ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានឆន្ទៈនិងការប្តេជ្ញាមោះមុតក្នុងការបន្តអនុវត្តគោល នយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានដាក់ចេញ នូវយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងគោលបំណងលើកកម្ពស់ គាំពារ និងពង្រឹង សមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុង សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃ ការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។ ការបន្តកសាងនិងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកិច្ចការអាទិភាព
ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំពុះពារ និងសូមលើកទឹកចិត្តឱ្យគ្រប់សហគ្រាសនិងតួអង្គពាក់ព័ន្ធ ទាំងអស់ចូលរួមគាំទ្របេសកកម្មដ៏ពិសិដ្ឋនេះ។ ប្រព័ន្ធអេកូឡូស៊ីដែលមានភាពប្រទាក់ក្រឡាគ្នា គាំទ្រគ្នា ទៅវិញទៅមកប្រកបដោយសហថាមពល នឹងបង្កើតនូវទំនុកចិត្តនិងភាពទាក់ទាញដល់ការបង្កើននិង ការពង្រីកវិនិយោគបន្ថែម។ សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច តទៅអនាគត។ ហេតុដូចនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងពង្រីកការវិនិយោគសាធារណៈបន្ថែម លើហេដ្ឋារចនា សម្ព័ន្ធរូបវន្តចាំបាច់នានាដែលបម្រើដល់ការអភិវឌ្ឍនៃវិស័យ ក៏ដូចជាពង្រឹងយន្តការស្ថាប័ននិងការផ្តល់ សេវាសាធារណៈគ្រប់ប្រភេទប្រកបដោយនវានុវត្តន៍។ ក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុង បន្តខិតខំបង្កើនសមត្ថភាព និងកែលម្អសេវាសាធារណៈរបស់ខ្លួនឱ្យកាន់តែងាយស្រួល រហ័ស និងមាន ប្រសិទ្ធភាព ហើយត្រូវបន្តធ្វើយ៉ាងណាឱ្យការផ្តល់សេវា ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ធុរកិច្ច និង រួមចំណែកបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងឆាកតំបន់ និងអន្តរជាតិ។ ជាការពិត វិស័យឯកជន មានតួនាទីគន្លឹះក្នុងការទ្រទ្រង់និងពង្រឹងប្រព័ន្ធអេកូឡូស៊ី។ រាជរដ្ឋាភិបាល
សម្តេចធិបតី ហ៊ុន ម៉ាណែត សូមជំរុញនិងលើកទឹកចិត្ត ឱ្យវិស័យឯកជនបន្តរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាព វិនិយោគលើការពង្រឹងស្តង់ដារ និងគុណភាពនៃផលិតផល និងសេវាកម្មរបស់ខ្លួន បង្កើនផលិតភាពតាមរយៈការបន្តបណ្តុះបណ្តាល បុគ្គលិកនិយោជិតនិងផ្តល់នូវរបបសន្តិសុខសង្គម ក៏ដូចជាការចាប់យកបច្ចេកវិទ្យានិងទំនើបកម្មខ្សែច្រវាក់ ផលិតកម្ម សេវាកម្មរបស់ខ្លួន។ អនុលោមភាពនៃច្បាប់និងបទដ្ឋានគតិយុត្ត និងការកាន់បញ្ជីកាគណនេយ្យ គួរត្រូវបានលើកតម្កើងនិងចាត់ទុកជាការវិនិយោគដែលនឹងទទួលផលត្រលប់មកវិញ ចៀសជាងជាបន្ទុក នៃការធ្វើធុរកិច្ច។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះជាច្រើនរួមទាំងការអនុគ្រោះ ផ្នែកពន្ធដារ ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់ការបំពេញអនុលោមភាព ក្នុងគោលបំណងតែមួយគត់ គឺ ដើម្បីសហគ្រាសទាំងអស់មានលទ្ធភាពក្នុងការឈានទៅទទួលបាននូវការទទួលស្គាល់ មានទីផ្សារដែល មាននិរន្តរភាព និងទទួលបានការគាំទ្រហិរញ្ញប្បទាននិងសេវាហិរញ្ញវត្ថុនានាសម្រាប់ការពង្រីកសក្តានុពល របស់ខ្លួន។ កម្មវិធីអភិវឌ្ឍជំនាញ ក៏ជាអាទិភាពគន្លឹះមួយផងដែរ។
ការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមនេះ បានបង្ហាញពីសមិទ្ធផលដ៏ធំធេងរបស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមក ប្រកប ដោយស័ក្តិសិទ្ធភាព និងបរិយាបន្ន។ រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា សហគ្រាសទាំងអស់នឹងបន្ត ជះឥទ្ធិពលជាវិជ្ជមានបន្ថែមទៀតទៅថ្ងៃអនាគត និងសូមឱ្យប្រធានបទនៃទិវាជាតិលើកទី១នេះ ក្លាយជា ថាមពលនិងកម្លាំងចិត្តដ៏ខ្លាំងក្លា សម្រាប់រុញច្រានកិច្ចសហការ ការគាំទ្ររវាងគ្នា និងការជួយជ្រោមជ្រែង គ្នាទៅវិញទៅមករវាងតួអង្គទាំងអស់នៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ ក្នុងនាមរាជរដ្ឋាភិបាល និងថ្នាក់ ដឹកនាំនៃក្រសួងស្ថាប័នទាំងអស់ ខ្ញុំសូមគាំទ្រនូវសកម្មភាពនិងវិធានការទាំងឡាយណា ដែលនឹងពូនជ្រំ និងជ្រោមជ្រែងឱ្យវិស័យនេះឱ្យកាន់តែរីកចម្រើន ដើម្បីវិបុលភាពនៃប្រជាពលរដ្ឋយើងគ្រប់ៗរូប៕