ហេតុអ្វីបានជាត្រូវការត្រួតពិនិត្យបច្ចេកទេសប្រព័ន្ធផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យ (សូឡា) ភ្ជាប់មកបណ្តាញអគ្គិសនីជាតិ?

ចែករំលែក៖

ភ្នំពេញ​៖​ ពន្លឺព្រះអាទិត្យ ខ្យល់ គឺជាថាមពលកកើតឡើងវិញ ប្រភេទអថេរ (Variable) ដែលកម្លាំងផលិតប្រែប្រួលតាមធម្មជាតិ មិនជាប់ថេរតាមតម្រូវការ ហើយពុំអាចគ្រប់គ្រងបាន បើដាក់បញ្ចូលច្រើនលើសលប់ទៅក្នុងប្រព័ន្ធជាតិ នឹងបង្កឱ្យមានបញ្ហា    អស្ថិរភាពដល់បណ្ដាញជាតិ ឈានទៅមិនអាចប្រើប្រាស់អគ្គិសនីទាំងអស់គ្នា ដែលបណ្តាលឱ្យមានវិបត្តិធ្ងន់ធ្ងរដល់  សេដ្ឋកិច្ចជាតិ ហើយត្រូវការចំណាយថវិកាលើសលប់ទៅលើប្រភពអគ្គិសនីផ្សេងដើម្បីយកមកជួយទប់ទល់បំពេញបន្ថែមជំនួស។ ម៉្យាងវិញទៀតក៏អាចបង្កគ្រោះថ្នាក់ដល់អ្នកជួសជុលបណ្តាញអគ្គិសនី អ៊ិនធើណែត ទូរស័ព្ទ ទូរទស្សន៍ ក៏ដូចជាម្ចាស់ផ្ទះដែលដាក់ផងដែរ ប្រសិនភ្ជាប់មិនត្រឹមត្រូវ។ ដូច្នេះត្រូវមានច្បាប់ និងការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ មុននឹងតភ្ជាប់ចូលបណ្តាញជាតិ។ នីតិវិធី និងច្បាប់នេះត្រូវបានរៀបចំដែលមានការជួយគាំទ្រ និងពិនិត្យដោយអង្គទូត ដៃគូអភិវឌ្ឍអន្តរជាតិ រួមមាន UNDP និងអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីឱ្យកាន់តែមានភាពសុក្រឹត ត្រឹមត្រូវ តម្លាភាពទាំងអស់គ្នា។

ចំពោះការដំឡើងសូឡា ដូចជាអំពូលបំភ្លឺតាមសួនច្បារ កាំមេរ៉ាសុវត្ថិភាព ម៉ាស៊ីនបូមទឹក ម៉ាស៊ីនកំដៅទឹក ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ជាដើម មិនភ្ជាប់បណ្តាញជាតិ គឺមិនតម្រូវឱ្យមានស្វ័យប្រកាស និងសុំច្បាប់ទេ។ ចំពោះអ្នកដែលអាចដាក់ក្រោមកម្លាំង 10 KW គ្រាន់តែធ្វើស្វ័យប្រកាសដើម្បីត្រួតពិនិត្យបច្ចេកទេស និងគុណភាពតភ្ជាប់ប៉ុណ្ណោះ មិនតម្រូវឱ្យសុំច្បាប់ និងពុំមានបង់ថ្លៃបម្រុងអ្វីទេ។ អ្នកដែលត្រូវធ្វើការស្វ័យប្រកាស និងសុំច្បាប់ គឺប្រើប្រាស់ប្រព័ន្ធសូឡាភ្ជាប់ជាមួយបណ្តាញជាតិ ដាក់តំឡើងសូឡាកំលាំងធំៗរាប់រយ-រាប់ពាន់ គីឡូវ៉ាត់ ជាប្រភេទ រោងចក្រ ពាណិជ្ជកម្ម សណ្ឋាគារធំៗ ដើម្បីបានចំណេញខ្លួនឯងហើយយកថាមពលអគ្គិសនីកម្ពុជាមកធ្វើជាបម្រុង បើពុំនោះទេអាចដាក់អាគុយស្តុកប្រើដាច់ដោយឡែក គឺមិនសុំច្បាប់ទេ។ 

សូមជម្រាបជូនថារាជរដ្ឋាភិបាលបានគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍន៍ថាមពលស្អាតកកើតឡើងវិញ ដែលបច្ចុប្បន្នមានជាង ៦០% ក្នុងប្រព័ន្ធអគ្គិសនីជាតិ ដែលក្នុងនោះប្រភពសូឡា មានកម្លាំងជិត 1000 MW ប្រហែលជិត ៣០%នៃប្រភពស្អាតកកើតឡើងវិញសរុប។ លើសពីនេះទៅទៀត បានស្នើឱ្យអគ្គិសនីកម្ពុជាជួយអ្នកនៅជនបទដាច់ស្រយាល ភូមិបណ្ដែតទឹក ដែលពុំអាចសាងសង់ខ្សែអគ្គិសនីទៅដល់ ដោយដាក់សូឡាលើដំបូលផ្ទះរួមជាមួយអាគុយប្រើពេលយប់ មកដល់ពេលនេះជាង១២ម៉ឺនគ្រឿង ដើម្បីជួយឱ្យពួកគាត់បានមានអគ្គិសនីប្រើប្រាស់ដូចអ្នកនៅក្នុងបណ្តាញជាតិដែរ។ 

ចំពោះបងប្អូនអ្នកដាក់ប្រព័ន្ធសូឡានេះ ក៏អាចនឹងខាតបង់ដូចគ្នា បើដាក់ច្រើន ជាពិសេសពេលថ្ងៃអត់នៅផ្ទះ ថាមពលនឹងបញ្ចេញលើស ហើយបើសិនជាប្រើជាប់បរិក្ខារដូចជាម៉ាស៊ីនត្រជាក់ ពេលអត់ថ្ងៃ នឹងស្រូបយកថាមពលពីបណ្តាញជាតិច្រើន បែរជាថានាឡិកាស្ទង់ដើរលឿន។ ដូច្នេះត្រូវមានការត្រួតពិនិត្យត្រឹមត្រូវ ទើបបានផលឈ្នះៗទាំងអស់គ្នា។

ក្នុងនាមជាប្រជាពលរដ្ឋល្អ តើយើងចង់បានបញ្ហាខាងលើអស្ថិរភាពប្រើអគ្គិសនីមិនបានទាំងអស់គ្នា ប៉ះពាល់សេដ្ឋកិច្ចជាតិ និងបង្កគ្រោះថ្នាក់ ដោយសារការញុះញង់អុចអាលឱ្យដំឡើងមិនគោរពតាមបទដ្ឋានបច្ចេកទេសជាលក្ខណៈភាពអាណាធិបតេយ្យនោះដែរឬទេ?

ទឹក ខ្យល់ ពន្លឺព្រះអាទិត្យ ជារបស់ធម្មជាតិ តែបើយើងយកមកកែច្នៃជាប្រភពថាមពលអគ្គិសនី ហើយតភ្ជាប់ចូលបណ្តាញអគ្គិសនីជាតិត្រូវមានការត្រួតពិនិត្យគ្រប់គ្រងបច្ចេកទេសក្នុងការតភ្ជាប់ឱ្យមានសុវត្ថិភាព ជៀសវាងបញ្ហាដូចបង្ហាញខាងលើ។ យើងមិនអាចទៅគ្រប់គ្រងធម្មជាតិទាំងនោះបានទេ ដូច្នេះសូមមេត្តាកុំបំប្លែងយកមកលេងសើច៕ដោយ​៖តារា​

ប្រភពហ្វេសប៊ុកឯកឧត្តម ប្រាង ជលសា https://www.facebook.com/share/12MWJaxM1qYaLPEy/?mibextid=WC7FNe

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print