រន្ធត់ណាស់ ! សីតុណ្ហភាព ៥០អង្សាសេ ផ្តាច់ជីវិតអ្នកធ្វើធម្មយាត្រា Hajj ទៅកាន់ទីក្រុង Mecca ជិត ១ ០០០នាក់

ចែករំលែក៖

អន្តរជាតិ ៖ យ៉ាងហោចណាស់ក៏ មានអ្នកធ្វើធម្មយាត្រារហូតដល់ទៅ៩២២នាក់ ត្រូវបាត់បង់ជីវិតខណៈពេលដើរក្រោមកម្តៅថ្ងៃក្តៅសឹងឆេះខ្លោច ទៅកាន់ទីក្រុង Mecca។នេះតួលេខដ៏រន្ធត់ដែលផ្សាយដោយ CNN នៅថ្ងៃព្រហស្បតិ៍ទី២០ខែមិថុនា ឆ្នាំ២០២៤ បានបង្ហាញថា ជាការរន្ធត់បំផុត ។

CNN បានផ្សាយថា ៖ ជារៀងរាល់ឆ្នាំ អ្នកកាន់សាសនាឥស្លាមតែងតែធ្វើដំណើរទៅកាន់ទីក្រុងនេះ ដើម្បីធ្វើធម្មយាត្រា Hajj ក្នុងខែមិថុនា ដែលជាខែមានអាកាសធាតុក្តៅខ្លាំង ហើយបើយោងតាមការបញ្ជាក់ពីអាជ្ញាធរអារ៉ាប៊ីសាអូឌីត, ឆ្នាំនេះ ធម្មយាត្រា Hajj ត្រូវបានធ្វើឡើងក្រោមសីតុណ្ហភាពដល់ទៅ ៥០អង្សាសេឯណោះ។

ស្របពេលជាមួយគ្នានោះដែរ សារព័ត៌មាន AFP បានដកស្រង់ប្រភពពីអ្នកកាទូតអារ៉ាប៊ីសាអូឌីត ដោយផ្សាយថា គ្រាន់តែជនជាតិអេហ្ស៊ីបដែលស្លាប់អំឡុងពេលធ្វើធម្មយាត្រានេះ បានកើនឡើងដល់៦០០នាក់ទៅហើយ។ ក្រៅពីនេះ ក៏មានជនជាតិឥណ្ឌូណេស៊ីចំនួន១៦៥នាក់, ហ្ស៊កដានី៤១ នាក់, ទុយនីស៊ី៣៥ នាក់ និង អ៊ីរ៉ង់១១ នាក់ផងដែរ។

តាមសេចក្តីរាយការណ៍ មនុស្សស្លាប់មួយចំនួន គឺបណ្តាលមកពីដាច់សរសៃរឈាមខួរក្បាលដោយសារតែមេឃក្តៅខ្លាំងពេក រីឯអ្នកខ្លះបាត់បង់ជាតិទឹកក្នុងខ្លួនធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា យោងតាមស្ថិតិអារ៉ាប៊ីសាអូឌីត, ធម្មយាត្រា Hajj ឆ្នាំ២០២៤នេះ មានមនុស្សជាង១.៨លាននាក់ បានមកចូលរួមក្នុងពិធីជួបជុំសាសនាដ៏ធំបំផុតមួយរបស់ពិភពលោក។
មនុស្សស្លាប់ក្នុងពិធីនេះមិនមែនជារឿងថ្មីឡើយ តួយ៉ាងដូចកាលពីឆ្នាំមុន មានមនុស្ស ២៤០នាក់ ត្រូវបាត់បង់ជីវិត ហើយរឿងដែលគេនៅតែចាំមិនភ្លេចគឺជាគ្រោះមហន្តរាយដ៏រន្ធត់ឆ្នាំ២០១៥ ដែលការរត់ជាន់គ្នាបានសម្លាប់មនុស្សជាង ២ ០០០នាក់។
ទោះបីជាយ៉ាងណាក៏ដោយ គេជឿថា តួលេខមនុស្សស្លាប់មិនមែនមានត្រឹមប៉ុណ្ណឹងទេព្រោះ តួលេខខាងលើ គឺរាប់បញ្ចូលតែអ្នកដែលចុះឈ្មោះទៅធ្វើធម្មយាត្រាប៉ុណ្ណោះ ខណៈមនុស្សមួយចំនួនទៀត មិនបានចុះឈ្មោះឡើយ ។
ចំពោះអ្នកស្លាប់ តាមចំនួនផ្លូវការមិនលម្អិតនៅឡើយ ខណៈចំនួន មានអ្នកធ្វើធម្មយាត្រារហូតដល់ទៅ៩២២នាក់ ត្រូវបាត់បង់ជីវិត ជាតួលេខបឋម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print