ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះថា កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតបុ័ងតោកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួសក្បាលចំហៀងស្ដាំនិងកាប់ដាច់សរសៃកដៃឆ្វេងរបួសធ្ងន់)។
ប្រភពដដែលបន្តថា ជនសង្ស័យខាងលើនេះ បានធ្វេីសកម្មភាពប្រើកាំបិតបុ័ងតោកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួសក្បាលចំហៀងស្ដាំនិងកាប់ដាច់សរសៃកដៃឆ្វេងរបួសធ្ងន់ នៅចំណុចផ្ទះលេខ០៦១ ផ្លូវបេតុង ក្រុម២ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខហាងម៉ាសាយីហោ៥៥៥៥ មានទីតាំងផ្ទះលេខ៦ ផ្លូវលេខ៦១៨ ក្រុមទី១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២១:៥០នាទីយប់ ។
ជនសង្ស័យឈ្មោះ មាន សុខសាន្ត ហៅ បញ្ញា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សារពត៌មាន ស្នាក់នៅផ្ទះលេខ០៦១ ផ្លូវបេតុង ក្រុម២ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ ទេព កុសល់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨ ផ្លូវលេខ៦១៨ ក្រុមទី១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ របួសក្បាលចំហៀងខាងឆ្វេង និងដាច់សរសៃកដៃឆ្វេងរបួសធ្ងន់ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕ដោយ៖តារា