ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ បណ្តាញ សាកលវិទ្យាល័យសាយប័រកម្ពុជា សមិទ្ធផលបណ្តុះបណ្តាល និងបច្ចេកវិទ្យាឌីជីថល” ដែលពិធីនេះរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋា ភិបាល កម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាម ការ រីកចម្រើនផ្នែកបច្ចេកវិទ្យា។
បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណង៖ ទី១). បន្តនិរន្តរភាពនៃការ បណ្តុះបណ្តាលនៅ កម្រិត ឧត្ដមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ, ២). ពង្រឹងគុណភាព នៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់ថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ឱ្យ អស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក, ៣). ផ្ដល់ លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និង៤). បើកចំហធនធានសិក្សាទៅកាន់ អ្នក សិក្សាក្នុងតំបន់ និងសាកលលោក។
គិតចាប់ពីឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគ្រឹះស្ថានឧត្តមសិក្សា សា ធារណៈ និងឯកជនចំនួន១២ បានចូលជាសមាជិក រួមមាន៖
១៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ២៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣៖ សាកលវិទ្យាល័យជាតិបាត់ដំបង ៤៖ សាកលវិទ្យាល័យស្វាយរៀង ៥៖ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ៦៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ៧៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង ៨៖ សាកលវិទ្យាល័យជាស៊ីមកំចាយមារ ៩៖ សាកលវិទ្យាល័យក្រចេះ ១០៖ វិទ្យាស្ថានគរុកោសល្យបាត់ដំបង ១១៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ១២៖ សាកលវិទ្យាល័យអង្គរ
ដើម្បីសម្រេចគោលបំណងខាងលើនេះ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា បានដាក់ចេញផែនការសកម្មភាព រយៈពេល៣ឆ្នាំ ជា ៣ដំណាក់កាលធំៗ ដូចខាងក្រោម៖
-ដំណាក់កាលទី១៖ ក្នុងឆ្នាំ២០២៣ ផ្តោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសមត្ថភាព ដោយក្នុងនោះ សាកលវិទ្យាល័យចំនួន៦ ដែលជាសមាជិកដំបូង បានចាប់ផ្តើមផលិត និងដំណើរការមាតិកា និងខ្លឹមសារមេរៀន តាម អនឡាញ។
-ដំណាក់កាលទី២៖ ក្នុងឆ្នាំ២០២៤ ផ្តោតលើការបង្កើតមេរៀនរួមគ្នា ឬកម្មវិធីរួមគ្នារវាងសាកលវិទ្យាល័យជាសមាជិក ដើម្បីផ្តល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សា
-ដំណាក់កាលទី៣៖ ក្នុងឆ្នាំ២០២៥ គឺជាការបើកចំហធនធាន សិក្សា របស់កម្ពុជាទៅកាន់តំបន់ និងពិភពលោក។ សូមបញ្ជាក់ថា ៖ គិតត្រឹមឆ្នាំ២០២៤នេះ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជាសម្រេចបានសមិទ្ធផលការងារដូចខាង ក្រោម៖
-បានបង្កើត និងកែលម្អបន្ទប់ស្ទីឌីយោសម្រាប់សាកលវិទ្យាល័យចំនួន៥ -បានតភ្ជាប់បញ្ចូលគ្នារវាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់សាកលវិទ្យាល័យសមាជិក ចំនួន៦ -បានរៀបចំបង្កើតដូម៉ែន (domain) និងបង្កើតប្រព័ន្ធគ្រប់គ្រងការរៀន និងបង្រៀន និង បានដាក់ឱ្យដំណើរការនៅលើ moodle.ccun.edu.kh -អភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យ និងបុគ្គលិកចំនួន ៥៤ នាក់ លើជំនាញផលិតមេរៀន ផលិតធនធានសិក្សាអនឡាញ ប្រព័ន្ធគ្រប់គ្រងការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ និងការគ្រប់គ្រងបណ្តាញតាមសាកលវិទ្យាល័យ។ -បានផលិតមាតិកាមេរៀនចំនួន ៦៩មុខវិជ្ជា សម្រាប់ដាក់ឱ្យអនុវត្តកម្មវិធីសិក្សាថ្នាក់ បរិញ្ញាបត្រចំនួន ១៨ ជំនាញឯកទេស -បានទទួលនិស្សិតចុះឈ្មោះចូលរៀនចំនួន ៥,៤៣២នាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់ថា ៖ ដើម្បីលើកទឹកចិត្ត និងយកចិត្តទុកដាក់លើកិច្ចការដ៏មានសារៈសំខាន់នេះ សម្តេចសូមផ្ដល់អនុសាសន៍សំខាន់ៗចំនួន១០ សម្រាប់អនុវត្តបន្តដូចខាងក្រោមនេះ៖
ទី១) បន្តពង្រឹងអភិបាលកិច្ចសាលារៀន និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ, មានភាពបុរេ សកម្ម, ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ដែលបាននិងកំពុងមាន ការប្រែប្រួលយ៉ាងឆាប់រហ័ស តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងការធានាបាននូវ សេវាអប់រំ ដែលមានប្រសិទ្ធភាព និងគុណភាពប្រកបដោយសមធម៌ បរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
ទី២) បន្តពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅ តាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់អ្នកសិក្សា ដូចជា ចាប់ផ្តើមអនុវត្តការសិក្សាពេញមួយថ្ងៃ, និងកែលម្អសៀវភៅសិក្សាគោល ដើម្បីឱ្យស្របគ្នា ជាមួយបណ្តាប្រទេសជឿនលឿន។
ទី៣) ដាក់ឱ្យប្រើប្រាស់វិធីសាស្ត្របង្រៀន វិធីសាស្ត្ររៀន និងវិធីសាស្ត្រវាយតម្លៃថ្មី ដែលអាចអនុញ្ញាតឱ្យសិស្សអភិវឌ្ឍបំណិននៃការគិតប្រកបដោយការត្រិះរិះពិចារណាដោះស្រាយបញ្ហា ដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ និងអនុវត្តចំណេះដឹងវិទ្យាសាស្ត្រក្នុងជីវិតប្រចាំថ្ងៃ។
ទី៤) បន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងត្រូវពង្រឹងគុណវុឌ្ឍគ្រូបង្រៀន ចេញថ្មី និងធ្វើវិក្រឹតការគ្រូបង្រៀន, កែលម្អការបណ្តុះបណ្តាលគ្រូ ដើម្បីបំពេញតាម «ស្តង់ដាវិជ្ជាជីវៈ គ្រូបង្រៀន» និងផ្ដល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ
ទី៥) បន្តអភិវឌ្ឍការអប់រំឌីជីថល ដោយត្រូវបន្តធ្វើសមាហរណកម្ម បច្ចេកវិទ្យាឌីជីថល ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត, បំពាក់បន្ទប់ពិសោធន៍ឌីជីថល, ភ្ជាប់បណ្តាញអគ្គិសនី និង អ៊ីនធើណិតនៅតាមគ្រឹះស្ថានសិក្សា, លើកកម្ពស់គុណវុឌ្ឍ និងសមត្ថភាពឌីជីថលដល់គ្រូបង្រៀន, បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការបង្រៀននិងរៀន, កែលម្អមាតិកាឌីជីថល និងបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។
ទី៦) បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សាត្រៀមវិធានការឆ្លើយតប និង ចូលរួមទប់ស្កាត់ភ្លាមៗ និងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា, សុវត្ថិភាពចំណី- អាហារ, កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជា រៀបចំបន្ទប់សុខភាពស្ដង់ដា, បរិស្ថាន សាលារៀនបៃតង, សាលារៀនស្អាតគ្មានសំរាម, និងការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យ។
ទី៧) ជំរុញភាពជាដៃគូសាធារណៈ និងសហគមន៍ក្នុងការអប់រំ ដោយចាប់ផ្តើមអនុវត្តនៅតាម សាលារៀនគំរូ និងរៀបចំសេចក្ដីណែនាំអនុវត្តនៅគ្រប់គ្រឹះស្ថានសិក្សា ក្នុងគោលដៅផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបំផុសស្មារតីចូលរួម ដូចជាការបង្កើតមូលនិធិសមធម៌ ដើម្បីប្រើប្រាស់ថវិកាបដិភាគដោយស្ម័គ្រចិត្តពីមាតាបិតាសិស្ស សម្រាប់គាំទ្រដល់ការបន្ថែមមុខវិជ្ជាថ្មីៗ, ការបង្កើតទំនាក់ទំនងល្អរវាងមាតាបិតាសិស្ស និងគ្រូបង្រៀន ដើម្បីផ្ដល់ព័ត៌មាន និងការអប់រំមាតាបិតាឱ្យផ្តល់តម្លៃបន្ថែមទៀត និងជួយគ្នាទៅវិញទៅមកអំពីការអប់រំសិស្សដល់ការអប់រំ និងលើកទឹកចិត្តពួកគាត់ឱ្យចូលរួមជាមួយការសិក្សារបស់កូនកាន់តែច្រើន។
ទី៨) បន្តអភិវឌ្ឍកុមារ និងយុវជន ឱ្យមានស្មារតីទទួលខុសត្រូវ មានជំនឿលើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម មានសីលធម៌ និងការរស់នៅក្នុងភាពជាពលរដ្ឋល្អ តាមរយៈការបំផុសចលនា «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ», កម្មវិធីយុវជនស្ម័គ្រចិត្ត, និង ការលើកទឹកចិត្តឱ្យយុវជនចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍, ព្រមទាំងបន្តបណ្តុះ បណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់យុវជន សំដៅឆ្លើយតបបានទៅនឹងឱកាស ការងារ និងភាពរឹងមាំនៃកោសិកាសង្គម។
ទី៩) បន្តលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និងសុខុមាលភាពល្អ, កាយសម្បទាមាំមួន,ឆន្ទៈមោះមុត, អំណត់ព្យាយាម, មានវិន័យ, មានស្មារតីក្រុម, គំនិតច្នៃប្រឌិត, និងមានការតស៊ូស្វិតស្វាញ។ ជាមួយនេះ ពង្រឹងការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា, ពង្រឹងយន្តការ ដែលមានស្រាប់រួមទាំងសហព័ន្ធកីឡា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្ដុះបណ្តាលធនធានមនុស្ស និងការលើកទឹកចិត្ត ដែលជាកត្តាចម្បងក្នុង ការបង្កើនប្រសិទ្ធភាព និងគុណភាពនៃការត្រៀមខ្លួនរបស់អត្តពលិក, និងការពង្រឹងគុណភាព នៃការប្រកួតគ្រប់កម្រិត។
ទី១០) បន្តការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ, ការកសាងគោលនយោបាយ និងផែនការអប់រំ, និងការរៀបចំផែនការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំ និងគ្រូបង្រៀន ឱ្យបានពេញលេញ និងមានភាពរស់រវើក និងប្រទាក់ក្រឡាគ្នា ដើម្បីធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ខ្ញុំមានសុទិដ្ឋិនិយមចំពោះសមិទ្ធផលរបស់អង្គសន្និបាត និងអនុសាសន៍សំខាន់ៗ ដែលខ្ញុំបាន លើកឡើងនាពេលនេះ ដែលនឹងក្លាយជាមូលដ្ឋាន និងជាធាតុចូលសម្រាប់យកទៅអនុវត្ត ក្នុងវិស័យ អប់រំកម្ពុជានៅឆ្នាំសិក្សាថ្មី និងឆ្នាំសិក្សាបន្តបន្ទាប់៕