ភ្នំពេញ ៖ នៅទីបំផុត ! អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន ហើយបច្ចុប្បន្ន ជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ទើបត្រូវបានតែងតាំងថ្មី លោក Wang Wenbin បានអញ្ជើញមកដល់រាជធានីភ្នំពេញហើយ កាលពីយប់ថ្ងៃទី៥ ខែកក្កដា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។
លោក Wang Wenbin បានថ្លែងចំណាប់អារម្មណ៍ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា លោកមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានមកដល់ទឹកដីកម្ពុជា ជាថ្មី។ លោកថា នេះមិនមែន ជាលើកដំបូងនោះទេ ក្នុងការមកដល់កម្ពុជា ហើយលោកអះអាងថា រាល់ពេលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា លោកមើលឃើញថា កម្ពុជាជាប្រទេសដែលពោរពេញដោយសក្តានុពល នៃការអភិវឌ្ឍ ផ្តល់នូវអនាគតត្រចះត្រចង់ សម្រាប់ប្រជាជនកម្ពុជា។ នេះបើយោងតាម ប្រភព គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤
គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ ក្នុងនាមជាឯកអគ្គរដ្ឋទូតចិន ជំនាន់ទី១៨ លោកថា មានកិត្តិយសជាខ្លាំង ហើយសន្យាថា នឹងបំពេញបេសកកម្មកាទូត ប្រកបដោយទំនួលខុសត្រូវខ្ពស់។ លោកបានគូសបញ្ជាក់ថា ទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ ជាទំនាក់ទំនងប្រវត្ថិសាស្ត្រយូរអង្វែង ហើយចំណងមិត្តភាពកម្ពុជានិងចិន ត្រូវបានទទួលស្គាល់យ៉ាងជ្រាលជ្រៅ ពីសំណាក់ប្រជាជនប្រទេសទាំងពីរ។ លោកបន្តថា មិត្តភាពដែកថែបកម្ពុជា-ចិនបានក្លាយជាគំរូសម្រាប់អន្តរជាតិ។
លោកបានប្តេជ្ញាថា ៖ នឹងខិតខំប្រឹងប្រែងឥតឈប់ឈរ សហការពេញទំហឹងជាមួយភាគីកម្ពុជា ដើម្បីបន្តមរតកចំណងមិត្តភាពកាន់តែស៊ីជម្រៅ និងបន្តអនុវត្តកុងសង់ស៊ីលសំខាន់ៗ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរសម្រេចបានកន្លងមក ដើម្បីកសាងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មី សម្រេចសមិទ្ធផលប្រកបដោយផ្លែផ្កា ផ្តល់ផលប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ ជុំវិញវត្តមានរបស់លោកWang Wenbin លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី៦ ខែកក្កដាថា ក្នុងនាមជាអតីតអ្នកនាំពាក្យក្រសួងការបរទេសប្រកបដោយទេពកោសល្យវោសាស្ត្រ និងជាអ្នកការទូតដែលពោរពេញដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ព្រមទាំងជាអ្នកនយោបាយដែលផ្តល់តម្លៃយ៉ាងច្រើនដល់គុណតម្លៃសន្តិភាពនិងការអភិវឌ្ឍស្របតាមបន្ទាត់នយោបាយការបរទេសរបស់ប្រទេសចិន ច្បាស់ណាស់ដែលថា បេសកកម្មរបស់លោក Wang Wenbing ឯកអគ្គរដ្ឋទូតថ្មីរបស់ស្ថានទូតចិនប្រចាំកម្ពុជានឹងបន្តបេសកកម្មបង្កើនទំនាក់ទំនង កាន់តែប្រសើរឡើង រវាងប្រទេសកម្ពុជានិងប្រទេសចិន ព្រមទាំង បន្តពង្រីកវឌ្ឍនភាពនៃសមិទ្ធផលបន្ថែមទៀតដែលផ្តល់ផលប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រទេសយើងទាំងពីរ ចារឹកបញ្ចូលទៅក្នុងក្រាំងមាសនៃទំនាក់ទំនងដែកថែបក្នុងយុគសម័យថ្មីនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន ៕