ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃសៅរ៍ទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រានការក្លែងបន្លំ «ក.ប.ប.» នៃ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖ កន្លងមកនេះ មានបណ្តាញសារព័ត៌មានមួយចំនួនបានចុះផ្សាយពាក់ព័ន្ធនឹងផលិតផល ម្សៅទឹកដោះគោក្លែងក្លាយ ម៉ាក Sica និង ម៉ាក HIUP និងផលិតផលអាហារបំប៉នជាច្រើនផ្សេងទៀតដែលបានរត់ ពន្ធពីប្រទេសវៀតណាមចូលទៅប្រទេសថៃឡង់ដ៍ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសថៃឡង់ដ៍ បានរកឃើញ និងចាប់រឹបអូសបាន។ ការរកឃើញនេះ គឺមានគេហទំព័រមួយដែលបានផ្សាយពណិជ្ជកម្មដោយ អះអាងគួរឱ្យសង្ស័យអំពីផលិតផលម្សៅទឹកដោះគោបង្ហាញពីអត្ថប្រយោជន៍ហួសហេតុ និងបានណែនាំថា ផលិតផលទាំងនោះគឺលក់ដាច់ជាងគេលេខ១ នៅក្នុងប្រទេសណូវ៉ែលហ្សេឡង់ ហើយត្រូវបានចែករំលែកយ៉ាង ទូលំទូលាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។
ក្រោយពីបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធ នឹងព័ត៌មានអំពីហេតុការណ៍នេះនៅលើបណ្តាញសង្គម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលមានតួនាទី និងភារកិច្ចលើកិច្ចការពារ អ្នកប្រើប្រាស់ បានចាត់វិធានការភ្លាមៗ ដូចខាងក្រោម៖
១- បានធ្វើការស្រាវជ្រាវលម្អិតបន្ថែមលើខ្លឹមសារដែលបានកើតឡើង និងបានចាត់វិធានការអង្កេតទីផ្សារ គោលដៅ ម៉ាត ផ្សារទំនើប និងទីតាំងលក់ម្សៅទឹកដោះគោ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្វែងរកផលិតផលជាមុខសញ្ញាតាមដានដូចក្នុងព័ត៌មានដែលបាន ផ្សព្វផ្សាយ
២-ជាលទ្ធផលនៃការចុះអង្កេតបឋម គឹមន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. មិនបានរកឃើញវត្តមាន នៃផលិតផលជាមុខសញ្ញាតាមដានដូចក្នុងព័ត៌មានដែលបានផ្សព្វផ្សាយនោះទេ។
អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ នៃក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការជាតិការពារ អ្នកប្រើប្រាស់ នឹងបន្តតាមដានលើករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីការពារសុខភាពប្រជាពលរដ្ឋដែលជា អ្នកប្រើប្រាស់ និងសូមអំពាវនាវដល់សាធារណជនទាំងអស់ ពិសេសមាតាបិតា ឬអាណាព្យាបាល ដែលតែងតែ ទិញផលិតផលម្សៅទឹកដោះគោ និងផលិតផលអាហារបំប៉ននានា ប្រសិនបើបានជួបប្រទះលើផលិតផលជា មុខសញ្ញាតាមដានទាំងនេះ សូមមេត្តាផ្តល់កិច្ចសហការឬផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈ៖ Call Center របស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ៕ដោយ៖តារា