ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃពុធទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ ដែលរៀបចំនៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នីតិកាលរដ្ឋសភានេះ គឺរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូន អតីតយុទ្ធជនដោយបានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការជារឿយៗជាដើម។
-សម្តេចធិបតី ថ្លែងថា ការប្រារព្ធទិវានេះ ក្នុងស្មារតីសម្តែងការចងចាំជានិច្ចនូវគុណូបការៈ ដ៏ឧត្តុងឧត្តមរបស់វីរយុទ្ធជន, វីរយុទ្ធនារី, ប្រជាជន និង អ្នកស្នេហាជាតិ ដែលបានធ្វើមហាពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បី រំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពត និង បានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និង រីកចម្រើនរហូតដល់សព្វថ្ងៃ ។
-សម្តេចធិបតី ថ្លែងថា ជ័យជំនះ ៧ មករា បានសង្គ្រោះអាយុជីវិត, បានផ្តល់កំណើតទី ២ ដល់ប្រជាជនកម្ពុជា និង នាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង, ធ្វើឱ្យសង្គមជាតិកម្ពុជារស់ឡើងវិញ និង បានរួមវិភាគទានដ៏សំខាន់ ដល់ការកសាងសុខសន្តិភាព ស្ថិរភាព និង សណ្តាប់ធ្នាប់ សង្គម ជូនដល់មាតុភូមិកម្ពុជានៃយើង ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់អតីតយុទ្ធជនលើការងារសំខាន់ៗចំនួន៣ គឺ កិត្តិយស ជីវភាព និងឱកាស ដើម្បីតបស្នងទៅដល់អតីតយុទ្ធជនគ្រប់ជំនាន់។
-សម្តេចធិបតី ថ្លែងថា បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០៩០៣៤ នាក់ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៤៩០៥៣នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។
-សម្តេចធិបតី ថ្លែងជំរុញឲ្យមានការនឹករលឹកជាប្រចាំចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជា ដោយសម្តេច បានមានប្រសាសន៍ថា«បើចងចាំនូវ ប្រវត្តិសាស្រ្ត គប្បីត្រូវចងចាំអ្នកដែលបានចូលរួម»។
-សម្ដេចធិបតី ថ្លែងថា យើងមានមោទនភាពដែលយើងបានបង្កើតភូមិសន្តិភាព ដែលមានសុទ្ធតែអតីតយោធា នៃគ្រប់ភាគីជម្លោះ បានរស់នៅជាមួយគ្នាដោយសុខដុម។
-សម្ដេចធិបតី ថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែបន្តដឹកនាំប្រទេស គឺរាជរដ្ឋាភិបាលនៅតែបន្តគិតគូរ និងយកចិត្តទុកដាក់ចំពោះជីវភាព និងសុខភាពរបស់អតីតយុទ្ធជន។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបន្តគិតគូរលើការផ្ដល់ ឱកាសការរស់នៅរបស់អតីតយុទ្ធជន អាចចូលរួមនៅក្នុងសង្គម ចូលរួមផ្ទាល់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
-សម្តេចធិបតី ថ្លែងណែននាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ពេលប្រឡងជ្រើសរើសនាយ ទាហានពលទាហាន និងនគរបាលត្រូវផ្តល់អាទិភាពមុនគេ ដល់កូនៗរបស់អតីតនគរបាល ទាហាន ឬកងរាជអាវុធហត្ថ។
– សម្ដេចធិបតី ថ្លែងណែនាំដល់បណ្ដារាជធានី-ខេត្តឱ្យបន្តផ្ដល់ដីដើម្បីសមាគមអតីតយុទ្ធជនកម្ពុជា អាចកសាងស្នាក់ការរបស់ខ្លួននៅតាមមូលដ្ឋាន ខណៈទីតាំងសមាគមនេះ នឹងបន្តរក្សាទុកសម្រាប់អតីតយុទ្ធជនតជំនាន់។
-សម្តេចធិបតី ថ្លែងថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ យើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាបកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូលរហូតដល់សព្វថ្ងៃនេះ។
-សម្ដេចធិបតី ថ្លែងណែនាំដល់រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងការងារពាជាតិ ពិនិត្យមើលលើការផ្ដល់ឱកាសដល់ អតីតយុទ្ធជនដែលនៅមានកម្លាំង និងកូនចៅ អតីតយុទ្ធជនឱ្យបានចូលរៀនជំនាញវិជ្ជាជីវៈក្នុងគោលនយោបាយអាទិភាព ១,៥ លាននាក់។
-សម្តេចធិបតី ថ្លែងថា ពលិកម្មប្រកបដោយស្មារតី ស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និង ប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្របាន រួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី, ការកសាងសុខសន្តិភាព និង ស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និង ប្រជាជនកម្ពុជា។
-សម្តេចធិបតី ថ្លែងថា ក្រោយថ្ងៃរំដោះ ៧ មករា, កម្ពុជាត្រូវប្រឈមនឹងឧបសគ្គ និងការលំបាកជាច្រើនឥតគណនា ដែលជាផលវិបាកនៃសង្គ្រាម និង ទប់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍។ ក្នុងដំណាក់កាលនោះ រដ្ឋដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺដៃម្ខាងខិតខំស្ដារ សង្គម-សេដ្ឋកិច្ច និង ជីវភាពរបស់ប្រជាជនឡើងវិញ ពីបាតដៃទទេរ ហើយដៃម្ខាងទៀត, ត្រូវប្រយុទ្ធទប់ស្កាត់មិនឱ្យរបប ប៉ុលពត វិលត្រឡប់មកវិញ ក្នុងស្ថានភាព ដែលប្រទេសជាតិត្រូវបានហ៊ុំព័ទ្ធសេដ្ឋកិច្ច និងនយោបាយ ពីខាងក្រៅយ៉ាងអយុត្តិធម៌។
-សម្តេចធិបតី ថ្លែងថា ដោយសារសង្គ្រាមមិនមែនជាដំណោះស្រាយដ៏ប្រសើរនាំមកនូវសន្តិភាព និងការអភិវឌ្ឍនោះ, សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក និង ប្រតិបត្តិករនយោបាយ បានដាក់ចេញនយោបាយ ”ឈ្នះ-ឈ្នះ” នៅឆ្នាំ ១៩៩៨ ធ្វើឱ្យទឹកដីកម្ពុជាបានឯកភាពទាំងស្រុង, គ្រប់កម្លាំងប្រដាប់អាវុធ និង អតីតយុទ្ធជន ភាគីទាំងអស់ នៅក្នុងជម្លោះបានធ្វើសមាហរណកម្មមកក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ។
-សម្តេចធិបតី ថ្លែងថា ការធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មី និង ការគណនាស្រប តាមតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានចន្លោះឆ្នាំ ២០២០ ដល់ ២០២៣ ព្រមជាមួយនោះក៏បានដំឡើងរបបសន្តិសុខសង្គមប្រចាំខែ ដែលទាបជាង ឬ ស្មើ ៧៧ម៉ឺន ឱ្យដល់ ៨២ម៉ឺន ៥ពាន់រៀល ដែលបានអនុវត្តចាប់ពីខែ មេសា ឆ្នាំ២០២៤។ ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង ពិធីបុណ្យភ្ជុំ។
សូមជម្រាបជូនថា ការប្រារព្ធទិវានេះ ក្នុងគោលបំណងរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត។ ការប្រារព្ធទិវានេះ បង្ហាញឱ្យឃើញអំពីគុណូបការៈរបស់អតីតយុទ្ធជនក្នុងការលះបង់ ប្ដេជ្ញា និងមានឆន្ទៈមោះមុតក្នុងការស្នេហាជាតិមាតុភូមិ ការពារបូរណភាពទឹកដី កសាងសន្តិភាព និងស្ថិរភាពសង្គមសំដៅដល់ការធានា ឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕ដោយ៖ស តារា