អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ៖ កាលពីថ្ងៃទី៤ខែកក្កដាតាមម៉ោងក្នុងតំបន់ នៅក្រុងហ្សឺណែវរបស់ស្វ៊ីស ។ ពេលក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិអនុម័តជាឯកច្ឆន្ទនូវរបាយការណ៍ស្តីពីការទទួលការត្រួតពិនិត្យសិទ្ធិមនុស្សជុំទី៤របស់ចិន ក្នុងសាលប្រជុំបានលាន់ឮស្នូរទះដៃយ៉ាងកក់ក្តៅ តំណាងរបស់ប្រទេសជាច្រើនបានសម្តែងការជូនពរចំពោះគណៈប្រតិភូចិន ។ ប្រទេសជាង១២០បានទទួលស្គាល់យ៉ាងពេញលេញនូវកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស ហើយប្រទេសដែលថ្លែងសុន្ទរកថាភាគច្រើនបានវាយតម្លៃខ្ពស់ចំពោះការការពារសិទ្ធិមនុស្សរបស់ចិនក្នុងរយៈពេលដ៏ខ្លីៗ។ល។
តើមតិយោបល់ជាឯកច្ឆន្ទអំពីសិទ្ធិមនុស្សរបស់ចិនទាំងនេះគឺមកពីណា?ការពិតបានផ្តល់ចម្លើយហើយ ។ ជាច្រើនឆ្នាំកន្លងទៅនេះ ប្រទេសចិនបានប្រកាន់ខ្ជាប់ការចាត់ទុកសិទ្ធិរស់រានមានជីវិតនិងសិទ្ធិអភិវឌ្ឍន៍ជាសិទ្ធិមនុស្សមូលដ្ឋានដ៏សំខាន់បំផុត ដោយបានលើកឡើងប្រកបដោយការច្នៃប្រឌិតថ្មីថា “ការរស់រានមានជីវិតជាមូលដ្ឋាននៃការទទួលសិទ្ធិមនុស្សទាំងអស់ ជីវភាពរស់នៅប្រកបដោយសុភមង្គលរបស់ប្រជាជនជាសិទ្ធិមនុស្សដ៏ធំបំផុត។” ពីការដោះស្រាយជាលក្ខណៈប្រវត្តិសាស្ត្រនូវបញ្ហាក្រីក្រដាច់ខាតនិងការកសាងបានសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ដល់ការកសាងបានប្រព័ន្ធអប់រំ សង្គមធានា សុខាភិបាល និងបណ្តាញសេវា ៥G ដែលប្រកបដោយទ្រង់ទ្រាយធំបំផុតលើពិភពលោកទាំងមូល ពិភពលោកទាំងមូលបានមើលឃើញយ៉ាងច្បាស់នូវសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលប្រទេសចិនទទួលបានក្នុងការការពារសិទ្ធិមនុស្ស។
សិទ្ធិមនុស្សមិនមែនជាសិទ្ធិពិសេសរបស់មនុស្សមួយចំនួននោះទេ តែគឺជាសិទ្ធិដែលមនុស្សទាំងអស់គ្នាទទួលបានដោយស្មើគ្នា ។ នៅប្រទេសចិនដែលមានជនជាតិជាច្រើននេះ ចំណុចនេះត្រូវបានបង្ហាញយ៉ាងលេចធ្លោណាស់ ។ ជនជាតិភាគតិចមិនត្រឹមតែមានសេរីភាពខាងជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងក៏ទទួលបានសិទ្ធិប្រើប្រាស់និងអភិវឌ្ឍអក្សរនិងភាសារបស់ជនជាតិខ្លួនឯងដែរ ។
គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ ព្រមពេលជាមួយគ្នានេះ មិត្តភក្តិអន្តរជាតិកាន់តែច្រើនឡើងៗបានទៅដល់ប្រទេសចិននិងឈ្វេងយល់ពីប្រទេសចិន ពួកគេលែងត្រូវបិទបាំងដោយ “ការពិពណ៌នាខាងសិទ្ធិមនុស្ស”របស់ប្រទេសលោកខាងលិចទៀតឡើយ។ ទន្ទឹមនឹងប្រទេសចិនដាក់ចេញវិធានការមួយចំនួន ដើម្បីផ្តល់ភាពងាយស្រួលដល់ជនបរទេសក្នុងការទៅទស្សនាប្រទេសចិន លើបណ្តាញទំនាក់ទំនងសង្គមបរទេសបានលេចចេញព័ត៌មានជាច្រើនអំពីការធ្វើទេសចរណ៍នៅប្រទេសចិន ។ អារម្មណ៍សុវត្ថិភាពដ៏ខ្ពស់ ផ្លូវដែកល្បឿនលឿនដែលបើកបររហ័ស យន្តហោះគ្មានមនុស្សបើកដែលបញ្ជូនអាហារនិងរថយន្តថាមពលថ្មី។ល។ សភាពការណ៍ទាំងនេះនាំឱ្យអ្នកទេសចរបរទេសភ្ញាក់ផ្អើលហើយមានចំណាប់អារម្មណ៍ថា អ្វីដែលបានស្តាប់កាលពីមុនសុទ្ធតែជាពាក្យកុហក! ក្នុងបរិបទបែបនេះ សាលប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានលាន់ឮស្នូរទះដៃយ៉ាងកក់ក្តៅ ក៏ជាការឆ្លើយតបយ៉ាងខ្លាំងចំពោះប្រទេសប៉ែកខាងលិចដែលបានមួលបង្កាច់សិទ្ធិមនុស្សរបស់ចិនក្នុងរយៈពេលជាយូរដែរ ។
មិនត្រឹមប៉ុណ្ណោះទេ ការរួមចំណែករបស់ចិនចំពោះកិច្ចការសិទ្ធិមនុស្សអន្តរជាតិក៏ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយដែរ ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានអនុម័តជាច្រើនលើកលើសេចក្តីសម្រេចចិត្តស្តីពីការរួមចំណែកនៃការអភិវឌ្ឍចំពោះការទទួលសិទ្ធិមនុស្សទាំងអស់ដែលលើកឡើងដោយប្រទេសចិន ដែលបង្ហាញយ៉ាងពេញលេញនូវលទ្ធភាពអាចធ្វើទៅបាននៃតម្រិះប្រាជ្ញារបស់ចិន ។
ក្នុងដំណើរនេះ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានក្លាយជាគំរូជាក់ស្តែងនៃការជំរុញសិទ្ធិមនុស្សតាមរយៈការអភិវឌ្ឍ ។ ចាប់ពីបានលើកឡើងនូវគំនិតផ្តួចផ្តើមនេះមក បានជំរុញការវិនិយោគជិត១ទ្រីលានដុល្លារអាមេរិកក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ដែលបានកកើតជាគម្រោងកិច្ចសហប្រតិបត្តិការចំនួនជាង៣ពាន់ ក៏ដូចជាជួយមនុស្សជិត៤០លាននាក់ឱ្យបម្រះខ្លួនចេញពីភាពក្រីក្រ ។
បច្ចុប្បន្ននេះ ចិនកំពុងជំរុញការកសាងទំនើបកម្មតាមបែបផែនចិន ។ នេះមិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនចិននិងពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យរូបមន្តអភិវឌ្ឍន៍នៃសិទ្ធិមនុស្សកាន់តែសំបូរបែបផងដែរ ។ ចិនរីករាយបន្តរួមសហការជាមួយប្រទេសនានា ដើម្បីជំរុញឱ្យកិច្ចការសិទ្ធិមនុស្សពិភពលោករីកចម្រើនទៅមុខ ៕