ខេត្តកណ្ដាល៖ កុមារាជាសិស្សសាលាម្នាក់ ខណៈត្រឡប់មកពីសាលារៀនវិញ បានចុះងូតទឹកទន្លេ តែអនិច្ចាបានស្លាប់បាត់បង់ជីវិតយ៉ាងអាសូរ នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
នៅចំណុចមាត់ច្រាំងទន្លេបាសាក់ ភូមិស្វាយតានី ឃុំ ព្រែកគយស្រុក ស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា កុមាររងគ្រោះឈ្មោះ ហ៊ីង ម៉េងហ៊ ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្សថ្នាក់៣ថ្មីនៃ សាលាបឋមសិក្សាស្វាយតានី ឃុំព្រែកគយ។
ប្រៈពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កុមាររងគ្រោះព្រមទាំងមិត្តភក្តិ៤នាក់ទៀតបានចេញពីរៀនមុនម៉ោង ដោយគ្រូជាប់រវល់នៅសាលាបឋមសិក្សាហ៊ុនសែនស្វាយតានី។ ពេលនោះជនរងគ្រោះនិងមិត្តភក្តិបានជិះកង់តាមផ្លូវបេតុងតាមច្រាំងទន្លេ មកដល់ចំណុចកើតហេតុខាងលើ កុមាររងគ្រោះ និងមិត្តភក្តិ ក៏នាំគ្នាចុះងូតទឹក ដែលជាកន្លែងដែលតែពួកគេធ្លាប់ងូតលេងជារៀងរាល់ថ្ងៃ។ ពេលនោះជនរងគ្រោះក៏បានលោតទឹកចូលទៅក្នុងទឹកទន្លេដោយមានស្លៀកខោកាប៊យ ទើបជនរងគ្រោះមិនអាចហែលទឹករួច ក៏បណ្ដាលឲ្យលិចចូលទៅក្នុងទឹកបាត់ទៅ។ពេលនោះមិត្តភក្តិក៏បានជិះកង់រត់ទៅប្រាប់ឪពុកម្ដាយដែលនៅភូមិឃុំខាងលើឲ្យមកជួយ ដោយចម្ងាយឆ្ងាយពីកន្លែងកើតហេតុទើបមិនអាចសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលាបណ្តាលឲ្យស្លាប់តែម្តង។
បន្ទាប់ពីទទួលបានព័ត៍មានខាងលើ នគរបាលជំនាញស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍ ចុះដល់កន្លែងកន្លែងកើតហេតុ និងធ្វើការពិនិត្យសាកសពកុមាររងគ្រោះ ដោយឃើញថា កុមាររងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ សាកសពកុមាររងគ្រោះ ត្រូវបាននគរបាលជំនាញ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ ស្អាងជ័យ