សារព័ត៌មាន Reuters ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា មនុស្យយ៉ាងហោចណាស់១៦នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់អុីស្រាអែលលើសាលារៀនមួយកន្លែងរបស់អង្គការសហប្រជាជាតិ (UN) ជាទីដែលជនជាតិប៉ាឡេស្ទីនជាច្រើនគ្រួសារកំពុងជ្រកកោនក្នុងភាគកណ្ដាលនៃតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ ទី៦ ខែកក្កដា។
តាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា សាលារៀនដែលរងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីសា្រអែល មានឈ្មោះ Al-Jawni ស្ថិតនៅក្នុងទីក្រុង Nuseirat នៃភាគកណ្ដាលតំបន់ហ្កាហ្សា ហើយមនុស្សជាង ៥០នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ។ សាលារៀននេះដែរត្រូវបានរាយការណ៍ថាមានមនុស្សប្រហែល ៧០០០នាក់កំពុងជ្រកកោន ក្នុងពេលដែលការវាយប្រហារកើតឡើង។
ខាងយោធាអ៉ីស្រាអែល បាននិយាយថាពួកគេបានធ្វើសកម្មភាពជាមួយការប្រុងប្រយ័ត្នដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់លើជនស៊ីវិល មុននឹងបើកការវាយប្រហារលើក្រុមអ្នកប្រយុទ្ធ ហាម៉ាស់ ដែលបានប្រើប្រាស់សាលារៀននេះជាកន្លែងលាក់ខ្លួនក្នុងការរៀបចំផែនការវាយប្រហារលើទាហានអ៉ីស្រាអែល។ ប៉ុន្តែ ក្រុមហាម៉ាស់បានអះអាងថា មិនមានក្រុមអ្នកប្រយុទ្ធរបស់ខ្លួន លាក់ខ្លួននៅក្នុងសាលារៀនខាងលើនោះឡើយ។
បើតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា ជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនមក បានកើនដល់ជាង ៣៨ ០០០នាក់ហើយ និងក្នុងនោះភាគច្រើនគឺជាជនស៊ីវិល៕ ដោយធីរីណា
រូបថត: TTXVN