ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានី
ភ្នំពេញ នាររសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំងម្នាក និងបក្ខពួក ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចខាងមុខមណ្ឌលប្រល័យពូជសាសន៍ជើងឯក ផ្លូវបេតុង ក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤១០ និងមាត្រា ៤១១ កថាខណ្ឌ១ ចំណុច១ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើងមានគ្នាចំនួន០៣នាក់ ប្រដាប់ដោយដាវ កែច្នៃចំនួន០២ដើម បានធ្វើសកម្មភាពកាប់បំផ្លាញទៅលើម៉ូតូរបស់ជនរងគ្រោះម្នាក់បណ្តាលឱ្យខូចខាត បែកកុងទ័រ បែកចង្កៀងម៉ូតូខាងមុខ និងដាច់កន្ទុយផ្អាកលេខខាងក្រោយចំនួន ០១ គ្រឿង ក្រោយមកក៏មានកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវបានឃើញហេតុការណ៍នោះ ក៏ជួយអន្តរាគមន៍ឃាត់ ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឌី វ៉ាន់ដេត ហៅ ដេត រួមនឹងវត្ថុតាងដាវកែច្នៃប្រវែង៧៩សង់ទីម៉ែត្រចំនួន០១ដើម ។ លុះនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤និង០០នាទី សមត្ថកិច្ចក៏បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ទៀតឈ្មោះ ប៊ុន ចំរើន ហៅ ឆាង ភេទប្រុស ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ច បាននឹងកំពុងស្រាវជ្រាវបន្ត។ ចំពោះជនសង្ស័យឈ្មោះ ប៊ុន ចំរើន ហៅ ឆាង ជាអនីតិជន អាយុក្រោម១៤ឆ្នាំ សមត្ថកិច្ច បានឱ្យធ្វើកិច្ចសន្យាដោយមានអាណាព្យាបាលជាអ្នកធានា និងឱ្យវិលត្រឡប់ទៅផ្ទះវិញតាមនីតិវិធីច្បាប់ ។
បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ តហរូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕ ដោយ រ៉ារ៉ា