សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការពង្រឹងធនធានមនុស្ស គឺជាការពង្រឹងធនធានសម្រាប់យកទៅបង្កើតធនធាន និងសមិទ្ធផលបន្ថែមទៀត ជាក់ស្តែង គរុនិស្សិតជ័យលាភីចំនួន ២៦៦ នាក់ ដែលបានបញ្ចប់ការសិក្សានេះ និងទៅបណ្តុះបណ្តាលដល់សិស្សរាប់សែននាក់បន្ថែមទៀតទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថែ្លងអបអរសាទរចំពោះគរុនិស្សិតជ័យលាភីទាំងអស់​ ដែលបានខិតខំប្រឹងប្រែងសិក្សា ដើម្បីក្លាយខ្លួនជាគ្រូបង្រៀនមានសមត្ថភាពពេញលេញ មុននឹងចេញទៅបម្រើការងារនៅតាមសាលារៀនគោលដៅរបស់ខ្លួន ។ ទន្ទឹមនេះ សម្តេចធិបតី បានលើកទឹកចិត្តដល់គរុនិស្សិតជ័យលាភី ឱ្យបន្ដអភិវឌ្ឍចំណេះដឹង និងវិជ្ជាជីវៈជាប្រចាំ តាមរយៈ ការសិក្សាស្រាវជ្រាវ ការសិក្សាបន្ថែម ការអភិវឌ្ឍជំនាញបច្ចេកវិទ្យានិងបំណិនឌីជីថល ការអភិវឌ្ឍជំនាញទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ ការទទួលយកការប្រឹក្សាយោបល់ និងស្វែងយល់ពីបទពិសោធពីថ្នាក់ដឹកនាំ និងសហការីនៅកន្លែងការងារ និងការចេះសម្របខ្លួនទៅនឹងបរិការណ៍អប់រំ ដែលកំពុងមានការវិវត្តខ្លាំង ។ ជាមួយនេះ សម្តេចធិបតី បានក្រើនរំលឹកដល់គរុនិស្សិតដែលកំពុងសិក្សា ឱ្យបន្តខិតខំប្រឹងប្រែងសិក្សា និងស្វែងយល់បន្ថែមនូវជំនាញ ព្រមទំាងបច្ចេកទេសគរុកោសល្យថ្មីៗ ដើម្បីក្លាយខ្លួនជាអ្នកអប់រំដ៏មានគុណភាពខ្ពស់សម្រាប់កម្ពុជា ស្របតាមបរិបទនៃការរីកចម្រើនរបស់សង្គម ។

សម្តេចធិបតីបានមានប្រសាសន៍គូសបញ្ជាក់ផងដែរថា រយៈកាលជាង ១០ មកនេះ រាជរដ្ឋាភិបាលបានបង្កើនថវិកាដើម្បីលើកកម្ពស់វិស័យអប់រំ ដោយធានាបាននូវប្រសិទ្ធភាព និងចំគោលដៅ ស្របតាមចក្ខុវិស័យក្នុងការលើកកម្ពស់កិត្តិយស តួនាទី និងឋានៈ របស់គ្រូបង្រៀននៅក្នុងសង្គមកម្ពុជា តាមរយៈការដាក់ចេញនូវគោលដៅអាទិភាព ៤ គឺ៖ ១. ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ២. ការគិតគូរពីជីវភាពរស់នៅរបស់គ្រូបង្រៀន ៣. ការបង្កើនគុណវុឌ្ឍិរបស់គ្រូបង្រៀន និង៤. ការអនុវត្តស្តង់ដាវិជ្ជាជីវៈរបស់គ្រូបង្រៀន ហើយជាលទ្ធផល សមិទ្ធផលជាច្រើនបានលេចចេញជាផ្លែផ្កា សម្រាប់បម្រើដល់កំណើនសេដ្ឋកិច្ច និងអភិវឌ្ឍធនធានមនុស្សក្នុងសង្គមកម្ពុជា ព្រោះថា ការពង្រឹងធនធានមនុស្ស គឺជាការពង្រឹងធនធានសម្រាប់យកទៅបង្កើតធនធាន និងសមិទ្ធផលបន្ថែមទៀត ជាក់ស្តែង គរុនិស្សិតជ័យលាភីចំនួន ២៦៦ នាក់ ដែលបានបញ្ចប់ការសិក្សានេះ និងទៅបណ្តុះបណ្តាលដល់សិស្សរាប់សែននាក់បន្ថែមទៀតទូទាំងប្រទេស ។ ក្នុងន័យនេះផងដែរ សម្តេចធិបតី បានលើកទឹកចិត្តដល់ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក៏ដូចជាវិទ្យាស្ថានគុរកោសល្យដទៃទៀត ឱ្យបន្ដធ្វើអាទិភាវូបនីយកម្មលើគុណភាពនៃការអប់រំ ដើម្បីបន្តគាំទ្រដល់គរុនិស្សិតជ័យលាភីរបស់វិទ្យាស្ថាន ឱ្យកាន់តែមានសមត្ថភាព វិន័យ និងសីលធម៌ខ្ពស់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនបញ្ញាដល់យុវជនសម្រាប់បន្ដវេន និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិ ។

ក្នុងឱកាសនៃពិធីនោះដែរ សម្តេចធិបតី បានណែនាំដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ  ឱ្យគិតគូរអំពីការផ្តល់គោលការណ៍ឧបត្ថម្ភ និងផ្តល់ការថែទាំដល់ពិរុទ្ធជនស្ត្រីមានផ្ទៃពោះ និងទារក នៅតាមមន្ទីឃុំឃាំង ដើម្បីទទួលបានការគាំពារសមស្រប ប្រកបដោយទឹកចិត្តមនុស្សធម៌ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានអរគុណចំពោះបណ្ដាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមវិភាគទានយ៉ាងថ្លៃថ្លាជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ រហូតដល់ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ។

...

សូមបញ្ជាក់ផងដែរថា អគារអន្តេវាសិកដ្ឋានគ្រូ ១ ខ្នង កម្ពស់ ៤ ជាន់ មាន ៧០ បន្ទប់ ដែលបានកសាងរួចរាល់ដោយកងវិស្វកម្មរបស់សម្ដេចតេជោ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺជាសមិទ្ធផលដ៏មានសារៈសំខាន់ក្នុងការផ្ដល់ជាទីកន្លែងស្នាក់នៅសម្រាប់លោកគ្រូ-អ្នកគ្រូឧទ្ទេស សាស្ត្រាចារ្យ និងបុគ្គលិកអប់រំ ដែលបានផ្លាស់មកបម្រើការងារនៅវិទ្យាស្ថាន និងពុំទាន់មានទីស្នាក់នៅក្នុងរាជធានីភ្នំពេញ ៕
ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print