ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើង មានគ្នាចំនួន ០៤ នាក់ ប្រដាប់ដោយដាវកែច្នៃចំនួន ០២ ដើម និងឈើជ្រុងប្រវែង ០.៨០ សង់ទីម៉ែត្រចំនួន ០១ ដើម បានធ្វើសកម្មភាពដេញវាយ និងកាប់ទៅលើជនរងគ្រោះចំនួន ០៣នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២២ និង ២០ នាទីយប់ ដែលបណ្តាលឱ្យជនរងគ្រោះម្នាក់ រងរបួសស្រាលរលាត់ប្រអប់ជើងខាងស្តាំនៅពេលរត់គេចខ្លួន។
បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមក្មេងទំនើងខាងលើក៏បាន នាំគ្នាគេចខ្លួនអស់។ រហូតមកដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២០ និង ០០ ជនរងគ្រោះក៏បានឃើញជន សង្ស័យម្នាក់ឈ្មោះ ឡុង សេនពេជ្រ កំពុងអង្គុយផឹកស៊ីនៅចំណុចដីឡូតិ៍គ្មានលេខ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏បានរាយការណ៍ដល់សមត្ថកិច្ចចុះអន្តរាគមន៍ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ឡុង សេនពេជ្រ ភេទប្រុស អាយុ២៩ឆ្នាំ រួមជាមួយវត្ថុតាងដំបងឈើជ្រុងប្រវែង ០.៨០ សង់ទីម៉ែត្រ។ ចំណែក ឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ និង បក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចដីឡូតិ៍គ្មានលេខ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ៕ដោយ៖តារា