ភ្នំពេញ ៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើមឡើងដោយលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានកំណត់យកកាលបរិច្ឆេទចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី១ និងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ គិតដល់ថ្ងៃនេះ បញ្ចប់២ថ្ងៃហើយ ។
ដ្បិតតែយុទ្ធនាការនេះ កំណត់យកកាលបរិច្ឆេទចាប់ផ្ដើមជាផ្លូវការ ចាប់ពីថ្ងៃទីទី០១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសអំពាវនៅលើគណនីហ្វេសប៊ុកផ្លាល់ខ្លួនឱ្យសប្បុរសជនចូលរួមបរិច្ចាគ តាំងតែពីថ្ងៃទី២៨ ខែឧសភា ហើយមានអ្នកចូលរួមបរិច្ចាគភ្លាមៗតែម្ដង ដោយមិនចាំដល់ថ្ងៃកំណត់ផ្លូវការឡើយ។
ជាមួយនឹងលទ្ធផលគួរជាទីមោទនៈនេះ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃចាប់ផ្ដើម រហូតដល់ថ្ងៃបញ្ចប់ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ទទួលបានការចូលរួមគាំទ្រពីសប្បុរសជនជាង ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាមេរិកចំនួនជាង ៣,៣លានដុល្លារ។
នាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជារូបនេះ ក៏ប្រៀបធៀបថា ចំនួននេះ បើធៀបទៅនឹងកាលពីឆ្នាំមុន គឺមានការកើនឡើងគួរឱ្យកត់សម្គាល់។ ការកើនឡើងនេះ ព្រោះតែទទួលបានការចូលរួមកាន់តែផុសផុលពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសទាំងតូចទាំងធំ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា ដែលនេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុង «ស្មារតីខ្មែរជួយខ្មែរ»។
ក្នុងនាមមូលនិធិគន្ធបុប្ផាកម្ពុជា លោកបណ្ឌិត ចន ណារិទ្ធ សូមថ្លែងអំណរគុណ សប្បុរសជនទាំងអស់ ដែលបានចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយមធ្យោបាយរៀងៗខ្លួន ដូចជា តាមរយៈការចូលរួមបរិច្ចាគ, កិច្ចសហការផ្សព្វផ្សាយ និងការគាំទ្រសកម្មភាពពាក់ព័ន្ធនានា យ៉ាងផុសផុល ដែលបានញុំាងឱ្យយុទ្ធនាការនេះទទួលបានលទ្ធផលជោគជ័យយ៉ាងធំធេង ដោយថែមទាំងទទួលបានផងដែរនូវការកោតសរសើររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែ ចំពោះលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់ការគិតគូរ និងរៀបចំយុទ្ធនាការដែលមានអត្ថន័យដ៏ធំធេងចំពោះសុខភាពទារក និងកុមារនៅកម្ពុជា ។ នេះជាប្រភព ពី «កូនខ្មែរ»។
លោកស្រីបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា ទោះបីជាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤នេះ ត្រូវបិទបញ្ចប់នៅពេលនេះមែន តែមូលនិធិគន្ធបុប្ផាកម្ពុជា នៅតែបន្តបេសកកម្មកៀគរការបរិច្ចាគជាប្រចាំ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាចំណាយចំនួនប្រមាណ ១២ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ឬស្មើនឹងប្រមាណ ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីរក្សានិរន្តភាពនៃកិច្ចដំណើរការក្នុងបេសកកម្មផ្ដល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះរាប់លានករណីក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
សូមបញ្ជាក់ជូនថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង។
មូលនិធិគន្ធបុប្ផាកម្ពុជា បាននិងកំពុងបន្តការខិតខំអំពាវនាវ ដើម្បីកៀរគរថវិកាបរិច្ចាគពីសមាជិកបច្ចុប្បន្ន ព្រមទាំងបំផុសការបរិច្ចាគពីសប្បុរសជនទូទៅបន្ថែមទៀត តាមរយៈសកម្មភាពផ្សេងៗ ដូចជាការជំរុញការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុនឯកជន ការបង្កើនការផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន និងសង្គម ការធ្វើបទបង្ហាញនៅតាមសមាគមធុរកិច្ច និងបណ្តាគ្រឹះស្ថានឧត្តមសិក្សា នៅតាមបណ្តារាជធានី-ខេត្ត ការដាក់បដារមូលនិធិនៅតាមទីសាធារណៈ និងការបន្តរៀបចំយុទ្ធនាការកៀរគរការបរិច្ចាគនានា ដូចជា៖ ការរៀបចំកម្មវិធីដើរដើម្បីកុមារកម្ពុជា, កម្មវិធីប្រកួតកីឡាបាល់ទាត់, កម្មវិធីប្រកួតវាយសី កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា និងកីឡាផ្សេងៗទៀត, ការប្រគំតន្រ្តីដើម្បីភាពញញឹមកុមារ និងយុទ្ធនាការជាច្រើនទៀត ដោយមានកិច្ចសហការពីបណ្តាក្រសួងស្ថាប័ន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជន៕