សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី៖ ការដាំដើមឈើគឺមានផលប្រយោជន៍ធំធេងណាស់សម្រាប់ប្រទេសជាតិយើង

ចែករំលែក៖

ខេត្តតាកែវ ៖ ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យរុក្ខទិវា ៩ កក្កដា នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ការដាំដើមឈើគឺមានផលប្រយោជន៍ធំធេងណាស់សម្រាប់ប្រទេសជាតិយើងដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ។

សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានមានព្រះរាជបន្ទូលបន្តថា ការដាំដើមឈើ ក៏មានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នានិងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ។

សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ក៏បានឧទ្ទិសឱ្យពិធីរុក្ខទិវានេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សាការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឱ្យបានគង់វង្សជារៀងរហូតតទៅ។
សូមរំឭកជូនអំពីទស្សនវិស័យ និងព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា “រុក្ខទិវា” នេះឡើងតាមរយៈព្រះរាជក្រឹត្យលេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។ ព្រះអង្គបានបណ្តុះនូវស្មារតីដល់កូនចៅគ្រប់ៗរូបឱ្យយល់ដឹងអំពីបរិស្ថាន អត្ថប្រយោជន៍នៃព្រៃឈើ ហើយព្រះអង្គមានព្រះរាជបន្ទូលថា ”ការចូលរួមចំណែកការពារ និងថែ-រក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានប្រក្រតីភាពជាវិជ្ជមាន ចំពោះវិស័យកសិកម្ម និងមនុស្សជាតិ”។
ផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហត្ថដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្កើតឡើងវិញ នូវ “រុក្ខទិវា” តាមសេចក្តីសម្រេចលេខ ០៨ ស.ស.រ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធឡើង នៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំរហូតមក។
ប្រជាជនកម្ពុជានៅទូទាំងប្រទេសសូមចូលរួមអបអរសាទរទិវា “រុក្ខទិវា” ថ្ងៃទី០៩ កក្កដា ក្នុងស្មារតីចូលរួមផ្សព្វផ្សាយនិងគ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើឱ្យបានស្ថិតស្ថេរ និងនិរន្តរភាព សម្រាប់កូនចៅរបស់យើងទាំងអស់គ្នា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print