ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានប្រកាសផ្ទេរ និងប្រគល់ភារកិច្ចជូនមន្រ្ដីរាជការនៅមន្ទីរកសិកម្មរាជធានីភ្នំពេញចំនួន១២រូប ដើម្បីកំណែទម្រង់ស៊ីជម្រៅនៅថ្នាក់ក្រោមជាតិ ហើយកាផ្លាស់ប្ដូរនិងផ្ទេរភារកិច្ចនៅក្នុងជួរថ្នាក់ដឹកនំាមន្រ្ដីរាជការមួយចំនួននេះវាជារឿងធម្មតាសម្រាប់រដ្ឋបាលនៅថ្នាក់ក្រោមជាតិតែប៉ុណ្ណោះ ផ្ទុយទៅវិញវាអាចអនុវត្ដការងាររដ្ឋបាលនៅអង្គភាពនោះបានល្អទៀតផង ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ ការផ្ទេរនិងប្រគល់ភារកិច្ចជូនមន្ដ្រីរាជការមួយចំនួននេះមិនមែនតាមតែការនឹកឃើញនោះទេ គឺមានច្បាប់ទម្លាប់មានក្រឹត្យក្រម មានសេនាយោច្បាស់លាស់និយាយជារួមគឺមានច្បាប់បែបបទរដ្ឋបាលពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។ ហើយការផ្លាស់ប្ដូរតំណែងនេះជារឿងធម្មតាទេ អ្នកដែលចូលទៅកាន់ភារៈកិច្ចថ្មី វាត្រូវតែមានអ្នកចូលជំនួសធ្វើការថ្មីអញ្ជឹងហើយ ។
លោកបន្ដថា៖ រាជរដ្ឋាភិបាលកំពុងអនុវត្ដនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្ដចតុកោណតំណាក់កាលទី៣ ប្រកបដោយជោគជ័យ ដោយបានធ្វើការកំណែទម្រង់ថ្នាក់ជាតិមួយដ៏ទូលាយ និងស៊ីជម្រៅ ក្នុងនោះបានអនុវត្ដនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គឺការធ្វើប្រតិភូកម្មអំណាចមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងរបៀបរបបការងារនៅមូលដ្ឋានសំដៅធ្វើឲ្យមានតម្លាភាពគណនេយ្យភាព ក្នុងការផ្ដល់សេវាកាន់តែជិតនិងរហ័សជូនដល់ប្រជាពលរដ្ឋ ។
លោក ទឹម សារុធ ដែលទើបកាន់តំណែងជាអនុប្រធានមន្ទីរកសិកម្ម បានឡើងប្តេជ្ញាចិត្តយ៉ាងមុតមាំថា ៖ លោកនឹងខិតខំអនុវត្តការងារដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ និងប្រឹងប្រែងប្រើឲ្យអស់លទ្ធភាពនូវសក្តានុពលធ្វើឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើននិងខិតខំប្រែក្លាយអាណាចក្រនៃទឹកដីរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិសយ័ ។ លោកបន្ដថា៖ លោកនិងខិតខំបន្ដប្ដេជ្ញាគោរពនូវរាល់គោលការណ៍ចាត់តំាង និងដឹកនំារបស់ប្រមុខរាជរដ្ឋាភិបាល និងសាលាបរាជធានីភ្នំពេញឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជូន ពិសេសប្រតិបត្ដិឲ្យបានម៉ត់ចត់នូវការងារកសិកម្មដំាដុះដំណាំបន្លែបង្កាព្រោះថា វិស័យកសិកម្មជាថ្នាលផ្ដើមគំនិតនៃមុខរបរដល់កសិករ ។
លោក ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មក៏បានស្នើឲ្យមន្ដ្រីរាជការដែលទើបមកកាន់តំណែងថ្មីទំាង១២រូបនេះត្រូវបន្ដថែរក្សានិងការពារឲ្យបានគង់វង្សនូវរាល់សមិទ្ធផលនានា ដែលមន្ទីរបានកសាងឡើងពីមុនមកនិងក៏ដូចជាសមិទ្ធផលថ្មីបន្ថែមទៀត។
មន្ដ្រីរាជការត្រូវរួបរួមសាមគ្គីភាពគ្នាឲ្យបានល្អនិងត្រូវពង្រឹងទំនាក់ទំនងរវាងស្ថាប័នរដ្ឋនិងស្ថាប័នឯកជនពិសេស រវាងបុគ្គល បុគ្គលិក និងសហការីក្រោមឱវាទឲ្យបានល្អក្នុងភាពជាដៃគូ ការងារ រួមទំាងសង្គមស៊ីវិល និងអង្គការក្នុងនិងក្រៅទំាងអស់ដែលមានទីតំាងនៅរាជធានីភ្នំពេញ ពិសេសត្រូវបន្ដពង្រឹងសម្ព័ន្ធ មេត្រីភាពនិងសហប្រតិបត្ដិការអន្ដរជាតិជាមួយបណ្ដាសហគមន៍នានាបន្ដទៀតឲ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា៖ មន្រ្ដីរាជការនៅមន្ទីរកសិកម្មរាជធានីភ្នំពេញទំាង១២រូប ដែលត្រូវតែងតំាង ផ្ទេរភារកិច្ចជូនថ្ងៃនេះរួមមានមន្ដ្រី២រូបគឺលោក សួង វ៉ាន់ថេង, លោក ទឹម សាវុធ ជាអនុប្រធានមន្ទីរ, លោកយ៉ាន់ ពៅជាប្រធានការិយាល័យផលិកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម, លោកជេត ផល្លា ជាប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ,លោកឡាំមូលី ប្រធានការិយាល័យរដ្ឋបាលបុគ្គលិក ,លោក ហង់ សុខហៀង ប្រធានការិយាល័យនីតកម្មកសិកម្ម, លោកប្រាក់ សុម៉ាធី ជាប្រធានការិយាល័យកៅស៊ូ, លោក អ៊ុក ប៊ុណ្ណៈ ជាប្រធានការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម, លោក អែម សុភី ប្រធានការិយាល័យគ្រឿងយន្ដកសិកម្ម, លោក កៃ ដន អនុប្រធានការិយាល័យគ្រឿងយន្ដកសិកម្ម, លោក ប៉ុកវីរៈ ជាអនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិកនិងលោក សុខ សុខភាព ជាអនុប្រធានការិយាល័យកៅស៊ូ ៕
ដោយ៖ សំរិត