ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖​ “បើទោះជាយើងកើតពុំទាន់ការកសាងអង្គវត្ត ប៉ុន្តែយើងមានមោទកភាពដែលយើងបានកើតទាន់ការជីកព្រែកហ្វូណនតេជោ”

ចែករំលែក៖

ភ្នំពេញ​៖​ ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស​ បានថ្លែង​ថា៖​ “បើទោះជាយើងកើតពុំទាន់ការកសាងអង្គវត្ត ប៉ុន្តែយើងមានមោទកភាពដែលយើងបានកើតទាន់ការជីកព្រែកហ្វូណនតេជោ” ។

ការថ្លែងបែបនេះ​របស់​លោកឧបនាយករដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ​ នាឱកាសអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកអនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លោកសន្តិបណ្ឌិតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី លោកអភិបាលខេត្តកណ្ដាល លោក លោកស្រី​តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ និងមន្ត្រីជំនាញជាច្រើនរូប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជួបពិភាក្សាបែងចែកភារកិច្ចដោយផ្ទាល់ ជូនដល់សមាជិកគណៈកម្មការអន្តរក្រសួងរៀបចំពិធីបើកការដ្ឋានទាំងអស់ ដើម្បីធានាដល់ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព ក្នុងកិច្ចការងាររៀបចំពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលជាព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្រ្ត ប្រកបដោយមោទកភាព។

ព្រឹត្តិការណ៍បើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នឹងប្រារព្ធឡើងក្នុងភូមិសាស្ត្រព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រំពឹងថានឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីលើកទីមួយរបស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដោយហេតុថាគម្រោងព្រែកជីកហ្វូណនតេជោនឹងតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។

បន្ថែមពីនេះ​លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញជំនឿយ៉ាងមុតមាំថា បន្ទាប់ពីគម្រោងនេះបានបញ្ចប់ការសាងសង់រួចរាល់ នឹងផ្ដល់ត្រឡប់មកនូវអត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច សង្គម ទេសចរណ៍ ពិសេសឯករាជ្យភាពនយោបាយដឹកជញ្ជូនរបស់កម្ពុជា តាមរយៈការចូលរួមកាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះគ្រោះថ្នាក់ចរាចរណ៍ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចេញចូល និងបង្កើនពហុមធ្យោបាយដឹកជញ្ជូនកម្ពុជាផងដែរ។

...

សូមជម្រាបជូនថា គម្រោងផ្លូវនាវាចរណ៍នេះ បានទទួលការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានប្រសិទ្ធនាមថាគម្រោង “ព្រែកជីកហ្វូណនតេជោ” ហើយក្នុងនោះកម្ពុជាបានបំពេញគ្រប់លក្ខខណ្ឌរួចរាល់នូវកាតព្វកិច្ចជូនដំណឹងអំពីគម្រោងនេះទៅគណៈកម្មការទន្លេមេគង្គ(គណៈកម្មការរួម) តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print