នាយឧត្តមសេនីយ៍ ស ថេត ៖ ការបង្ក្រាបបទល្មើសគ្រឿងញៀន ពោលជារឿងស្នួលរបស់សង្គមជាតិ ត្រូវមានភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យដល់ឬសគល់

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកថា ការបង្ក្រាបបទល្មើសគ្រឿងញៀន មិនមែនជាការងារផ្តាច់មុខរបស់ក្រសួងស្ថាប័ន និងតួអង្គណាម្នាក់នោះឡើយ ពោលជារឿងស្នួលរបស់សង្គមជាតិ ដែលភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យដល់ឬសគល់។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា «បទល្មើសគ្រឿងញៀន មិនមែនជាការងារតែមួយរបស់នគរបាល ឬអាវុធហត្ថនោះទេ តែជាការងាររួមរបស់យើងទាំងអស់គ្នា ដើម្បីចូលរួមបង្ក្រាប ហើយបទល្មើសមួយនេះ វាមិនទើបតែកើតឡើង នៅពេលនេះទេ គឺបានកើតឡើងមានយូរហើយ តែអ្វីដែលសំខាន់ និងទិសដៅបន្តនោះ យើងទាំងអស់គ្នាត្រូវតែសហការ និងពួតដៃគ្នាបង្ក្រាបឲ្យមានប្រសិទ្ធភាព»។

នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏បានលើកឡើងពីស្នាដៃរបស់កងកម្លាំងនគរបាលទាំងថ្នាក់ជាតិ និងតាមរាជធានី-ខេត្ត ដែលបានបង្ក្រាប និងរឹបអូសគ្រឿងញៀនជាបន្តបន្ទាប់ ហើយនិងកំពុងបន្តការងារនេះ កាន់តែក្តៅគគុកមិនដកថយនោះទេ។

យើងទាំងអស់គ្នា សូមនិយាយថា «ទេ» ចំពោះគ្រឿងញៀន , ចូលរួមលុបបំបាត់គ្រឿងញៀន, ការសេពគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម, ត្រូវចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន, រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន។
សូមបញ្ជាក់ថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ បានចេញបទបញ្ជាមួយ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្តេចធិបតី ផ្តល់អនុសាសន៍ថា ៖ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖
១៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
២៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
៣៖ ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោម តាមច្បាប់និងបទប្បញ្ញត្តិជាធរមានឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print