ភ្នំពេញ៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈចំនួន៣ ដើម្បីបន្សល់ទុកប្រព័ន្ធរដ្ឋបាលមួយដែលរឹតតែពោរពេញដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ ជាកេរតំណែលសម្រាប់អ្នកជំនាន់ក្រោយ ។
តាមរយៈកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល បានជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលមានកំណត់នៅក្នុង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងបានដាក់ចេញនូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឱ្យសម្រេចបានលទ្ធផលជាក់ស្តែង ដោយផ្តោតទៅលើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន ដែល ក្នុងនោះរួមមានវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ចំនួន៣៖ ទី១៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ទី២៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ទី៣៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
នៅក្នុងក្របខណ្ឌនៃការអនុវត្តនូវវិធានការគន្លឹះក្នុងការ កែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាល បានដាក់ ចេញជាគោលការណ៍អាទិភាព ដូចខាងក្រោម៖
១).រៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងយន្តការដឹកនាំ និងអនុវត្តការងារកែទម្រង់រដ្ឋបាលសាធាណៈ និងរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ២). រៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការ ដែលទទួលបាននូវគោលការណ៍ឯកភាពសម្រាប់ឆ្នាំ២០២៣ តាមគោលការណ៍និយាមនីតិវិធីប្រតិបត្តិដែលបានរៀបចំថ្មី។ ៣). រៀបចំការគ្រប់គ្រង និងការប្រើប្រាស់ធនធានមនុស្សរបស់ក្រសួង ស្ថាប័នឱ្យបានល្អប្រសើរ ទៅតាមអភិក្រមពង្រឹង និងរៀបចំផ្ទះរបស់ខ្លួនឱ្យបានស្អាតជាមុនសិន។ ក្នុងនោះ ត្រូវពិនិត្យឡើងវិញ វិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន និងការប្រើប្រាស់ធនធានមនុស្សនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ការវិភាគមុខងារនឹងត្រូវកំណត់គោលការណ៍ពាក់ព័ន្ធមុខងារ រចនាសម្ព័ន្ធស្ថាប័ន និយាមប្រើប្រាស់ធនធាន មនុស្សនៅតាមអង្គភាព បន្ទុកថវិកា និងការប្រើប្រាស់ថវិកា និយាមសេវាសាធារណៈ និងរំហូរការងារ ក្រប ខណ្ឌសមិទ្ធ កម្មការរៀបចំផែនការអភិវឌ្ឍស្ថាប័នរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និង ផែនការធនធានមនុស្សរយៈពេលវែងឱ្យបានរួចរាល់ត្រឹមពាក់កណ្តាលឆ្នាំ២០២៤៕ដោយ៖ សូរិយា