ខេត្តកំពង់ស្ពឺ៖ គ្រួសារមួយទុកកូនបីនាក់ឱ្យចាំផ្ទះដោយឪពុកម្ដាយទៅលក់បន្លែនៅផ្សារ ស្រាប់តែភ្លើងធូបបានឆេះរាលដាលដល់ផ្ទះនិងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង។ ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលនៅវេលាម៉ោង០៣និង៥៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដែលករណីគ្រោះអគ្គិភ័យនេះបណ្ដាលឱ្យផ្ទះ១ខ្នង នៅភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវឆេះអស់ទាំងស្រុង។
ប្រភពបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ លី វណ្ណ ភេទប្រុស អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ សេង សុភ័ក្រ្ក អាយុ ៣៨ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបណ្ដាល ឱ្យខូចខាតរួមមាន ១-ឆេះផ្ទះចំនួន០១ខ្នង ទំហំ ៤មX៥ម ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ខូចខាតទាំងស្រុង និងបណ្ដាលឱ្យឆេះម៉ូតូចំនួន០១គ្រឿង,ឆេះគ្រែចំនួន ០២, ឆេះពូកចំនួន០២, ឆេះអង្ករចំនួន ២៥ គីឡូក្រាម, ឆេះសំបុត្រកំណើតចំនួន០៤សន្លឹកនិងឆេះសម្ភារៈប្រើប្រាស់អស់ទាំងស្រុង ។
មូលហេតុ បណ្តាលមកពីភ្លើងធូបមូស ឆេះរាលទើបឆេះផ្ទះតែម្តង ( ដោយសារឪពុកម្តាយមិននៅផ្ទះ បានដឹកបន្លែទៅលក់នៅផ្សារឧដុង្គ ហើយទុកកូន៣នាក់ នៅចាំផ្ទះ ) ។
លទ្ធផលកិច្ចប្រតិបត្តិការករណីខាងលើនេះសមត្ថកិច្ចមិនបានចេញពន្លត់ទាន់ពេលវេលានោះទេ ដោយសារមានការរាយការណ៍យឺតពេលពីប្រជាពលរដ្ឋ និងមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរគ្នា និងមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕ ដោយសុរិយា