ខេត្តសៀមរាប៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី១ ខែ កក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នៅវិទ្យាស្ថានពហុបច្ចេកបទេសអង្គរក្នុងខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណជាង ៦០០នាក់។
លោក ហេង សួរ បានរំលឹកពីប្រវត្តិនៃការផ្តួចផ្តើមគំនិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រកាសដាក់ចេញនូវកម្មវិធី«ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ»តាំងពីខែកក្កដា ឆ្នាំ២០២៣ ដែលបានក្លាយជាការងារអាទិភាពសំខាន់ចំនួន២ ក្នុង ចំណោមការងារ អាទិភាពចំនួន ៦ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណតិ្តទី៧ ក្នុងគោលបំណងលើក កម្ពស់ សុខុមាលភាពប្រជាជន បង្កើនឱកាសទទួលបានការបណ្តុះបណ្តាលជំនាញ និងជាយុទ្ធសាស្រ្តគន្លឹះ ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាជន។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីដំណាក់កាលនៃការអនុវត្តជាបន្តបន្ទាប់របបសន្តិសុខសង្គម (១). ផ្នែកហានិភ័យការងារនៅឆ្នាំ២០០៨, (២).ផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៦, និង (៣).ផ្នែកប្រាក់សោធនកាលពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ ជាក់ស្ដែង របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់វិស័យឯកជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០០៨ និងពង្រីកដល់មន្ត្រីសាធារណៈ នៅឆ្នាំ២០២១, ផ្នែកថែទាំសុខភាពចាប់ផ្តើមសម្រាប់វិស័យឯកជននៅឆ្នាំ២០១៦ និងពង្រីកដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន នៅឆ្នាំ២០១៨, និងផ្នែកប្រាក់សោធនត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។
បន្ថែមពីនេះ នៅឆ្នាំ២០២៣ កន្លងមកនេះ ក្រសួងបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលមានវិសាលភាពអនុវត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. រួមមាន សហព័ទ្ធ និងកូនក្នុងបន្ទុកដែលត្រូវកំណត់ឱ្យបង់ភាគទានចំនួន១៥ ៦០០រៀល, អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ជាបន្ទុកថវិការបស់រដ្ឋលើការចំណាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពរបស់មន្ត្រីសាធារណៈ។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានអំពាវនាវឱ្យមន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងអតីតមន្ត្រីរាជ ការ និងអតីតយុទ្ធជន គួរនាំយកក្រុមគ្រួសារក្នុងបន្ទុកឱ្យចុះឈ្មោះដើម្បីទទួលបានកិច្ចគាំពារពីរាជរដ្ឋាភិបាល។
ដោយឡែកចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសលោមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៅដល់អង្គពិធីអំពីអត្ថប្រយោជន៍នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលរាជរដ្ឋាភិបាលបានគិតគូរដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យមានចំណេះដឹង ចំណេះធ្វើ និងទទួលបាន ការងារសមរម្យដែលក្រសួងការងារធានាឱកាសការងារក្រោយការសិក្សា ឬក៏អាចបង្កើតការងារដោយ ខ្លួនឯងដោយទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលក្នុង១ ខែ។ ដោយឡែកយុវជនទូទៅនិងបុគ្គលិកនៃរោងចក្រសហគ្រាសក៏អាចទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃថែមទៀតផងជាមួយនឹងវេនសិក្សាដែលមានភាពបត់បែនរហូតដល់៧ជម្រើស។
យ៉ាងណាក៏ដោយដើម្បីឱ្យកម្មវិធីថ្នាក់ជាតិទាំងពីរទទួលបានជោគជ័យលោករដ្ឋមន្ត្រីស្នើសុំឱ្យអង្គពិធីដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃរដ្ឋបាលខេត្តសៀម រាប និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជួយជំរុញការផ្សព្វផ្សាយកម្មវិធីទាំងពីរនេះ ដល់ប្រជាពលរដ្ឋ,មន្ត្រីរាជ ការ អាជីវករ និងបងប្អូនដែលប្រកបរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍លើការថែទាំសុខ ភាព និងការបង្កើតជំនាញមួយពិតប្រាកដសម្រាប់ការចិញ្ចឹមជីវិតនិងក្រុមគ្រួសារទៅអនាគតដែលជាសេចក្តីប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូពីប្រជាពលរដ្ឋជានិច្ច៕