ខេត្តស្ទឹងត្រែង÷ អភិបាលរងខេត្តស្ទឹងត្រែងលោក ធូ ចាន់ពៅ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៤ នាឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន ខេត្តស្ទឹងត្រែងបានរៀបចំពិធីដុតកម្ទេចគ្រឿង ញៀនចំនួន៧០២គីឡូក្រាម និង១៣៦,១៨ក្រាម តាមអំណាចសាលក្រម ក្នុងសំណុំរឿងព្រហ្មទណ្ឌ ។
អភិបាលរងខេត្តស្ទឹងត្រែងបានថ្លែងថា គ្រឿងញៀនទាំងជាង៧០០គីឡូក្រាមនេះបានមកពីការបង្រ្កាបទប់ស្កាត់ ការចរាចរណ៍ ចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿង ញៀនចំនួន ១៧ករណី ឃាត់ខ្លួនជនសង្ស័យសរុប៣៨ នាក់ ភេទប្រុស ក្នុងនោះ មានជនជាតិវៀតណាម១នាក់ និងជនជាតិថៃ៣នាក់ផងដែរ ។
គ្រឿងញៀនដែលត្រូវបានដុតកំទេចចោលនាក្នុងឱកាសនេះរួមមាន មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធសរុប៦០៣ គីឡូក្រាម និង៤៣១,០៣ក្រាម , គ្រឿងញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ ២០គីឡូក្រាម និង៩៩២,៥៧ក្រាម , កេតាមីនទម្ងន់៣១គីឡូក្រាម និង៩២៣,២ក្រាម , ម៉ិចស្តាស៊ី(MDMA)ទម្ងន់១១គីឡូក្រាមនិង៩៩១,៨៦ក្រាម រួមនិងសារធាតុញៀនមិនច្បាស់ទម្ងន់៣៧គីឡូក្រាម និង២១៧,៩២ក្រាម ។
អភិបាលរងខេត្តស្ទឹងត្រែងលោក ធូ ចាន់ពៅ បានបញ្ជាក់ថា ខេត្តស្ទឹងត្រែងគឺជាខេត្តគោលដៅនៃការឆ្លងកាត់ តាមច្រកទ្វារអន្តរជាតិច្រកតំបន់ព្រំដែន ប៉ុស្តិ៍ត្រួតពិនិត្យ ព្រំដែនទាំងផ្លូវទឹក និងផ្លូវគោកសំខាន់ៗ ហេតុដូចនេះសមត្ថកិច្ចបានពង្រឹងការអនុវត្តវិធានការច្បាប់ ដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់ សារធាតុគីមីផ្សំផលិតគ្រឿងញៀន និងទប់ស្កាត់លំហូរចូលគ្រឿងញៀនពី ប្រទេសជិតខាងផងដែរ៕