ខ្ញុំបានមកជួយ សហព័ន្ធកីឡាហែលទឹកកម្ពុជាចំនួន៣លើកមកហើយ ដោយលើកទី១ក្នុងឆ្នាំ២០១៣ប្រកួតជ្រើសជើងឯកពិភពលោកនៅប្រទេសអេស្ប៉ាញ ទីក្រុងប៉ាសេឡូណា, លើកទី២ នៅប្រទេសអាហ្វហ្គានីស្ថាន និងលើកទី៣នៅប្រទេសសិង្ហបុរីពេលប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៥ តែមិនទាន់រកមេដាយជូនកម្ពុជានៅឡើយទេ ។ ប៉ុន្តែលើកនេះ “ខ្ញុំ មានសង្ឈឹមច្រើនថានឹងរកបានមេដាយមកជូនប្រទេសជាតិដោយសារតែខ្ញុំមានកម្លាំងនិងមានភាពរីកចម្រើនផ្នែកបច្ចេកទេស ដូច្នេះនៅឆ្នាំ២០១៧ខាងមុខខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីស្វែងរកមេដាយ មកជូនជាតិឲ្យខាងតែបាន” ។
ពូ សុវិច្ចា បច្ចុប្បន្នមានវ័យ២១ឆ្នាំជា និស្សិតឆ្នាំទី៤នៅសាកលវិទ្យាល័យប្រោនសហរដ្ឋអាមេរិកហើយមានឪពុកជាជន ជាតិខ្មែរឈ្មោះពូ សាវិទ្ធ និង ម្តាយឈ្មោះ វ័ន្ត លីដា ជាជនជាតិថៃ។ ពូ សុវិច្ចា បានចូលរៀនហែលទឹកចាប់តាំងពីរូបគេមានអាយុ៦ឆ្នាំ ហើយបច្ចុប្បរូបគេក៏ជាកីឡាករហែលទឹកមួយរូបរបស់សាកលវិទ្យាល័យប្រោនធ្លាប់ចូលរួមប្រកួតនៅក្នុងកម្រិតឌីវីហ្សិនA៕
ដោយ៖ សារីម