ខេត្តស្វាយរៀង៖ ជនសង្ស័យ៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀងពាក់ព័ន្ធករណីជួញដូរ រក្សាទុក ប្រើប្រាស់ និងកែច្នៃគ្រឿងញៀនខុសច្បាប់ នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ ដែលប្រតិបត្តិការធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ក្រោមការសម្របសម្រួលពី លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត។
លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានអះអាងថា ប្រតិបត្តិការនេះកម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យជនជាតិវៀតណាមចំនួន៥នាក់ (ស្រីម្នាក់)។ ចាប់យកវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់១៣៥៦,៥១ក្រាម, ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់២៥៤,៥៩ក្រាម, ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់២២,៦២ក្រាម សរុបសារធាតុញៀនទម្ងន់ ១៧៦១,៧១ ក្រាម។
ក្រៅពីនេះក៏មានសារធាតុមិនច្បាស់ទម្ងន់ ២២៦៧,៤៩មក្រាម, ម្សៅកញ្ចប់ម៉ាក Extrajoss ចំនួន៨ប្រអប់, ទឹកថ្នាំម៉ាក Lyyfeeling ១០ដប, ទឹកថ្នាំដបពណ៌ទឹកដោះគោ ៦ដប, ម្សៅម៉ត់ពណ៌សម៉ាក Clearama ទម្ងន់២៥គីឡូក្រាម, ទឹកអាល់កុល ២៥លីត្រ, ជញ្ជីងថ្លឺងថ្នាំញៀន ៣គ្រឿង, ម៉ាសុីនអ៊ុតមាត់ថង់ ៤គ្រឿង, ម៉ាសុីនក្រឡុក៣គ្រឿង, ម្សៅល្មៀត ១ដប, ទូរស័ព្ទដៃ៨គ្រឿង, រថយន្ត១គ្រឿង, ម៉ូតូ១គ្រឿង, លិខិតឆ្លងដែន៣ក្បាល ព្រមទាំងឧបករណ៍កែច្នៃ សម្ភារវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕ ដោយសុថាន