ខេត្តកណ្តាល ៖ នៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋ ដែលដឹកនាំបញ្ជាដោយ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ព្រមទាំងមេបញ្ជាការកងកម្លាំងពាក់ព័ន្ធ សពក្មេងស្រីលង់ទឹកទាំង០៣នាក់ត្រូវបានរកឃើញនៅវេលាម៉ោង១០:៣០នាទីយប់។
ពេលនេះកម្លាំងជំនាញកំពុងធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យ និងបានប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្ចើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ មុនពេលកើតហេតុ តាមការរៀបរាប់របស់ម្តាយជនរងគ្រោះបានឱ្យដឹងថា៖ ជនរងគ្រោះទាំង០៣នាក់បានចេញពីផ្ទះនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទីព្រឹក តាមកាមេរ៉ាសុវត្ថិភាព មានក្មេងរងគ្រោះចំនួន០៣នាក់បានដើរចេញពីក្នុងបុរីរណបសុភមង្គល ឆ្ពោះទៅលេងទឹកបឹងទឹកជោរនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លុះដល់វេលម៉ោងបាយថ្ងៃត្រង់មិនឃើញក្មេងទាំង០៣នាក់នោះមករកហូបបាយដូចសព្វដង ក្រុមគ្រួសារក៏ដើរស្វែងរករហូតមកដល់ទីតាំងបឹងខាងលើក៏ឃើញសម្ភាររបស់ពួកក្មេងៗនៅមាត់បឹងទឹកជោរ តែមិនឃើញក្មេងៗទេសង្ស័យថាក្មេងៗលង់ទឹកតែម្តង។
នគរបាលខេត្តកណ្តាលបន្តថា ៖ ជាមួយគ្នានេះដែរ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពក្មួយស្រី និង សូមឲ្យវិញ្ញាណក្ខន្ធក្មួយស្រីទាំង០៣បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ៖ ស្អាងជ័យ