នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអះអាងថា បានខិតខំយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់លើករណី ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម និងរាល់បទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទ

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានខិតខំយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់លើករណី ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម និងរាល់បទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទ ។ នេះបើយោងតាមសេចក្តីបំភ្លឺពត៌មាន របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានកណ្តាលសន្តិសុខ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានមួយ បានធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលមិនមាន មូលដ្ឋានច្បាស់លាស់ ព្រមទាំងរិះគន់ក្នុងន័យចោទប្រកាន់មកលើ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពីភាពអសកម្មការងាររបស់នាយកដ្ឋាន។
ក្នុងន័យនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការបំភ្លឺ និងបដិសេធដាច់ខាត រាល់ការ លើកឡើងដោយគ្មានមូលដ្ឋានព័ត៌មានច្បាស់លាស់។ នាយកដ្ឋានសូមបញ្ជាក់ រាល់ការស្រាវជ្រាវ ស៊ើបអង្កេត របស់មន្ត្រីជំនាញទៅលើគណនី ឬទំព័រហ្វេសប៊ុកទាំងឡាយណា ដែលតែងតែផ្សព្វផ្សាយរាល់ព័ត៌មានមិនពិត ព័ត៌មានបំពុលសង្គម ឬព័ត៌មានដែលបង្កជាអំពើញុះញង់ និងចលាចលដល់សន្តិសុខសង្គម តម្រូវឱ្យរក្សាការ សម្ងាត់ក្នុងដំណាក់កាលស្រាវជ្រាវស៊ើបអង្កេត ដើម្បីងាយស្រួលក្នុងការកំណត់សាវតារបស់អ្នកប្រព្រឹត្ត ជាពិសេស ជៀសវាងអ្នកប្រព្រឹត្តធ្វើការលុបនូវទិន្នន័យ ឬភស្តុតាងពាក់ព័ន្ធរបស់ខ្លួន ដែលបង្កជាផលលំបាកដល់មន្ត្រីជំនាញ និងធ្វើឱ្យប៉ះពាល់ ឬបាត់បង់តម្រុយក្នុងការស្រាវជ្រាវ។

ដើម្បីជាការឆ្លើយតប និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមតួនាទីភារកិច្ចរបស់នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា នាយកដ្ឋានបានខិតខំយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់លើករណី ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម និងរាល់បទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទ រហូតឈានដល់ ការឃាត់ខ្លួនជនល្មើសជាបន្តបន្ទាប់។ ក្នុងនោះផងដែរ នាយកដ្ឋានតែងតែធ្វើការផ្សព្វផ្សាយអំពីព័ត៌មាន និង វិធានការណ៍ទប់ស្កាត់នានា ដើម្បីកុំឱ្យបងប្អូនប្រជាពលរដ្ឋមានការចាញ់បោកនូវការឆបោកក្រោមរូបភាពផ្សេងៗ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬការញុះញង់ណាមួយពីសំណាក់ជនល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា នៅលើ ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ជាថ្មីម្តងទៀត នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការអំពាវនាវដល់សាធារណជន ដែល និយមប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនានា សូមចូលរួមសហការជាមួយនាយកដ្ឋាន តាមរយៈ ការផ្តល់ទិន្នន័យ ឬភស្តុតាងផ្សេងៗ ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទដល់នាយកដ្ឋាន ដើម្បីជាតម្រុយ ដល់មន្ត្រីជំនាញក្នុងការស្រាវជ្រាវ ស៊ើបអង្កេត ឈានទៅដល់ការបង្ក្រាបឱ្យបានទាន់ពេលវេលា ជាជាងធ្វើការ ផ្សព្វផ្សាយជាសាធារណៈ ដែលបង្កឱ្យជនល្មើសបានដឹងខ្លួន និងបំផ្លាញទិន្នន័យ ឬភស្តុតាងពាក់ព័ន្ធការ ប្រព្រឹត្តបទល្មើសរបស់ខ្លួន។

សេចក្តីដូចបានស្រាយបំភ្លឺ និងជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូម ស្វាគមន៍ជានិច្ចរាល់ការបញ្ចេញនូវមតិរិះគន់ក្នុងន័យស្ថាបនា ដែលឈានទៅរកការកែលម្អឱ្យកាន់តែមានភាព ល្អប្រសើរជាងមុន ក្នុងកិច្ចការអនុវត្តការងារបម្រើប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print