Update ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលជួបសំណេះសំណាល និងពិសារ អាហារសាមគ្គីលក្ខណ:គ្រួសារ ជាមួយគូស្វាមី-ភរិយា ដែលរៀបអាពាហ៍ពិពាហ៍រួមថ្ងៃតែមួយ ជាមួយសម្តេចក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលជួបសំណេះសំណាល និងពិសារ អាហារសាមគ្គីលក្ខណ:គ្រួសារ  ជាមួយគូស្វាមី-ភរិយា ដែលរៀបអាពាហ៍ពិពាហ៍រួមថ្ងៃតែមួយ ជាមួយសម្តេចក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

 សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំរោង  ឆស័កព.ស ២៥៦៨  ត្រូវនឹងថ្ងៃទី ៣០  ខែមិថុនា ឆ្នាំ២០២៤  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  បានរៀបចំពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាលក្ខណ:គ្រួសារ ជាមួយ លោក  លោកស្រី ជាគូស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍រួមគ្នាក្នុងពេលតែមួយ ជាមួយ សម្តេច ដែលមានវត្តមានចូលរួមពីគូស្វាមី-ភរិយា  ដែលនៅមានជីវិតទាំងគូចំនួន ៣គ្រួសារ អ្នកជាស្ត្រី មេម៉ាយ ចំនួន៤គ្រួសារ  និងអ្នក ពោះម៉ាយ  ចំនួន១គ្រួសារ់ដែលពិធីនេះបានប្រព្រឹត្តិទៅនៅភូមិគ្រឹះ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សូមបញ្ជាក់ថាគូស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍ដំណាលគ្នាជាមួយ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងរបបខ្មែក្រហម នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ មានចំនួន ១៣គូរាប់ទាំងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្នុងនោះគូទី១គឺ ស.ម  អ៊ាន សុផល និងស.ម នារី ឆាង ញ៉ គូទី២គឺ ស.ម ចាន់  សេង និង ស.ម នារី ម៉ម ខំ គូនេះ(ស្វាមីស្លាប់) គូទី ៣គឺ ស.ម ស៊ីន  ហុង និងស.ម នារី  អ៊ុន  ស៊ឺម  គូទី៤គឺ ស.ម រ៉ាយ  បឿន និងស.ម នារី  យឿន គូនេះ(ស្វាមីស្លាប់) គូទី៥គឺ ស.ម វ៉ា សំ អឿន និងស.ម នារី ញឹម ណាន  គូនេះ(ស្វាមីស្លាប់) គូទី៦ ស.ម ញៀត ផល្លា និង ស.ម នារី រស់ រ៉ន  គូនេះ(ស្វាមីស្លាប់) គូទី៧គឺ ស.ម  ស៊ីន និងស.ម នារី  វ៉ាន្នី គូនេះ(ស្វាមីស្លាប់) គូទី៨ គឺ ស.ម  យ៉ាំ  សែម និងស.ម នារី ប៊ុន  ថុល  គូទី៩គឺស.ម ច្រឹក  សុវណ្ណ និងស.ម នារី ណាត គូនេះ(ស្លាប់ទាំងស្វាមីនិងភរិយា) គូទី១០ គឺ ស.ម សួន គា និងស.ម នារី ម៉ី សេក គូនេះបែកគ្នា  ហើយ(ស្វាមីស្លាប់) គូទី១១ គឺ ស.ម  ឈួន សា គំ និងស.ម នារី សែត គូនេះ( ភរិយា ស្លាប់)  គូទី១២ គឺ ស.ម ហែម និង ស.មនារី វណ្ណា គូនេះ(ស្លាប់ទាំងស្វាមីនិងភរិយា) និងគូទី១៣ សម  ហ៊ុន  បូ ណាល់ និងស.ម នារី ភី  បច្ចុប្បន្ន គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុ ន រ៉ានី ហ៊ុន សែន។

គួររម្លឹកថាគិតមកដល់ឆ្នាំ ២០២៤នេះ  ចំណងអាពាហ៍ ពិពាហ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  គឺមានរយ:ពេល៤៨ឆ្នាំហើយ។ អាពាហ៍ពិពាហ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលរៀបចំឡើង ដោយខ្មែរក្រហម នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ជាមួយ គូស្រករ ១២គូ ផ្សេងទៀត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ជាអាពាហ៍ពិពាហ៍ ដ៏សែនសោះកក្រោះគ្មានឡើយ សម្លៀកបំពាក់ ប្រពៃណី, គ្មានឡើយ ភ្លេងបាយខុនចងដៃ, គ្មានឡើយ ភ្លេងព្រះថោង តោងស្បៃ,គ្មានការ អញ្ជើញចូលរួម ពីសាច់ញាតិ ហើយក៏គ្មានការអញ្ជើញចូលរួម អបអរសាទរពីមិត្តភក្តិនោះដែរ ពោលឈុត អាពាហ៍ ពិពាហ៍ មានតែអាវខ្មៅ និងមានតែ អង្គការប៉ុណ្ណោះ ធ្វើជាសក្សី នៃអាពាហ៍ពិពាហ៍នេះ។ ក្រោយ អាពាហ៍ពិពាហ៍គ្មានឡើយ រាត្រីទឹកឃ្មុំ ឬ ក៏ដំណើរកម្សាន្ត ទៅកាន់តំបន់កម្សាន្តនានា ដូចពេលបច្ចុប្បន្ន។ ក្រោយការរៀបការ គ្មានការជួបជុំពិសារភោជនាហារនោះឡើយ រយៈពេលប្រមាណ២៨ម៉ោង ក្រោយរៀបការទើបគូស្នេហ៍មួយគូនេះបានអាហារពេលល្ងាចជាអាហារដែលរៀបចំឡើងដោយប្រជាពលរដ្ឋ។ រាត្រីទឹកឃ្មុំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងនៅលើផ្ទះ ប្រជាពលរដ្ឋមួយ ក្នុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ក្នុងអំឡុងពេលត្រឡប់ពីកន្លែងអាពាហ៍ពិពាហ៍ទៅកាន់មូលដ្ឋានរបស់សម្តេចវិញ។ចំណងអាពាហ៍ពិពាហ៍របស់ សម្តេចទាំងទ្វេ បានបន្សល់ទុកនូវការឈឺចាប់ ជាងអ្វីៗបំផុតនោះ គឺការ បាត់បង់កូនប្រុសដំបូង ព្រោះតែការធ្វេសប្រហែស របស់ឆ្មបខ្មែរក្រហម និងត្រូវព្រាត់ភរិយា ទាំងកូនក្នុងផ្ទៃ ដើម្បីចេញតស៊ូរំដោះជាតិ  ,ការរស់នៅលាក់ប្រវត្តិគ្រប់ទីកន្លែង ទាំងកូនក្នុងផ្ទៃ និងការវិលជួបវិញ កូនមិនស្គាល់ឪពុកសុទ្ធតែជាប្រវត្តិ ឈឺចាប់បំផុត និងមិនអាចបំភ្លេចបាន នៅក្នុងជីវិតសម្តេច តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបប្រៀបបីដូចក្រោមស្បៃអន្ធការ។ ពិតណាស់ថា ជីវិតស្វាមី-ភរិយារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺលំបាកខ្លាំងណាស់ ដោយសារតែជីវិតគូនេះ បានចាប់កំណើតឡើងក្នុងគ្រាប្រទេសជាតិ មានកលិយុគ និងវិបត្តិនៃភ្លើងសង្គ្រាម។ តែជីវិតស្វាមី-ភរិយារបស់សម្តេច និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្សារភ្ជាប់ជានិច្ច ជាមួយព្រឹត្តិការណ៍របស់ជាតិ ក្នុងដំណាក់កាលដ៏សែនលំបាកបង្កឡើងដោយសង្គ្រាម និងនាំប្រទេសមករកសុខសន្តិភាពនិងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។

ក្នុងជំនួបសំណេះសំណាល និងពិសារអាហាសាមគ្គី ជាលក្ខណ:គ្រួសារនេះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  បានសម្តែងនូវសេចក្តីរីករាយដែលមានឱកាសបានជួប ក្រុមគ្រួសារ ស្វាមី-ភរិយា  រួមថ្ងៃអាពាហ៍ពិពាហ៍ ទាំងអស់  ព្រមទាំងបានរំឭកពីប្រវត្តិ ជូរចត់ នៃអាពាហ៍ពិពាហ៍ និងការរស់នៅដោយភាពភ័យខ្លាច រកអ្វីប្រៀបផ្ទឹមពុំបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ។ក្នុងឱកាស ដ៏វិសេសវិសាលនេះដែរ  សម្តេចតេជោ  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  បានឧបត្ថមដល់ គូស្វាមី-ភរិយា ចំនួន៨គ្រួសារដែល បានអញ្ជើញមកចូលរួមក្នុងពិធីនេះ ក្នុង១គ្រួសារៗទទួលបានថវិកា ចំនួន២០លានរៀល ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ បានប្រកាសថា  ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ តទៅសម្តេច នឹងឧបត្ថមជាប្រចាំខែ ដល់គ្រួសារនីមួយៗ ខាងលើនេះ ក្នុង១ខែថវិកា ១លានរៀល សម្រាប់ ជួយសម្រាលបន្ទុកគ្រួសារ។ ដោយឡែក សម្រាប់ កូន និងចៅ គ្រួសារ ទាំង១២គូ ដែលបានរៀប អាពាហ៍ ពិពាហ៍ក្នុងថ្ងៃតែមួយជាមួយសម្តេចក្នុងរបបខ្មែរក្រហមនេះសម្តេចសន្យានិងជួយពួកគេឲ្យទទួលបានការសិក្សាដ៏សមរម្យមួយ ពោលគឺ អ្នកដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្តេច នឹងផ្តល់ អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រ។ដោយឡែក សម្រាប់អ្នកប្រឡងធ្លាក់  សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្តេចនិងផ្តល់អាហារូបករណ៍ឱ្យសិក្សាថ្នាក់បរិញ្ញាបត្ររងតាមជំនាញផ្សេងៗ។ ពិធីដ៏កម្រនេះបានបញ្ចប់ក្រោមបរិយាកាសរីករាយរាក់ទាក់និងស្និតស្នាលជាលក្ខណ:គ្រួសារយ៉ាងកក់ក្តៅជាទីបំផុត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print