ភ្នំពេញ ៖ វិបត្តិរំលាយអាហារ (functional dyspepsia) គឺជាជំងឺមួយដែលជួបប្រទះញឹកញាប់ចំពោះប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។
វាជាជំងឺមួយដែលមានលក្ខណៈរ៉ាំរ៉ៃ ដែលអាចប៉ះពាល់ដល់ការងារ និងជីវភាពប្រចាំថ្ងៃរបស់អ្នកជំងឺ និងគ្រួសារ។
ក) មូលហេតុអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា៖
– ការប្រព្រឹត្តទៅមិនប្រក្រតីនៃចលនាការរំលាយអាហាររបស់ក្រពះ
– ការទទួលរំញោចលើសលប់ របស់ក្រពះ
– មេរោគក្រពះ (Helicobacter Pylori)
– កត្តាផ្លូវចិត្ត
ខ) រោគសញ្ញា៖
១- ជំងឺនេះស្តែងចេញជារោគសញ្ញា ៤ធំៗគឺ៖
– បរិភោគអាហារឆាប់ឆ្អែត
– តឹងណែនពោះក្រោយបរិភោគ
– ឈឺចុងដង្ហើម
– ក្រហាយចុងដង្ហើម
២- រោគសញ្ញាគ្រោះថ្នាក់រួមមាន៖
– ការលេចឡើងថ្មីៗនូវរោគសញ្ញាលើអ្នកដែលមានអាយុលើសពី ៤៥ឆ្នាំ
– ការស្រកទំងន់ដោយគ្មានមូលហេតុ
– ពិបាកលេប ឬលេបឈឺ
– ក្អួតមិនបាត់
– ស្លេកស្លាំង
– ស្ទាបប៉ះដុំនៅចុងដង្ហើម
– ប្រវត្តិគ្រួសារមានជំងឺមហារីក ក្រពះពោះវៀនផ្នែកខាងលើ
– បន្ទោបង់មានឈាម
– កើតលឿង
៣- ព្រមទាំងមានរោគសញ្ញាបន្ទាប់បន្សំដូចជា ក្អួតចង្អោរ ហើមពោះ ភើជាដើម ។ល។
គ) ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិច្ឆ័យពឹងផ្អែកទាំងស្រុងតាមរយៈការសាកសួរ ពីរោគសញ្ញានៃជំងឺផ្ទាល់ ហើយក៏អាចឈានទៅដល់ការមើលឈាមមួយចំនួន អេកូពោះ និងព្រមទាំងឈានទៅដល់ការឆ្លុះក្រពះ ក្នុងករណីជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ឬមានរោគសញ្ញាគ្រោះថ្នាក់ដែលសង្ស័យថាមានជំងឺផ្សេងៗដូចជា ជំងឺដំបៅក្រពះ មហារីកក្នុងបំពង់អាហារផ្នែកខាងក្រោម និងក្រពះ។
ឃ) ទាក់ទងទៅនឹងការព្យាបាល ជារួមមាន៖
– ក្នុងករណីមានមេរោគក្រពះ ត្រូវព្យាបាលបំបាត់មេរោគក្រពះជាមុនសិន
– ប្រើថ្នាំបន្សាបជាតិអាស៊ីត រយៈពេលណាមួយជាក់ច្បាស់ អាស្រ័យទៅតាមស្ថានភាពរបស់អ្នកជំងឺ
– ផ្តល់ប្រឹក្សា និងទំនុកចិត្តដល់អ្នកជំងឺ។
“ជំងឺវិបត្តិរំលាយអាហារ គឺជាជំងឺរ៉ាំរ៉ៃ ប្រសិនបើអ្នកជំងឺមិនទទួលបានការព្យាបាលអោយបានត្រឹមត្រូវទេនោះ វាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃព្រមទាំងមានការចំណាយច្រើន។ ដូច្នេះបើលោកអ្នកកើតមាននូវរាល់រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះ សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការព្យាបាលអោយបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។” នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕