អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយឱ្យដឹងថា ៖ ភូមិលាំងជាហឺ ពិបាកបំភ្លេចភូមិលាំងជាហឺបានក្នុងជម្រៅដួងចិត្តរបស់លោកស៊ីជីនភីង លោកបានចាត់ទុកខ្លួនឯងជាអ្នកទីក្រុងយានអានជាប់រហូតមក។ លោកបានរំឭកឡើងវិញថា “ការចុះរស់នៅជនបទ ជាសញ្ញាមួយដែលបានកំណត់នូវដំណាក់កាលមួយ។ ប្រសិនបើពួកយើងមានលទ្ធផលទទួលបាននៅមុនពេលចុះរស់នៅជនបទ ក្រោយពីចុះរស់នៅជនបទហើយ លទ្ធផលដែលទទួលបាននោះនឹងទទួលបានការធ្វើឱ្យប្រសើរ និងការបន្សុទ្ធមួយ ហើយខ្លួនឯងពិតជាមានអារម្មណ៍ថាដូចជាចាប់កំណត់ជាថ្មីម្ដងទៀត។ បន្ទាប់មកទៀត ប្រសិនបើនិយាយថាយើងមានការយល់ដឹងណាមួយ ប្រសិនបើនិយាយថាយើងដើរឆ្ពោះទៅរកភាពចាស់ទុំទទួលបានជោគជ័យ និងប្រសិនបើនិយាយថាយើងដឹងច្បាស់អំពីសភាពការណ៍ប្រជាជន ឬខិតជិតនឹងសភាពជាក់ស្ដែង នោះគឺសុទ្ធតែមានអារម្មណ៍ថាមានប្រភពចេញពីទីនេះ និងទទួលបាននៅទីនេះ”។
គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៤ លោកស៊ីជីនភីង ដែលជាលេខាធិកាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនប្រចាំខេត្តជើជាំងនាពេលនោះ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃកម្មវិធី «ខ្ញុំជាអ្នកទីក្រុងយានអាន» របស់ស្ថានីយវិទ្យុនិងទូរទស្សន៍យានអាន ដោយបានរំឭកពីពេលវេលាដែលគាត់ចុះរស់នៅក្រុងយានអាន។ លោកបានថ្លែងថា “ខ្ពង់រាបសានប៉េបានផ្តល់ជំនឿចិត្តមួយឱ្យខ្ញុំ ក៏អាចនិយាយថាបានកំណត់គន្លងជីវិតរបស់ខ្ញុំដែរ ។ ឆ្លងកាត់ដំណើរនៅខ្ពង់រាបសានប៉េ ដែលដូចជាបន្ទប់រៀននៃអាយុជីវិតមួយនេះ ក៏បានសម្រេចថាថ្ងៃក្រោយខ្ញុំនឹងធ្វើការងារអ្វី ហើយវាបានបង្រៀនឱ្យខ្ញុំធ្វើអ្វីនោះ”។
គេហទំព័រ «CCFR China state-controlled media » បានបញ្ជាក់ថា ៖ ពេលឆ្លើយនឹងសំណួរថា “មានដែលចាត់ទុកខ្លួនឯងថាជាអ្នកទីក្រុងយានអានពិតៗដែររឺទេ” លោកស៊ីជីនភីង បាននិយាយចេញមកថា “ខ្ញុំពិតជាបានចាត់ទុកខ្លួនឯងជាអ្នកទីក្រុងយានអានម្នាក់ពិតប្រាកដមែន ពីព្រោះទីនេះជាទីចាប់ផ្តើមមួយនៃជីវិតរបស់ខ្ញុំ។ ទស្សនៈមូលដ្ឋាននិងលក្ខណៈពិសេសជាច្រើនរបស់ខ្ញុំឥឡូវនេះ ក៏កើតចេញពេលខ្ញុំនៅក្រុងយានអានដែរ។ ដូចនេះខ្ញុំប្រាកដជាចាត់ទុកខ្លួនឯងជាអ្នកទីក្រុងយានអានហើយ”។ ក្រោយពីរំឭកឡើងវិញនូវដំណើរឆ្លងកាត់របស់ខ្លួនពេលចុះបម្រើការងារនៅជនបទ លោកស៊ីជីនភីង បានប្រាប់ប្រជាកសិករភូមិលាំងជាហឺតាមរយៈកញ្ចក់ទូរទស្សន៍ថា “ខ្ញុំសង្ឃឹមយ៉ាងស្មោះអស់ពីដួងចិត្តថា ជីវភាពរស់នៅរបស់អ្នកភូមិលាំងជាហឺ នឹងកាន់តែមានសុភមង្គល។
តាមពិត ភូមិលាំងជាហឺ គ្រាន់តែជាផ្នែកតូចមួយនៃតំបន់យានអានទាំងមូល។ ដូចនេះខ្ញុំសង្ឃឹមថា តំបន់យានអានទាំងមូលនឹងមានការផ្លាស់ប្តូរមួយកាន់តែធំ ហើយខ្ញុំក៏បានចាប់អារម្មណ៍ឃើញថា ការផ្លាស់ប្តូរដ៏ស៊ីជម្រៅបែបនេះ បាននិងកំពុងដំណើរការរួចទៅហើយ។ ដូចជាសុភាសិតនិយាយថា ស្តាប់សំលេងផ្គរលាន់នៅកន្លែងស្ងាត់ ខ្ញុំជឿជាក់ថា នៅពេលអនាគតមិនយូរខាងមុខ ប្រជាជនយានអាននឹងមានជីវភាពរស់នៅធូរធារ ដែលប្រកបដោយសុខសុភមង្គលជាក់ជាពុំខាន។
(រូបថត ៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៤ លោកស៊ីជីនភីងផ្តល់បទសម្ភាសន៍ពិសេសជាមួយស្ថានីយវិទ្យុនិងទូរទស្សន៍យានអាន)
ខេត្តស្រាន់ស៊ីជាឫសគល់ ក្រុងយានអានជាព្រលឹង– ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរទូទាំងប្រទេសចិនឆ្នាំ ២០០៨ លោកស៊ីជីនភីង ដែលកាលនោះកាន់តំណែងជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអនុប្រធានរដ្ឋចិន បានចូលរួមការពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាលនៃគណៈប្រតិភូខេត្តស្រាន់ស៊ី។ លោកបានថ្លែងថា “ខ្ញុំបានទៅស្រាន់ស៊ីកាលពីខែមករាឆ្នាំ១៩៦៩ និងចាកចេញកាលពីខែតុលាឆ្នាំ ១៩៧៥។ អំឡុងពេលនោះ គឺជាចំណុចរបត់មួយក្នុងជីវិតរបស់ខ្ញុំ។ អាចនិយាយបានថា ខេត្តស្រាន់ស៊ីជាឫសគល់ ហើយក្រុងយានអានជាព្រលឹង។ រឿងរ៉ាវជាច្រើននៅតែរស់រវើកនៅនឹងមុខ។ គំនិតនិងការប្រព្រឹត្តជាច្រើនឥឡូវនេះ មានពាក់ព័ន្ធនឹងកាលនោះ។ កំណាព្យរបស់កវីនិពន្ធហឺជីងហ្ស៊ី ដែលថា “វិលត្រឡប់ទៅយានអានវិញក្នុងក្តីសុបិនជាច្រើនដង” នោះហើយគឹជាអារម្មណ៍របស់ខ្ញុំ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ គាត់បានប្រើបទពិសោធផ្ទាល់ខ្លួន ដើម្បីលើកទឹកចិត្តយុវជនបង្កើតជំនាញដ៏ចំណាន
ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៣ ពេលជួបសំណេះសំណាលជាមួយតំណាងយុវជនឆ្នើមគ្រប់មជ្ឈដ្ឋាននៅវិទ្យាស្ថានស្រាវជ្រាវបច្ចេកទេសអវកាសចិននៃក្រុមហ៊ុនសាជីវកម្មបច្ចេវិទ្យាអវកាសចិន លោកស៊ីជីនភីងបានថ្លែងថា “ក្រោយពីខ្ញុំរស់នៅជនបទ ខ្ញុំបានកំណត់ទុកបាវចនាមួយសម្រាប់ខ្លួនឯង ពោលគឺចាប់ផ្តើមពីការលើកកម្ពស់ក្រមសីលធម៍របស់ខ្លួន។ បើសិនជាមិនដឹងពីរឿងណាមួយសោះ គឺជាក្ដីគួរឱ្យអៀនខ្មាស។ ស្វែងរកចំណេះដឹងហាក់បីដូចជាសេចក្ដីស្រេកឃ្លាន។ ពេលឃ្វាលពពែលើភ្នំ ខ្ញុំយកសៀវភៅតាមខ្លួន។ ក្រោយពីចងពពែនៅលើជម្រាលភ្នំ ខ្ញុំក៏ចាប់ផ្តើមអានសៀវភៅដែរ។ ពេលឈប់សម្រាប់ពីការជីកគាស់ដីស្រែ ខ្ញុំក៏យកវចនានុក្រមស៊ីនហួ ចេញមករៀនអត្ថន័យជាច្រើននៃអក្សរមួយតួ ដើម្បីប្រមូលចំណេះដឹងបន្តិចម្ដងៗ។ ខ្ញុំមិននឹកគិតថារយៈពេល ៧ ឆ្នាំនៅជនបទ ត្រូវបានខ្ជះខ្ជាយឡើយ ពីព្រោះខ្ញុំបានបង្កើតមូលដ្ឋាននៃចំណេះដឹងជាច្រើននៅពេលនោះ។ ឥឡូវមានលក្ខខណ្ឌល្អយ៉ាងនេះហើយ អ្នកទាំងអស់គ្នាកាន់តែត្រូវរៀនឱ្យបានច្រើន ហើយពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានល្អ។
ជំនឿចិត្តឧទ្ទិសខ្លួនដើម្បីប្រជាជនរបស់គាត់ មានប្រភពកើតចេញពីលាំងជាហឺ
នាខែតុលាឆ្នាំ ២០១៥ លោកស៊ីជីនភីងបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអង់គ្លេស។ ថ្ងៃទី ២១ ខែតុលាតាមម៉ោងក្នុងតំបន់ ក្នុងពិធីលៀងសាយភោជន៍របស់អភិបាលក្រុងឡុងហ៍ លោកស៊ីជីនភីងបានរំឭកអំពីភូមិលាំងជាហឺឡើងវិញជាថ្មីម្តងទៀត ដោយថា “ពេលខ្ញុំអាយុមិនទាន់១៦ឆ្នាំផង ខ្ញុំបានចាកចេញពីក្រុងប៉េកាំងទៅធ្វើជាកសិករនៅភូមិតូចមួយនាភាគខាងជើងខេត្តស្រាន់ស៊ី ហើយបានឆ្លងកាត់ពេលវេលាយុវវ័យចំនួន ៧ ឆ្នាំនៅទីនោះ។ នៅលើដីលឿងដ៏ក្រីក្រកាលនោះ ខ្ញុំនៅវ័យក្មេង បានគិតពិចារណាឥតឈប់ឈរអំពីបញ្ហាថា”រស់នៅឬកម្ទេចចោល”។ ទីចុងបំផុត ខ្ញុំបានតាំងជំនឿចិត្តឧទ្ទិសខ្លួនដើម្បីមាតុភូមិ និងប្រជាជន។
ភូមិលាំងជាហឺ ជាផ្នែកមួយនៃការវិវឌ្ឍរីកចម្រើននិងការអភិវឌ្ឍនៃសង្គមចិន
ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០១៥ ក្នុងពេលចូលរួមពិធីជប់លៀងស្វាគមន៍ដែលរៀបចំឡើងដោយរដ្ឋបាលរដ្ឋវ៉ាស៊ីនតោន និងសមាគមមេត្រីភាពអាមេរិកនៅក្រុងស៊ីអាតូសហរដ្ឋអាមេរិក លោកស៊ីជីនភីងបានថ្លែងអំពីភូមិលាំងជាហឺម្តងទៀត ដោយថា “កាលពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ ខ្ញុំទើបតែមានអាយុជាង១០ឆ្នាំ ក៏បានចាកចេញពីក្រុងប៉េកាំង ទៅធ្វើជាកសិករនៅក្នុងភូមិតូចមួយឈ្មោះលាំងជាហឺ នៅក្រុងយានអានខេត្តស្រាន់ស៊ីប្រទេសចិន ហើយបានរស់នៅទីនោះអស់រយៈពេល ៧ ឆ្នាំ។ កាលនោះ ខ្ញុំនិងអ្នកភូមិសុទ្ធតែរស់នៅក្នុងផ្ទះក្នុងរូងភ្នំ ដេកលើគ្រែធ្វើពីដី។ ជីវភាពរបស់អ្នកភូមិក្រីក្រណាស់ ប៉ុន្មានខែគ្មានសាច់បរិភោគជារឿងធម្មតាទៅហើយ។ ខ្ញុំដឹងពីតម្រូវការរបស់អ្នកភូមិ។ ក្រោយមក ខ្ញុំធ្វើជាលេខាធិការសាខាបក្សប្រចាំភូមិ ខ្ញុំក៏បានដឹកនាំអ្នកភូមិអភិវឌ្ឍផលិតកម្ម។ អ្វីដែលខ្ញុំរំពឹងទុកបំផុត គឺឱ្យអ្នកភូមិបានបរិភោគសាច់ឱ្យបានឆ្អែត ហើយអាចបរិភោគសាច់ជាប្រចាំបាន។ ប៉ុន្តែ បំណងនេះគឺពិបាកសម្រេចបានណាស់ នៅពេលនោះ។
“បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ខ្ញុំត្រឡប់មកដល់ភូមិលាំងជាហឺ។ ក្នុងភូមិមានផ្លូវក្រាលកៅស៊ូ។ អ្នកភូមិចូលស្នាក់នៅក្នុងផ្ទះដែលធ្វើពីឥដ្ឋនិងប្រក់ក្បឿង និងមានបណ្តាញអ៊ីនធើណែតប្រើប្រាស់។ ចាស់ៗមានប្រាក់សោធននិវត្តន៍ជាមូលដ្ឋាន អ្នកភូមិមានធានារ៉ាប់រងសុខភាព ក្មេងៗអាចទទួលការអប់រំដ៏ល្អប្រសើរ។ ជាការពិតណាស់ ការបរិភោគសាច់ លែងជាបញ្ហាទៀតហើយ។ ទាំងនេះធ្វើឱ្យខ្ញុំយល់ដឹងយ៉ាងជ្រាលជ្រៅថា ក្ដីស្រមៃប្រទេសចិន គឺជាក្ដីស្រមៃរបស់ប្រជាជន ចាំបាច់ត្រូវតែគួបផ្សំវាជាមួយនឹងបំណងប្រាថ្នាចង់បានជីវភាពរស់នៅដ៏ល្អបវរ របស់ប្រជាជន ទើបអាចទទួលជោគជ័យបាន។”
“បម្រែបម្រួលនៃភូមិលាំងជាហឺ ជាផ្នែកមួយនៃការរីកចម្រើនរបស់សង្គមចិនតាំងពីកំណែទម្រង់និងបើកទូលាយមក។ ពួកយើងបានប្រើពេលវេលាអស់ ៣០ ឆ្នាំ ធ្វើឱ្យទំហំសរុបនៃសេដ្ឋកិច្ចចិនលោតដល់លេខទី ២ លើពិភពលោក។ ប្រជាជនជាង ១៣០០ លាននាក់រួចផុតពីកង្វះខាតសម្ភារ និងបានឈានដល់កម្រិតធូរធារបង្គួរជាទូទៅ ដែលនាំឱ្យមានសេចក្តីថ្លៃថ្នូរនិងសិទ្ធិដែលពុំធ្លាប់មានពីមុនមក។ នេះមិនត្រឹមតែជាបម្រែបម្រួលដ៏ខ្លាំងក្លានៃជីវភាពរស់នៅរបស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងជាការរីកចម្រើនដ៏ធំសម្បើមនៃអរិយធម៌មនុស្សជាតិទៀតផង ហើយវាកាន់តែជាការរួមចំណែកដ៏សំខាន់របស់ប្រទេសចិន ចំពោះសន្តិភាពនិងវឌ្ឍនភាពពិភពលោកថែមទៀត។”
មានការនឹកគិតប៉ុណ្ណា ក៏មានមនោសញ្ចេតនាដ៏ជ្រាលជ្រៅប៉ុណ្ណោះដែរ។ ក្នុងដួងចិត្តរបស់លោកស៊ីជីនភីង ភូមិលាំងជាហឺគឺជាស្រុកភូមិដែលមិនអាចបំភ្លេចបាន ហើយក៏ជាទីចាប់ផ្តើមនៃការលើកកម្ពស់ស្មារតីរបស់គាត់ផងដែរ ដែលបានពង្រឹងជំនឿចិត្តបម្រើប្រជាជននិងចាត់ទុកបំណងប្រាថ្នាចង់បានជីវភាពរស់នៅដ៏ល្អបវរ របស់ប្រជាជន ជាគោលដៅតស៊ូប្រឹងប្រែងរបស់គាត់! លោកស៊ីជីនភីងមិនអាចបំភ្លេចភូមិលំាងជាហឺ មិនអាចបំភ្លេចតំបន់ភាគខាងជើងស្រាន់ស៊ីដែលជាទឹកដីដ៏
អស្ចារ្យ មិនអាចបំភ្លេចទុក្ខលំបាកវេទនា របស់ប្រជាជនកាលពីមុន កាន់តែមិនអាចបំភ្លេចជំនឿចិត្តនិងទំនួលខុសត្រូវបម្រើប្រជាជនថែមទៀត! ៕
ដោយ ៖ សិលា