បទវិភាគអន្តរជាត ៖ចិននិងកាហ្សាក់ស្ថានចាប់ដៃគ្នាបោះជំហានទៅមុខ ដែលមានអនាគតគួរជាទីរំពឹងទុក

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយឱ្យដឹងថា ៖  ក្នុងការកំណត់ទិសដៅទំនាក់ទំនងជាមួយបរទេសរបស់ប្រទេសចិន ទំនាក់ទំនងជាមួយកាហ្សាក់ស្ថានគឺជា”ទំនាក់ទំនងជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជានិរន្តរ៍”។ នេះគឺជាការកំណត់ទិសមានតែមួយគ្មានពីរ ដែលបានបង្កើតគំរូនៃទំនាក់ទំនងជាមួយប្រទេសជិតខាងដែលជួយយកអាសាគ្នានិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ។

      ស្ថិតក្នុងដំណាក់កាលគន្លឹះនៃការស្តារនិងអភិវឌ្ឍប្រទេសជាតិរៀងខ្លួនរបស់ចិននិងកាហ្សាក់ស្ថាន តើត្រូវលើកកម្ពស់ទំនាក់ទំនងជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជានិរន្តរ៍បែបនេះថែមមួយកម្រិតទៀតយ៉ាងដូចម្តេច?ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកXiJinpingប្រធានរដ្ឋចិននៅកាហ្សាក់ស្ថានពីថ្ងៃទី២ដល់ទី៤ខែកក្កដាបានផ្តល់ចម្លើយរួចជាស្រេច ។  ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានធ្វើការជួបពិភាក្សាគ្នាប្រកបដោយប្រសិទ្ធភាព បានរួមគ្នាចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយបានលើកឡើងថា នឹងបន្តចាត់ទុកការទូតប្រមុខរដ្ឋជាគោលណែនាំ ដើម្បីជំរុញឱ្យកសាងសហគមន៍រួមវាសនាដែលបានរឹតចំណងមេត្រីភាពឱ្យបន្តទៅគ្រប់ជំនាន់ កសាងទំនុកចិត្តគ្នាកម្រិតខ្ពស់ រួមសុខរួមទុក្ខ និងរួមគ្នាចែករំលែកវិបុលភាព។ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីចំនួនរាប់សិបច្បាប់ ដែលបានបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកាហ្សាក់ស្ថានប្រកបដោយគុណភាពខ្ពស់។

  គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ ការកសាងទំនុកចិត្តនយោបាយរវាងគ្នានិងគ្នាគឺជាមូលដ្ឋានគ្រឹះរបស់កិច្ចសហប្រតិបត្តិការរវាងចិននិងកាហ្សាក់ស្ថាន ប្រទេសចិនជាប្រទេសដំបូងបង្អស់មួយដែលបានទទួលស្គាល់ឯករាជ្យភាពរបស់កាហ្សាក់ស្ថាន ក្នុងកិច្ចជំនួបជាមួយលោកTokayevប្រធានាធិបតីកាហ្សាក់ស្ថានលើកនេះ លោកXiJinpingប្រធានរដ្ឋចិនបានរំលឹកឡើងវិញនូវ”ភាពមុតមាំមិនងេករេ”ចំនួន៤ ក្នុងនោះក៏បូករួមទាំង”ការប្តេជ្ញាចិត្តស្តីពីការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរៀងខ្លួនមានភាពមុតមាំមិនងាករេ”ផងដែរ។លោកTokayevសូមថ្លែងអំណរគុណដល់ភាគីចិនដែលបានគាំទ្រយ៉ាងមុតមាំនូវអធិបតេយ្យភាព ឯករាជ្យភាព និងបូរាណភាពទឹកដីរបស់កាហ្សាក់ស្ថាន ព្រមទាំងអះអាងថា នឹងគោរពយ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ។ ការជឿទុកចិត្តនិងគាំទ្រយ៉ាងខ្លាំងក្លាបែបនេះបានក្លាយជាការធានាផ្នែកនយោបាយដ៏ធំបំផុតនៃកិច្ចសហប្រតិបត្តិការរវាងចិននិងកាហ្សាក់ស្ថាន។

      កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាកម្លាំងចលករនៃទំនាក់ទំនងរវាងចិននិងកាហ្សាក់ស្ថាន។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កាហ្សាក់ស្ថាន កាហ្សាក់ស្ថានជាដើមប្រភពនៃគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”។ ភាគីទាំងពីរបានបង្កើតឡើងនូវបណ្តាញតភ្ជាប់គ្នាដោយគ្រប់ជ្រុងជ្រោយ វិស័យសហប្រតិបត្តិការថ្មី ដូចជាថាមពលថ្មី ទិន្នន័យថ្មីនិងធុរកិច្ចអេឡិចត្រូនិកជាដើមបានលេចចេញចំណុចលេចធ្លោជាច្រើន សូមយកគម្រោងផលិតថាមពលអគ្គិសនីដោយកម្លាំងខ្យល់Zanatasដែលបានបំពេញតម្រូវការប្រើប្រាស់អគ្គិសនីប្រចាំថ្ងៃរបស់គ្រួសាររាប់សិបម៉ឺននៃភាគីកាហ្សាក់ស្ថានជាឧទាហរណ៍ ប្រជាជនក្នុងតំបន់បានវាយតម្លៃថា “ប្រជាជនមានឱកាសការងារថ្មី ហិរញ្ញវត្ថុមានចំណូលពន្ធថ្មីនិងទីក្រុងមានកម្លាំងរស់រវើកថ្មី”។

      លើកនេះ កិច្ចសហប្រតិបត្តិការរវាងចិននិងកាហ្សាក់ស្ថានមានគោលដៅថ្មី។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានរួមគ្នាចូលរួមពិធីដាក់ឱ្យប្រើប្រាស់នៃផ្លូវរហ័សឆ្លងសមុទ្រកាសព្យែនរវាងចិននិងអឺរ៉ុប រថយន្តរបស់ភាគីចិនបានធ្វើដំណើរទៅដល់កំពង់ផែតាមឆ្នេរសមុទ្រកាសព្យែនតាមរបៀបដឹកជញ្ជូនដោយផ្ទាល់តាមផ្លូវថ្នល់ នេះជាសញ្ញាកត់សម្គាល់ថា និម្មាបនកម្មតភ្ជាប់គ្នាលើពហុវិស័យប្រកបដោយភាពគ្រប់ជ្រុងជ្រោយបានបង្កើតឡើងជាផ្លូវការ។ រីឯគោលដៅដ៏លេចធ្លោស្តីពី”ការធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីកើនទ្វេដងក្នុងពេលឆាប់ៗ”នឹងធ្វើឱ្យភាគីទាំងពីរកាន់តែខិតខំព្យាយាមដោយរួមសាមគ្គីគ្នា។

      កាហ្សាក់ស្ថានមានសុភាសិតមួយដែលបានលើកឡើងថា ចំណងមិត្តភាពជាទ្រព្យប្រើមិនចេះអស់ជាដរាប” ហើយជនជាតិចិនតែងតែនិយាយថា “ក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ គួរមានភាពស្មោះត្រង់” ទំនាក់ទំនងរវាងចិននិងកាហ្សាក់ស្ថានបានឈានចូល”៣០ឆ្នាំមាស”ថ្មី តើនៅពេលអនាគតនឹងធ្វើដំណើរយ៉ាងម៉េច? គោលដៅបានកំណត់រួចហើយ មាគ៌ាក៏មានភាពច្បាស់លាស់ដែរ ក្នុងផ្លូវសម្រេចបាននូវការធ្វើទំនើបកម្មរៀងៗខ្លួន ចិននិងកាហ្សាក់ស្ថានដែលជា”ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាស្ថាពរ”នឹងចាប់ដៃគ្នាបោះជំហានទៅមុខ កិច្ចសហប្រតិបត្តិការទ្វេភាគីដែលគួរជាទីរំពឹងទុក មុខជានឹងមានអនាគតកាន់តែល្អបវរ ហើយនឹងរួមចំណែកកាន់តែច្រើនដល់ការគាំពារសន្តិភាពនិងស្ថិរភាពរបស់ពិភពលោកជាក់ជាមិនខាន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print