ភ្នំពេញ ៖ តំណាងអយ្យការសម្រេចចោទប្រកាន់ លើឈ្មោះ អឿន ពេជ្រ ភេទប្រុស អាយុ៣៥ឆ្នាំ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ របួសអ្នកដទៃ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ស្តីពី ការចោទប្រកាន់អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សបីនាក់ រងរបួសធ្ងន់ និងស្រាល នៅខណ្ឌពោធិ៍សែនជ័យ ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ២០ និង ១០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅមុខច្រកចូលផែស្ងួតអូលែរ លើផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រវាង រថយន្តមួយគ្រឿងម៉ាក HIGHLANDER ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AV-8341 បើកបរដោយឈ្មោះ អឿន ពេជ្រ ភេទប្រុស អាយុ៣៥ឆ្នាំ បានបត់ឆ្វេងឆ្លងផ្លូវជាតិលេខ៤ ដោយមិនបានគោរពសិទ្ធិយានផ្លូវត្រង់ ហើយក៏ត្រូវម៉ូតូ មួយគ្រឿងម៉ាក HONDA BEAT ពណ៌ស-ខ្មៅ ផ្លាកលេខ ភ្នំពេញ 1KU-4450 បើកបរដោយឈ្មោះ ផន សុភី ភេទស្រី អាយុ២២ឆ្នាំ បើកបរក្នុងល្បឿនលឿនមកបុកចំទ្វារមុខរថយន្តចំហៀងខាងឆ្វេង។ ហេតុការណ៍នេះ បណ្តាលឲ្យ អ្នកបើកបរម៉ូតូឈ្មោះ ផន សុភី ភេទស្រី ត្រូវរងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ ផន ស្រីកា ភេទស្រី និងឈ្មោះ ដួង ឧត្តម ភេទប្រុស រងរបួសស្រាល។
ក្រោយពីបានសាកសួរ និងពិនិត្យឆ្លៀតផ្ទាត់ភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការសម្រេចចោទប្រកាន់ លើឈ្មោះ អឿន ពេជ្រ ភេទប្រុស អាយុ៣៥ឆ្នាំ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ របួសអ្នកដទៃ តាមមាត្រា ៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរនៃ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕