ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា គុណភាពនៃធនធានមនុស្សគឺជាកត្តាកំណត់នៃគុណភាព និងសមត្ថភាពរបស់ប្រទេសរបស់យើងក្នុងការអភិវឌ្ឍប្រកួតប្រជែងដោយចីរភាព ដូចគ្នានេះដែរ គុណភាពនៃការអប់រំបណ្តុះបណ្តាលគឺជាកត្តាគន្លឹះនៃគុណភាពធនធានមនុស្ស ដូច្នេះយើងអាចនិយាយបានថា គុណភាពនៃការបណ្តុះបណ្តាលគឺជាកត្តាគន្លឹះមួយសំខាន់សម្រាប់ការធានាបានការប្រកួតប្រជែង និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គម្លាតនៃខួរក្បាល និងគម្លាតនៃសមត្ថភាពរបស់មនុស្សងាយស្រួលក្នុងការបិទបើសិនជាមានឱកាសបានទទួលនូវការអប់រំដែលមានគុណភាពដូចគ្នា ទោះជាចាប់ផ្តើមពីចំណុចខុសគ្នាលើកត្តាផ្សេងៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីកំណត់គុណភាពនៃការអប់រំបណ្តុះបណ្តាលបានយើងត្រូវមានចំណុចសំខាន់ ៤៖
ទី១-គុណភាព និងគុណវុឌ្ឍិនៃសាស្រ្តាចារ្យ ឬគ្រូបង្រៀន
ទី២-កម្មវិធីសិក្សា និងមេរៀន
ទី៣-ឧបករណ៍សម្ភារៈ ឬមធ្យោបាយក្នុងការបង្រៀន
ទី៤-វិធីសាស្រ្តបង្រៀន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «អញ្ជើញសម្ពោធបណ្តាញសាកលវិទ្យាល័យ សាយប័រ ដែលប្រារព្ធនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា» នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវចក្ខុវិស័យបុរេសកម្ម និងការច្នៃប្រឌិតនៅក្នុងវិស័យអប់រំ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានក្ដីរីករាយ និងមោទកភាព ចំពោះសមត្ថភាព របស់កូនខ្មែរ ដែលអាចផលិតបាននូវសម្ភារឧបករណ៍ប្រើប្រាស់ជាច្រើន ដូចប្រទេសរីកចម្រើននានា ដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថា៖ ការកសាងនូវធនធានមនុស្ស មិនអាចធ្វើតែមួយថ្ងៃបាននោះទេ ខណៈធនធានមនុស្សនេះ គឺជាកត្តាចាំបាច់បំផុត ក្នុងការអភិវឌ្ឍកម្ពុជាឲ្យ កាន់តែរីកចម្រើន ទៅមុខបន្ថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សាធាណជនទាំងអស់ សូមពង្រឹង សមត្ថភាពបន្ថែមលើបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយជាពលរដ្ឋឌីជីថលនៅក្នុងសង្គមទំនើបបច្ចុប្បន្ន៕