សេអ៊ូល ៖ មន្ត្រីជំនាញក្រសួងអប់រំ យុវជន និងកីឡា និងគ្រូបង្រៀនកម្ពុជា ចំនួន១០រូប បានតំណាងសិក្ខាកាមកម្ពុជា រួមជាមួយសិក្ខាកាមមកពី ០៥ប្រទេសផ្សេងទៀត ដូចជា ម៉ុងហ្គោលី វៀតណាម ឡាវ ម៉ារ៉ូកូ និងតង់ហ្សានៀ ដែលមានសរុបចំនួន ៦០រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលអន្តរជាតិអភិវឌ្ឍសមត្ថភាពកម្រិតខ្ពស់កម្មវិធី KLIC LEADer ប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលមានរយៈពេល០១សប្តាហ៍ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។ សិក្ខាកាមដែលចូលរួមទាំងអស់គឺជាអតីតសិក្ខាកាមនៃកម្មវិធី KLIC នៅសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យអប់រំ និងបាននាំឲ្យការផ្លាស់ប្តូរជាវិជ្ជមានជាច្រើននៅកម្រិតសាលារៀន និងសហគមន៍នាពេលកន្លង។
កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១. អភិវឌ្ឍសមត្ថភាពដល់សិក្ខាកាម ដែលជាអ្នកដឹកនាំ ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ
២. បង្កើតបណ្ដាញសហគមន៍សិក្សាវិជ្ជាជីវៈគ្រូបង្រៀន (Professional Learning Community) នៅតាមកម្រិតសាលារៀន និងក្នុងតំបន់ ដើម្បីលើកកម្ពស់ការអប់រំបែបឌីជីថល
៣. បង្កើតផែនការសកម្មភាព និងលើកកម្ពស់ការចូលរួមរបស់លោកគ្រូ អ្នកគ្រូក្នុងការអភិវឌ្ឍសមត្ថភាព វិជ្ជាជីវៈគ្រូបង្រៀន ផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាអប់រំ
៤. បង្កើនកិច្ចសហការជាមួយប្រទេសជាដៃគូដែលបានចូលរួម ចែករំលែកបទពិសោធន៍ និងបច្ចេកទេសបច្ច្ចេកវិទ្យាឌីជីថលថ្មីៗ ជំរុញការបង្កើតភាពជាដៃគូរវាងសាលារៀននិងសាលារៀន
៥. បង្កើនកិច្ចសហការជាមួយភាគីកូរ៉េដើម្បីបន្តនិរន្តភាពការផ្សព្វផ្សាយ និងចែករំលែកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទៅក្នុងការបង្រៀន និងរៀន
៦. ជំរុញ និងគាំទ្រសហគមន៍វិជ្ជាជីវៈគ្រូបង្រៀនឱ្យកាន់តែមានសកម្មភាព និងនិរន្តរភាព
វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយ ក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានអប់រំ IACE ក្រោមការសម្របសម្រួលដោយ នាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបាននូវសូចនាករការអនុវត្តរយៈពេលវែងនៃការដោះស្រាយគម្លាតអប់រំសកល ដោយការពង្រឹងសមត្ថភាពឌីជីថលរបស់គ្រូបង្រៀន គ្រូបង្រៀនត្រូវតែក្លាយជា “ភ្នាក់ងារផ្លាស់ប្ដូរ” និងដឹកនាំការផ្លាស់ប្ដូរជាក់ស្ដែងនៅក្នុងសាលារៀននៅក្នុងប្រទេសសហប្រតិបត្តិការ។
គួរបញ្ជាក់ផងដែរថា កម្មវិធី KLIC (Korean digital- Learning Improvement Cooperation) ជាកិច្ចសហការប្រតិបត្តិការតាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន រវាងក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរ អប់រំទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ កិច្ចសហប្រតិបត្តិការនោះ ផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំកម្ពុជាលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់លើកកម្ពស់ការបង្រៀន-រៀននៅ និងឧបត្ថម្ភគាំទ្រនូវសម្ភារៈបច្ចេកវិទ្យា ដល់អង្គភាពជំនាញ និងគ្រឹះស្ថាន សិក្សាគោលដៅជាច្រើនគ្រឿងសំដៅជំរុញប្រសិទ្ធភាពក្នុងការអប់រំបែបឌីជីថលនៅកម្ពុជា៕