ភ្នំពេញ ៖ ឆ្លើយតបនឹងបញ្ហាលុបបំបាត់គ្រឿងញៀននៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានប្តេជ្ញាចិត្តបន្តដើរតាមមាគ៌ាដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបន្តចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាទិសដៅអាទិភាព តាមរយៈការដាក់បញ្ចូលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់នៃស្នូលយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ វិធានការគន្លឹះទាំង៥ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និង ភាពសុខុដុមរមនាក្នុងសង្គមជាតិ ព្រមទាំងបានបន្តចូលរួមយ៉ាងសកម្ម ក្នុងគ្រប់យន្តការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី ពហុភាគី នៅក្នុងអនុតំបន់ តំបន់ និងលើសកលលោក។ ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀននៃអាណត្តិថ្មីនេះ ត្រូវបានមតិជាតិនិងអន្តរជាតិទទួលស្គាល់ថាជាយន្តការដ៏រឹងមាំនិងប្រកបដោយ វិសាលភាពធំធេង តាមរយៈការធ្វើកំណែទម្រង់ក្បាលម៉ាស៊ីនដឹកនាំ ដោយមាន ឧបនាយករដ្ឋមន្ត្រីចំនួន ៤ រូប ក្នុងនោះ ១ រូបជាប្រធាន ៣ រូបជាអនុប្រធាន ទេសរដ្ឋមន្ត្រី ១ រូបជាអនុប្រធានប្រចាំការ រួមជាមួយរដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួនទៀត ជាសមាជិក និងបានបង្កើតគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនមានភាពរឹងមាំ មុតស្រួច ស៊ីជម្រៅ ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពទៅនឹងស្ថានភាពជាក់ស្តែងនៃបញ្ហាគ្រឿងញៀន ទាំងនៅកម្រិតថ្នាក់ជាតិនិងអន្តរជាតិ។
សម្តេចធិបតីបន្តថា ៖ ជាមួយនឹងការបន្តអនុវត្តមរតកអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ «សម្អាតផ្ទះយើង» ដើម្បីឱ្យក្រសួង ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្សប្រកបដោយគុណាធិបតេយ្យ ភាពស្អាតស្អំ និងភាពជាគំរូ នៃការអនុវត្តច្បាប់ តាមរយៈបទបញ្ជាលេខ០១ បប ក្នុងការមានវិធានការម៉ឺងម៉ាត់ និងបទបញ្ជាដាច់ខាត ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន និងមន្ត្រី ជាប់កិច្ចសន្យា ដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀនខុសច្បាប់ ត្រូវចាត់វិធានការបញ្ចប់ មុខតំណែងនិងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ព្រមទាំងទទួលការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ អនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ដើម្បី «សម្អាតចកកខ្វក់ចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប្រចាំ ។
សម្តេចធិបតី បានលើកឡើងថា ៖ ឆ្លងតាមការស្រាវជ្រាវ និងបទពិសោធកន្លងទៅទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ រួមទាំងអង្គការ សហប្រជាជាតិ បានបង្ហាញឱ្យឃើញច្បាស់ថា វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពនាបរិការណ៍បច្ចុប្បន្ន គឺការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ ដែលទាមទារឱ្យ មានការចូលរួមពីគ្រប់វិស័យជាច្រើនដូចជា វិស័យអប់រំ កីឡា សាសនា វប្បធម៌ សិល្បៈ។ល។ ការចូលរួមវិនិយោគ ពីគ្រប់វិស័យលើការងារលើកកម្ពស់ការផ្សព្វផ្សាយនិងអប់រំ គឺជាកម្លាំងចលករមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យបញ្ហាគ្រឿងញៀនលែងជាឧបសគ្គរារាំងក្នុងការអភិវឌ្ឍសង្គមជាតិ ដែលឆ្លើយតបទៅនឹងប្រធានបទគោល របស់អង្គការសហប្រជាជាតិគឺ «ភស្តុតាងបង្ហាញច្បាស់ថា ការវិនិយោគលើការបង្ការ គឺជាការចាំបាច់»៕