ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃសៅរ៍ទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ស្រ្តីម្នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្រុងពោធិ៍សាត់ ត្រូវសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនរួមនិងវត្ថុតាងជាក់ស្ដែង ពីបទពាក់ព័ន្ធករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត កាលពីព្រលប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៥៥នាទី បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើផ្លូវលេខ១៥៥ ស្ថិតភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ សញ្ញា ជួញដូរដោយខុសច្បាប់សារធាតុញៀនសកម្ម បានចំនួន ០១នាក់ ស្រី ព្រមដកហូតវត្ថុតាងដូចខាងក្រោម ៖
ជនសង្ស័យឈ្មោះ គឹម ថាវី ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ក្រាមពណ៍ ស ថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០៥កញ្ចប់ ទម្ងន់ ១០៤ ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ),លោហៈធាតុ ពណ៍ក្រហម ចំនួន ០៣ (ចិញ្ចៀន ០២វង់ និងក្រវិល មួយចំហៀង),ទូរស័ព្ទចំនួន ០១គ្រឿង ,ម៉ូតូចំនួន ០១គ្រឿង,លុយខ្មែរ ចំនួន ៧០ ០០០៛ ,កាបូបស្បែកពណ៍ខ្មៅ ចំនួន ០១ ,ម៉ូតូចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖តារា