មហាអំណាចទាស់សម្ដីគ្នា នៅក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញសំណុំរឿងកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បានទាស់សម្ដីគ្នាជាមួយរុស្ស៉ី នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនា ជុំវិញការចោទប្រកាន់ថា មូស្គូបានបំពានលើបម្រាមអាវុធប្រឆាំងនឹងកូរ៉េខាងជើង ដោយបានប្រើមីស៊ីល និងគ្រាប់រំសេវដែលទទួលបានពីទីក្រុងព្យុងយ៉ាង នៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។

ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក Vassily Nebenzia បានច្រានចោលការចោទប្រកាន់ដែលលោកហៅថាជារឿងមិនពិតទាល់តែសោះ។ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN កើតមានឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលមានកំណត់ពីការផ្ដល់ជំនួយ យោធាឱ្យគ្នា ក្នុងករណីដែលភាគីម្ខាងណារងការឈ្លានពាន។
ចំណែកសហរដ្ឋអាមេរិកវិញក៏បានដំឡើងសំឡេងរិះគន់ចិនផងដែរ ដោយនិយាយថា ប៉េកាំងគួរតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយកូរ៉េខាងជើង និងរុស្ស៉ី ដើម្បីការពារស្ថិរភាព និងសន្តិសុខសកល និងបញ្ចប់កិច្ចសហប្រតិបត្តិការយោធាដ៏មានគ្រោះថ្នាក់រវាងប្រទេសទាំង២។ «ខ្ញុំសូមអំពាវនាវទៅកាន់សហសេវិកចិនរបស់ខ្ញុំ ឱ្យយល់ថាប្រសិនបើស្ថានការណ៍នៅលើឧបទ្វីបកូរ៉េបន្តស្ថិតក្នុងទិសដៅសព្វថ្ងៃ នោះសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តប្រាកដជានឹងចាត់វិធានការដើម្បីការពារសន្តិសុខរបស់ពួកគេ»។ នេះជាការគូសបញ្ជាក់របស់ឯកអគ្គរដ្ឋទូតរងអាមេរិក ប្រចាំ UN លោក Robert Wood ដោយមិនបានលម្អិតអ្វីបន្ថែមឡើយ។ ក៏ប៉ុន្តែ ចិនបានចា្រនចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាខ្លួនកំពុងលើកទឹកចិត្តកូរ៉េខាងជើង តាមរយៈការនៅស្ងៀមមិនថ្កោលទោសរុស្ស៉ី។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតរងចិនប្រចាំ UN លោក Geng Shuang បាននិយាយថា «ស្ថានការណ៍នៅលើឧបទ្វីបកូរ៉េបន្តស្ថិតក្នុងភាពតានតឹង ហើយស្ថានការណ៍បែបនេះកើតឡើង ដោយរបៀបណា?»។ លោកបន្តថាសហរដ្ឋអាមេរិកគួរតែឆ្លុះកញ្ចក់មើលពីសកម្មភាពរបស់ខ្លួន ជាជាងដើរទម្លាក់កំហុសលើអ្នកដទៃ និងគេចវេសពីការទទួលខុសត្រូវរបស់ខ្លួន»។
នៅឯក្រុមប្រឹក្សាសន្តិសុខ UN ចិន និងរុស្ស៉ី បានរួមគ្នាចោទប្រកាន់ថាការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជាមូលហេតុបង្ករឿងជាមួយ ទីក្រុងព្យុងយ៉ាង ខណៈទីក្រុងវ៉ាស៊ីនតោនបានចោទប៉េកាំង និងមូស្គូ ថាកំពុងលើកទឹកចិត្តកូរ៉េខាងជើង ដោយធ្វើជាខែលការពារព្យុងយ៉ាងពីទណ្ឌកម្មបន្ថែមរបស់ UN៕ ដោយធីរីណា

...

រូប​ថត​: UN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print