ខេត្តកោះកុង ៖ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ភ្លៀងធ្លាក់ច្រើន ៤ ថ្ងៃ ជាប់ៗគ្នា ( ថ្ងៃទី ២១-២៤ មិថុនា ២០២៤ ) ក្នុងបរិមាណសរុប ៦៧៥ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀង ប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនកន្លែង ក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ នេះជាការបញ្ជាក់ឱ្យដឹងពីលោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ។
លោកបានប្តថា ៖ ចំពោះស្ថានភាពអាកាសធាតុ បានចាប់ផ្តើមធូរស្រាលហើយ មិនមានភ្លៀងធ្លាក់គំហុកទៀតទេ ។
សូមបញ្ជាក់ថា ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ – សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿន មធ្យម ៧,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់ គ្របដណ្តប់លើ ផ្ទៃដី២៥%។
រលកសមុទ្រមានកម្ពស់មធ្យមអប្បបរ ២,៥០ម៉ែត្រ ៕