ភ្នំពេញ៖ ជនសង្ស័យចំនួន ១៥នាក់ ត្រូវបាននគរបាលរាជធានីភ្នំពេញ ធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខជាសាធារណៈ ពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធ កាច់ករម៉ូតូ ប្រដាប់អាវុធ និងករណីទម្លាក់យោងយកទ្រព្យសម្បត្តិពលរដ្ឋ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំដោយ លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក អេង សោភា បានឱ្យដឹងថា ៖ ជនសង្ស័យទាំង ១៥នាក់ ពាក់ព័ន្ធនឹង ៣ករណី ត្រូវបានសមត្ថកិច្ចជំនាញ សហការជាមួយនគរបាលតាមបណ្តាខណ្ឌពាក់ព័ន្ធ បានបើកប្រតិបត្តិការ ៤៨ម៉ោង ដើម្បីឈានដល់ការបង្ក្រាបបានជាបន្តបន្ទាប់ ដោយករណីបទល្មើសធំជាងគេ ក្នុងចំណោម ៣ករណីនេះ គឺក្រុមជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ នៅភោជនីយ៍ដ្ឋានមួយកន្លែងយីហោ «ខ្យល់ទន្លេ» ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាទាបភ្លឺថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ៖ កម្លាំងនគរបាល តែងបើកការចុះបង្ក្រាបជានិច្ច នូវរាល់ពេលមានសកម្មភាពបទល្មើសកើតមានឡើងក្នុងរាជធានីភ្នំពេញ ពិសេស បទល្មើសលួច ឆក់ ប្លន់ ប្រដាប់ដោយអាវុធ ដែលជាបទល្មើសបង្កភាពភ័យខ្លាច និងបង្កអសន្តិសុខក្នុងសង្គមជាតិ។ កត្តាទាំងនេះ ជាអ្វីដែលកងកម្លាំងសមត្ថកិច្ច ត្រូវទប់ស្កាត់ បង្ការ និងបង្ក្រាបឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ដើម្បីធានាសន្តិសុខ និងរបៀបរៀបរយជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សូមបញ្ជាក់ថា ៖ សមត្ថកិច្ច អាជ្ញាធរ ជំនាញ ពាក់ព័ន្ធ ចូលរួមអនុវត្ត លក្ខណៈសម្បត្តិរបស់ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ទាំង៧ចំណុច រួមមាន៖
១.ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៣.មានសណ្តាប់ធ្នាប់ សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយ
គុណភាព និងប្រសិទ្ធភាព
៦.មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ
៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕