សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការទូងស្គរ និងបាញ់កាំជ្រួចនៅថ្ងៃទី៥ ខែសីហាខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី៥ ខែសីហា ខាងមុខនៅពេលបើកការដ្ឋានព្រែកជីកហ្វូណនតេជោ សម្តេចអំពាវនាវឱ្យគ្រប់ទីវត្តអារាម និងកន្លែងផ្សេងៗទូងស្គរ និងធ្វើអ្វីៗគ្រប់បែបយ៉ាងរហូតដល់បាញ់កាំជ្រួចឡើងលើមេឃ ហើយយប់ថ្ងៃទី៥ ខែសីហា នឹងត្រូវបាញ់កាំជ្រួចបន្ថែមទៀតនៅទីកន្លែងដែលអាចធ្វើទៅបានដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តសម្រាប់ការអនុវត្តគម្រោងនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា គម្រោងនេះនឹងបង្កើតឱកាសសម្រាប់រាប់រយរាប់ពាន់រាប់ម៉ឺនឆ្នាំសម្រាប់កម្ពុជា ដើម្បីធានាថា កម្ពុជាអាចមានផ្លូវដឹកជញ្ជូនទៅកាន់សមុទ្រដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុង «ខួបលើកទី៧៣ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅវិមាន៧មករា» នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ៖ « គម្រោងព្រែកជីកហ្វូណនតេជោ គឺជួយរំដោះទឹកជំនន់ដែលសព្វថ្ងៃនេះលិចលង់ច្រើនណាស់នៅខេត្តតាកែវ ដូច្នេះទឹកអាចហូរចូលយើងធ្វើទ្វារទឹកចំនួន១៥ថែមទៀត ប្រឡាយដើម្បីអូសទឹកឱ្យចូលក្នុងព្រែកជីក ចង់ទុកក៏យើងបិទវាទៅបើច្រើនពេកបើកទ្វារឱ្យហូរចូលសមុទ្រទៅបើយើងមិនត្រូវការនៅរដូវវស្សា។ ផ្ទុយទៅវិញនៅរដូវប្រាំងយើងមានទឹករហូត អ៊ីចឹងយើងប្រើប្រាស់វិស័យកសិកម្មយើងមានការរីកចម្រើន យើងទប់ទឹកបានប្រជាពលរដ្ឋយើង១លាន៦សែននាក់ ដែលរស់នៅតាមដងព្រែក ១៨០គីឡូម៉ែត្រនេះលោកមានទឹកប្រើប្រាស់គ្រប់គ្រាន់។ យើងមានត្រី ដាក់ចិញ្ចឹមត្រីគ្រប់បែបយ៉ាងទាំង អស់ រាប់ពាន់តោន អ៊ីចឹងប្រជាពល រដ្ឋយើងនៅតាមនឹងមានជីវភាពធូរធារ។ ទេសចរណ៍យើងធ្វើដំណើរតាមផ្លូវទឹកពីភ្នំពេញទៅលេងនៅកែប ទេសចរណ៍ពីកែប កំពត ពីក្រុងព្រះសីហនុ មកលេងភ្នំពេញ តាមផ្លូវព្រែកជីក១៨០គីឡូម៉ែត្រនេះ មានតំបន់ពាណិជ្ជកម្ម មានភោជនីយដ្ឋាន មានតំបន់សេដ្ឋកិច្ចពិសេស អ៊ីចឹងថានេះផលចំណេញច្រើន ទៅលើការរៀបចំព្រែកជីករបស់យើងនេះ »។
សូមបញ្ជាក់ថា ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print