ខេត្តកំពង់ចាម ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ព្រមទាំងលែងត្រី ១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ឆ្នាំ២០២៤នេះ ក្រសួងកសិកម្មរៀបចំទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងនោះត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១.៥លានក្បាល ដូចជាត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយ។ល។ នឹងត្រូវលែង ចូលទៅក្នុងបឹងនេះ។
បឹងធំនេះមានទំហំ និងជម្រៅសមស្របដែលអាចរក្សាទឹកនៅរដូវប្រាំង មានតួនាទីផ្តល់ជាប្រភពទឹកដ៏សំខាន់សម្រាប់ ការធ្វើ កសិកម្ម រក្សាទុកត្រីមេពូជសម្រាប់បន្តពូជ និងផ្តល់ប្រភពស្បៀងអាហារជាមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋក្នុង តំបន់នេះ ជាពិសេសសហគមន៍នេសាទទាំង៤ (សហគមន៍វិហារធំ សហគមន៍សាមគ្គីឃុំមៀន សហគមន៍បឹង ក្បាលក្រពើ និងសហគមន៍រកាគយ) ដែលមានប្រជានេសាទចំនួន ១,៧៦៥នាក់ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ ផ្សេងទៀតដែលពឹងពាក់លើផលនេសាទសម្រាប់ជាអាហារមូលដ្ឋានប្រចាំថ្ងៃ។
បឹងនេះមានទំហំ ១,៥០៧ហិកតា នៅរដូវប្រាំង និង ១,៩២៤ហិកតា នៅរដូវវស្សា និងទទួលរបបទឹកពីទន្លេមេគង្គ តាមព្រែកភូមិថ្មី និងព្រែកពាមជីកង។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០៣មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងតែប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ដើម្បីផ្សព្វផ្សាយទិវាមច្ឆជាតិ ១ កក្កដា និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធន ធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជ ក្នុងស្រុក ប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ ៕