ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ ដែលមានរយៈពេល៧ថ្ងៃ ចាប់ ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ នាបរិវេណវត្តភ្នៀតសិម្ពលី ស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៤ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមាន ប្រសាសន៍ជម្រាបជូនលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ថា ជ្រកក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍន៏លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជា និងបន្តដឹកនាំលើមាគ៌ាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនឥតឈប់ ឈរទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា តាមរយៈការបើកវគ្គអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ដែលរៀបចំដោយ ព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈ សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិក សមាគមកម្ពុជរដ្ឋ បដិបត្តិសមាធិ ធ្វើឲ្យចិត្តស្ងប់ជំរះនូវទុក្ខកង្វល់ ចេះអប់រំផ្លូវចិត្ត និងជាផ្នែកមួយនៃការចូលរួមកសាងអភិវឌ្ឍសង្គមជាតិប្រកបដោយគុណភាព។
លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ការអភិវឌ្ឍន៏ប្រទេសមួយត្រូវការចំបាច់នូវធនធានមនុស្ស ពិសេសប្រកាន់ យកនូវព្រហ្មវិហារធម៌ មេត្តា ករុណា តាមព្រះពុទ្ធឱវាទព្រះពុទ្ធសាសនា ដែលមានព្រះសង្ឃជាស្រែបុណ្យ ។
លោកជំទាវបណ្ឌិត បានលើកឡើងថា តាមរយៈកម្មវិធីព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម របស់ក្រសួងធម្មការនិងសាសនា ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក្រោមអនុសាសន៍ណែនាំប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ព្រមទាំងបាននាំណែឲ្យក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតវគ្គបណ្ដុះ បណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ។ ក្នុងនោះលោកជំទាវបណ្ឌិត បាន វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំយុវជន និងកីឡា ដែលបានរៀបចំដាក់បញ្ចូលកម្មវិធីសមាធិ ក្នុងកម្មវិធីសិក្សារបស់សិស្សានុសិស្ស ជាផ្នែកមួយន័យការអប់រំដ៏មានគុណភាព ធ្វើឲ្យក្មួយៗសិស្ស និស្សិត មានយល់ដឹកកាន់តែច្បាស់នូវអំពើ ខុស ត្រូវ ល្អ អាក្រក់ ពិសេសជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមស្នើរដល់គណៈ សង្ឃនាយក បន្តសកម្មភាពបំបួសកុលបុត្រកុលធីតាខ្មែរដើម្បីអប់រំសីលធម៌ ចរិយាធម៌ និងគុណធម៌ឱ្យបានជាប់ជាប្រចាំ ហើយសូមឱ្យបន្តពង្រីកកម្មវិធីនេះ នៅគ្រប់រាជធានីខេត្ត ព្រោះកម្មវិធីនេះជាផ្នែកមួយ ជួយធ្វើឱ្យធនធាន ព្រះសង្ឃមានចំនួនកើនឡើងប្រកបដោយគុណវុឌ្ឍិពិត និងធានាបាននូវការរីកចម្រើននៃព្រះពុទ្ធសាសនា និងសូម សិក្ខាកាមដែលបួសហើយ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការសិក្សានិងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនដើម្បីក្រេបយកចំណេះដឹងផ្នែកព្រះពុទ្ធសាសនា ហើ យយកទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃ។
សូមជម្រាបថា កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំទី១១នាឱកាសនេះបានប្រារព្ធឡើងវិញបន្ទាប់ពីបានអាក់ខានរយៈ ពេល៤ឆ្នាំដោយសារជំងឺរាតត្បាតសកលកូវីត១៩ ដែលប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំសីលធម៌ព្រះពុទ្ធសាសនា អប់រំចិត្តគំនិត និងបដិបត្តិសមាធិ ដោយបានចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ មានការបំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ ក្នុងនោះសីលវតីចំនួន៣៧៦អង្គ/នាក់៕