ទីក្រុងម៉ានីល បដិសេធបំណងល្អរបស់អាមេរិក ជួយទប់ទល់ជាមួយចិននៅសមុទ្រចិនខាងត្បូង

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថាប្រមុខយោធាហ្វីលីពីនបានប្រាប់ថា ប្រទេសអាស៊ានមួយនេះបានបដិសេធចំពោះសំណើពីសម្ព័ន្ធមិត្តខ្លួន គឺសហរដ្ឋអាមេរិកដែលមានបំណងជួយដល់ប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីភាពតានតឹងបានកើនឡើងខ្លាំងជាមួយចិន នៅក្បែរបរិវេណតំបន់ថ្មប៉ប្រះទឹកដែលមានបញ្ហាជម្លោះ។

ភាពតានតឹងបានកើនឡើងជាលំដាប់ នៅសមុទ្រចិនខាងត្បូង ក្នុងរយៈពេលប្រមាណជាមួយឆ្នាំកន្លងមកនេះ ខណៈហេតុការណ៍ប្រឈមមុខដាក់គ្នាចុងក្រោយបង្អស់បានកើនឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ដោយទីក្រុងម៉ានីលបានអះអាងថា នាវិកមួយចំនួនរបស់ខ្លួនបានរងរបួសដោយសារតែកងកម្លាំងឆ្មាំសមុទ្រចិន។ ហ្វីលីពីនជាប្រចាំតែងធ្វើបេសកកម្មដឹកជញ្ជូនសម្ភារ និងស្បៀងអាហារទៅឱ្យកងទ័ពរបស់ខ្លួន ឈរជើងនៅលើខ្មោចនាវាចម្បាំង១គ្រឿងដែលហ្វីលីពិនបានយកទៅទុកចោលនៅតំបន់ថ្មប៉ះប្រះទឹកមានជម្លោះ Second Thomas Shoal ដែលចិនហៅថា Ren’ai Jiao។
ក្នុងសប្តាហ៍នេះ ប្រមុខកងកម្លាំងប្រដាប់អាវុធហ្វីលីពីន លោក Romeo Brawner បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ហ្វីលីពីនចង់ចាត់ចែងប្រតិបត្តិការនៅសមុទ្រចិនខាងត្បូងដោយខ្លួនឯង បើទោះបីជាអាមេរិក ដែលជាសម្ព័ន្ធមិត្តមានចងភ្ជាប់សន្ធិសញ្ញា បានស្នើចង់ជួយគាំទ្រដល់ប្រតិបត្តិការរបស់ហ្វីលីពីនក៏ដោយ។ លោក Brawner បាននិយាយដូច្នេះថា «ប្រាកដណាស់ ពួកគេ (អាមេរិក) បានស្នើចង់ជួយពួកយើង ហើយបានសាកសួរយើងថា តើពួកគេអាចជួយក្នុងរបៀបណាមួយបានដែរឬទេ។ យ៉ាងណាក្តី ពួកយើងចង់ព្យាយាមប្រើជម្រើសផ្សេងៗដែលយើងមានឱ្យអស់ពីលទ្ធភាពសិន មុនពួកយើងងាកទៅស្នើសុំការជួយ»។
ចំណែក ទីប្រឹក្សាសន្តិសុខហ្វីលីពីន លោក Eduardo Ano ក៏បាននិយាយដែរថា ហ្វីលីពីនចង់ឱ្យប្រតិបត្តិការរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ជាប្រតិបត្តិការរបស់ហ្វីលីពីនសុទ្ធសាធ។ លោក Ano បានប្រាប់ Reuters ដូច្នេះថា «នេះជាផលប្រយោជន៍ជាតិស្របច្បាប់របស់យើង ដូច្នេះហើយ ពួកយើងមើលមិនឃើញហេតុផលអ្វី សម្រាប់ឱ្យពួកគេ (អាមេរិក) ចូលលូកដៃនោះឡើយ»។ កាលពីខែមុន លោក Ano បានជជែកជាមួយសមភាគីអាមេរិករបស់លោក គឺលោក Jake Sullivan អំពីក្តីកង្វល់រួមពាក់ព័ន្ធសកម្មភាពចិន។ ទាំងលោក Ano និង លោក Brawner គឺមិនបានបញ្ជាក់ច្បាស់ថា តើការគាំទ្រលក្ខណៈបែបណា ដែលសហរដ្ឋអាមេរិកបានស្នើចង់ផ្តល់ឱ្យនោះឡើយ៕ ដោយធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print