ខេត្តពោធិ៍សាត់ ៖ យើងជាពលរដ្ឋល្អ ជនរួមជាតិ ចូលរួមគ្នាលើកកម្ពស់ និងការពារបរិស្ថាន! កូនឈើប្រណិត ២ម៉ឺនដើម ត្រូវប្រគល់ជូនរដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រាប់ដាំបន្តនៅជើងភ្នំ ១០០៥ ដើម្បីឱ្យកម្ពុជាក្លាយជាតំបន់បៃតង ។
សូមបញ្ជាក់ថា ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានបរិច្ចាគកូនឈើប្រណិតចំនួន ២០,០០០ដើម ជូនដល់រដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីគាំទ្រលើ «យុទ្ធនាការដាំដើមឈើ ១លានដើម»។
ដោយក្នុងនោះកូនឈើចំនួន ៥,០០០ដើម ដែលនៅសេសសល់នឹងយកទៅរក្សាទុកសម្រាប់ដាំនៅតំបន់អន្ទង់អាំង តាមបណ្តោយផ្លូវជាតិលេខ៥៥។ ប្រភេទពូជកូនឈើរួមមាន ធ្នង់ ក្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល ក្នុងចំណោមប្រភេទច្រើនផ្សេងទៀត។
ក្នុងចំណោមប្រភេទទាំងនោះមានកូនឈើចំនួន ៧ប្រភេទត្រូវបានចាត់ថ្នាក់ជាប្រភេទរងការគំរាមកំហែង យោងតាមសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ កូនឈើទាំងអស់នេះមានអាយុចន្លោះប្រហែល១ ទៅ ១ឆ្នាំកន្លះ មានសុខភាពល្អ និងមានភាពធន់ខ្លាំងដែលត្រៀមក្នុងការដាំនៅឆ្នាំនេះ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ មានបំណងការពារ និងអភិរក្សព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញ ក៏ដូចជាការដាំដើមឈើដែលបានបាត់បង់ឡើងវិញផងដែរ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានធ្វើការរួមគ្នាអស់រយៈពេលជាង ២ទសវត្សមកហើយ ទៅលើកិច្ចការពារព្រៃរងទឹកភ្លៀងរបស់កម្ពុជា ហើយយុទ្ធនាការនេះនឹងជួយពង្រឹងបន្ថែមទៅលើគោលបំណងនោះ។
លោក Jonh Willis នាយកប្រចាំប្រទេសរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance (WA) បានថ្លែងថា «យើងបានដឹកជញ្ជូនកូនឈើចំនួន ២០,០០០ដើម ដើម្បីប្រគល់ជូនរដ្ឋបាលស្រុកវាលវែង ហើយយើងរំពឹងថា កូនឈើដែលបានបរិច្ចាគនឹងជួយស្តារតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញឡើងវិញ»។
លោកក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចការស្តារគម្របព្រៃឈើរបស់កម្ពុជាឡើងវិញ និងរដ្ឋបាលស្រុកវាលវែង លើការផ្តល់តម្លៃ និងទទួលស្គាល់នូវការបរិច្ចាគកូនឈើទាំងនេះ។
បន្ថែមពីលោក Willis បានបញ្ជាក់ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃជឿជាក់ថា ការផ្តួចផ្តើមគំនិតការដាំស្តារព្រៃឈើឡើងវិញ នឹងជះឥទ្ធិពលជាវិជ្ជមានលើបរិស្ថាន ក៏ដូចជាចូលរួមចំណែកក្នុងការលើកតម្កើងកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលលើឆាកអន្តរជាតិផងដែរ។
លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង បានបង្ហាញពីការប្តេជ្ញាចិត្តដាំកូនឈើឡើងវិញនៅទីតាំងដែលរងការកាប់ទន្ទ្រាន ដើម្បីបង្កើនគម្រប់ព្រៃឈើ ព្រមទាំងស្នើដល់មន្ត្រីពាក់ព័ន្ធបង្កើនសកម្មភាពបន្ថែមទៀត ដើម្បីធ្វើយ៉ាងទប់ស្កាត់ការលួចកាប់ទន្ទ្រានព្រៃឈើពីសំណាក់ក្រុមជនខិលខូចមួយចំនួនតូតឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកអភិបាលរងស្រុកវាលវែង បានឱ្យដឹងដែរថា ការផ្តល់កូនឈើដល់រដ្ឋបាលស្រុកនៅពេលនេះ គឺដើម្បីឆ្លើយតបទៅយុទ្ធនាការ «ដាំដើមឈើមួយលានដើម»។
លោកបន្តថា «ខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ នៅការជួយឧបត្ថមកូនឈើ ដើម្បីដាំនៅស្រុកវាលវែង ក្នុងគោលបំណងអោយក្លាយជាធម្មជាតិបៃតងឡើងវិញ»។
សូមជម្រាបថា ៖ ភ្នំ ១៥០០ល្បីអាកាសធាតុត្រជាក់ និងជាតំបន់ សក្តានុពលទេសចរណ៍ថ្មី ។ ភ្នំ១៥០០ (មួយពាន់ប្រាំរយ) គឺជាតំបន់សក្តានុពលទេសចរណ៍ថ្មីមួយនៃខេត្តពោធិ៍សាត់ ដែលមានទេសភាពធម្មជាតិស្រស់ស្អាត និងសំបូរព្រៃភ្នំជាច្រើន ជាពិសេសកំណាត់ផ្លូវថ្មី នៅលើភ្នំដែលមានរាងដូច សត្វអន្ទង់អាំង (ផ្លូវអន្ទង់អាំង)។ ភ្នំ១៥០០ គឺមានអាកាសធាតុត្រជាក់ និងមានទេសភាពស្អាតៗ នៅតាមដងផ្លូវ។ នារដូវវស្សាភ្ញៀវទេសចរអាចមើល ឃើញអ័ព្ទយ៉ាងក្រាស់ពីលើកំពូលភ្នំផងដែរ។
ក្រសួងទេសចរណ៍ បានណែនាំដល់ភ្ញៀវទេសចរណ៍ ដែលមានឱកាសបានមកកម្សាន្តនៅនេះដូចច្នេះថា« ភ្ញៀវទេសចរ បើបានមកលេងស្រុកដែលមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏ល្បីមួយនេះ សូមកុំភ្លេចមកទស្សនារមណីយដ្ឋាន ទឹកធ្លាក់ ថ្មដាតូច និងដាធំ ដែលជាមរតកទេសចរណ៍ធម្មជាតិដ៏មានសក្ដានុពលមួយ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់»។ ជាងនេះទៅទៀត ភ្ញៀវទេសចរក៏មិនគួរមើលរំលងអាហារដ៏ឆ្ងាញ់ និងសាកកាហ្វេដ៏មានឪជា រសនៅកាហ្វេភ្នំផងដែរ។ នេះជាការបន្ថេមរបស់ក្រសួងទេសចរណ៍៕