ភ្នំពេញ ៖ មេបញ្ជាការកងទ័ពជើងគោកម្ពុជា និងរុស្ស៊ី បានចុះហត្ថលេខារួមគ្នា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងគោលបំណងពង្រឹងនិងពង្រីកចំណងមិត្តភាពឲ្យកាន់តែស្និទ យូរអង្វែងប្រកបដោយទំនុកចិត្ត ឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍រួមទៅវិញទៅមក។
កងទ័ពជើងគោក បានចេញ សេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ៖ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-រុស្ស៊ី ចុះហត្ថលេខារួមគ្នា លើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ។
នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ នៃសហព័ន្ធរុស្ស៊ី នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោកបានជួបពិភាក្សាការងារទ្វេភាគី ជាមួយនឹង នាយឧត្តមសេនីយ៍ អាឡិក សាលលូកូវ (Oleg Salyukov) អគ្គមេបញ្ជាការកងទ័ពជើងគោក នៃសហព័ន្ធរុស្ស៊ី ។ ក្នុងជំនួបនេះ សមភាគីទាំងពីរ បានសម្តែងនូវមោទកភាពចំពោះទំនាក់ទំនងមិត្តភាព ប្រកបដោយការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលជាមរតកបន្សល់ទុកដោយថ្នាក់ដឹកនាំជំនាន់មុន ជាពិសេស ចាប់តាំងពីឆ្នាំ១៩៩៣មក ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកគួរឱ្យកត់សម្គាល់ ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច យោធា និងរវាងប្រជាជន។
សមភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-រុស្ស៊ី និយាយជារួម និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលបានបោះជំហានទៅមុខ និងសម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។
ក្នុងឱកាសនៃជំនួបពិភាក្សាទ្វេភាគីនេះ និងដោយមានការអនុញ្ញាតពីក្រសួងការពារជាតិនៃ ប្រទេសទាំងពីរ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-រុស្ស៊ី បានសម្រេចចុះហត្ថលេខារួមគ្នាលើឯកសារ អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង កងទ័ពជើងគោក នៃសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាពឲ្យកាន់តែជិតស្និទ យូរអង្វែង និងប្រកបដោយទំនុកចិត្ត ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។
ឯកសារនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃទំនាក់ទំនងទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក និងជាមូលដ្ឋានមួយដ៏សំខាន់នៅក្នុងការត្រួសត្រាយផ្លូវ សំដៅឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នាពេលអនាគត ៕