យោងតាមសារព័ត៌មាន Arabnews ទី 29 ខែមិថុនា លទ្ធផលបណ្តោះអាសន្នពីក្រសួងមហាផ្ទៃអ៊ុីរ៉ង់បានបង្ហាញថា ការបោះឆ្នោតជាង 14 លានត្រូវបានរាប់បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអុីរ៉ង់បានធ្វើឡើងនៅថ្ងៃទី 28 ខែមិថុនាដែលក្នុងនោះបេក្ខភាពមធ្យមត្រូវបានបោះឆ្នោតជ្រើសរើសជាគូប្រជែង Massoud Pezeshkian ទទួលបានការគាំទ្រជាង 5.9 លានសំឡេង ហើយអ្នកចរចានុយក្លេអ៊ែរ Saeed Jalili ទទួលបានជាង 5.5 លានសំឡេង។
អ្នកខាងក្នុងខ្លះបាននិយាយថា អត្រាអ្នកទៅបោះឆ្នោតមានប្រហែល 40% ទាបជាងការព្យាករណ៍របស់អាជ្ញាធរអុីរ៉ង់ ហើយការិយាល័យបោះឆ្នោតនៅទីក្រុង Tehran និងទីក្រុងមួយចំនួនទៀតមិនមានមនុស្សច្រើនដូចការរំពឹងទុកនោះទេ។
ប្រសិនបើគ្មានបេក្ខជនណាឈ្នះយ៉ាងហោចណាស់ 50% នៃការបោះឆ្នោត ការបោះឆ្នោតសម្រេចរវាងបេក្ខជននាំមុខទាំងពីរនឹងធ្វើឡើងនៅថ្ងៃសុក្រដំបូងបន្ទាប់ពីលទ្ធផលត្រូវបានប្រកាស។ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់ប្រទេសអុីរ៉ង់បានរាយការណ៍ថា “ផ្អែកលើរបាយការណ៍ដែលមិនបានបញ្ជាក់ ការបោះឆ្នោតទំនងជានឹងឈានទៅដល់ជុំទីពីរ ដែលបេក្ខជន Jalili និង Pezeshkian នឹងប្រកួតប្រជែងក្នុងជុំទីពីរ” ។
ការបោះឆ្នោតនេះកើតឡើងចំពេលដែលភាពតានតឹងក្នុងតំបន់កើនឡើងដោយសារតែសង្គ្រាមរវាងអុីស្រាអែល នឹងសម្ព័ន្ធមិត្តរបស់អុីរ៉ង់ Hamas នៅតំបន់ Gaza និង Hezbollah ក្នុងប្រទេសលីបង់ ក៏ដូចជាការកើនឡើងសម្ពាធពីលោកខាងលិចជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។
ទោះបីជាការបោះឆ្នោតទំនងជាមិននាំមកនូវការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយក៏ដោយ ក៏លទ្ធផលរបស់វាអាចប៉ះពាល់ដល់ការបន្តតំណែងរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei អាយុ 85 ឆ្នាំ ដែលបានកាន់អំណាចតាំងពីឆ្នាំ 1989 ៕ ដោយធីរីណា