CEO CoolApp ៖  នៅលើពិភពលោកកម្មវិធី Chat ទាំងឡាយណា ដែលមិនប្រើប្រាស់បច្ចេកវិទ្យា End-to-End Encryption ប្រាកដណាស់ នឹងបរាជ័យ

ចែករំលែក៖

ភ្នំពេញ ៖ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp បានលើកឡើងថា នៅលើពិភពលោកនេះ កម្មវិធីផ្ញើសារ (Chat) ទាំងឡាយណា ដែលមិនបានប្រើប្រាស់ បច្ចេកវិទ្យា End-to-End Encryption ប្រាកដណាស់ នឹងបរាជ័យ ហើយមិនមានមនុស្សប្រើប្រាស់ឡើយ។
ការលើកឡើងរបស់ CEO CoolApp បានធ្វើឡើងបន្ទាប់ពីមានការពន្យល់របស់យុវតីម្នាក់ អំពីបច្ចេកវិទ្យា End-to-End Encryption នៅលើទំព័រហ្វេសប៊ុក Ebook Cambodia។
លោក លឹម ជាវុត្ថា បានកោតសរសើរចំពោះ ពិធីការិនីរបស់ Ebook Cambodia ដែលបានពន្យល់យ៉ាងល្អអំពីបច្ចេកវិទ្យា E2EE (End-to-End Encryption)។ លោកបានលើកឡើងថា៖ «ប្អូនស្រីពិតជាពន្យល់បានល្អ ពីអ្វីដែលហៅ End to End encryption ! ខ្ញុំសូមបន្ថែមថា យុគសម័យនេះ ប្រសិនបើកម្មវិធី Chat នៅលើពិភពលោក មិនប្រើប្រាស់បច្ចេកវិទ្យា End to End encryption (E2EE) ទេនោះ ប្រាកដណាស់គេ កម្មវិធីនោះនឹងដួលរលំ ដោយពុំមានមនុស្សប្រើ!»។
ក្នុងនាមស្ថាបនិក និងជាអគ្គនាយក CoolApp លោកសូមធានាអះអាងថា CoolApp ប្រើប្រាស់បច្ចេកវិទ្យា End-to-end encryption 100% គ្មានជនណាម្នាក់អាចមើលសាររបស់យើងឡើយ !
លោកបានលើកឡើងថា នៅពេលចាប់ផ្តើមបង្កើត CoolApp លោកបានដាក់សំណួរសួរខ្លួនឯងថា បើធ្វើហើយ លោកនិងបុគ្គលិករបស់លោក មិនហ៊ានប្រើផង តើឲ្យលោកធ្វើដើម្បីឲ្យប្រជាពលរដ្ឋ ប្រើពេញប្រទេសម៉េចហ្នឹងបាន !
លោក លឹម ជាវុត្ថា បានឲ្យដឹងថា CoolApp នឹងបន្ត Update មួយជំហានម្តងៗដើម្បីឲ្យកាន់តែងាយស្រួលក្នុងការប្រើប្រាស់ និងដើម្បីជាការគាប់ចិត្តជូនបងប្អូនអ្នកប្រើប្រាស់ទាំងអស់ ! កម្មវិធី CoolApp មិនតាមដាន មិនប្រមូល ឬរក្សាទុកទិន្នន័យអ្នកប្រើប្រាស់នោះឡើយ។
CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដែលអ្នកប្រើប្រាស់ទូរស័ព្ទដៃ អាចចូលទៅទាញយកបានតាមរយៈ App Store និង Play Store ព្រមទាំងអាចទាញកម្មវិធីនេះចេញពីវេបសាយ CoolApp យកទៅដំឡើងនៅលើកុំព្យូទ័រផងដែរ។
CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនាញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។
ក្រោយដាក់ដំណើរការជាផ្លូវការប្រមាណកន្លះខែ កម្មវិធី CoolApp មានអ្នកទាញយក (downloaded) ប្រមាណជាង២២ម៉ឺនដង ហើយមានការរំពឹងថា នឹងមានការទាញយករហូតដល់៥០០ ០០០ ឬ ១ ០០០ ០០០ដង នៅពេលដ៏ខ្លីខាងមុខនេះ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print