សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban កាលពីថ្ងៃចន្ទ ទី៨ ខែកក្កដាថាបណ្ដាប្រទេសជាមហាអំណាចទាំងអស់គួរតែជួយរុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្ដើមកិច្ចចរចាដោយផ្ទាល់ឡើងវិញ អំឡុងទស្សនកិច្ចរបស់លោក Orban ក្នុងទីក្រុងប៉េកាំង ក្រោមបេសកកម្មសន្តិភាពដែលមេដឹកនាំអឺរ៉ុបរូបនេះជាអ្នកដាក់ឈ្មោះឱ្យ។
ចិនបានបដិសេធថ្កោលទោសសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន ហើយកាលពីឆ្នាំ២០២៣ បានបញ្ចេញផែនការសន្តិភាពមួយសម្រាប់បញ្ចប់សង្រ្គាមនេះ។ ប៉ុន្តែ ក្រុមប្រទេសលោកខាងលិច បាននិយាយថាផែនការរបស់ចិន មានតែទុកឱកាសឱ្យរុស្ស៉ីដណ្ដើមកាន់កាប់ទឹកដីអ៊ុយក្រែនបន្ថែមតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ តាមរយៈការស្រង់សម្ដីរបស់លោក ស៊ី ជីនពីង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បាននិយាយថាសហគមន៍អន្តរជាតិគួរតែបង្កើតលក្ខខណ្ឌ និងផ្ដល់ជំនួយសម្រាប់ភាគទាំង២ ដើម្បីអាចឱ្យពួកគេចាប់ផ្ដើមកិច្ចចរចាដោយផ្ទាល់ឡើងវិញ។
តាម CCTV លោក ស៊ី ជីនពីង បានគូសបញ្ជាក់ដូច្នេះថា «មានតែនៅពេលដែលមហាអំណាចទាំងអស់បញ្ចេញថាមពលវិជ្ជមាន ចៀសវាងការបញ្ចេញថាមពលអវិជ្ជមានទេ ទើបអាចឱ្យ បទឈប់បាញ់មួយនៅក្នុងជម្លោះនេះអាចធ្វើទៅកើត ក្នុងពេលឆាប់តាមដែលអាចធ្វើទៅបាន»។ លោក ស៊ី ជីនពីងក៏បានសង្កត់ធ្ងន់ដែរថាវាជាប្រយោជន៍របស់គ្រប់ភាគទាំងអស់ ដើម្បីបិទ បញ្ចប់ជម្លោះ និងស្វែងរកដំណោះស្រាយមនយោបាយមួយឱ្យឆាប់។
នៅក្រោយកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង លោក Viktor Orban បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថាចិនគឺជាមហាអំណាចដ៏សំខាន់មួយនៅក្នុងការជួយ បង្កើតលក្ខខណ្ឌសម្រាប់សន្តិភាព នៅក្នុងសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន ហើយនេះជាហេតុផលដែលលោកធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង តែជាង២ខែប៉ុណ្ណោះក្រោយមេដឹកនាំចិន ធ្វើទស្សនកិច្ចនៅហុងគ្រី៕
រូបថត: Ria Novosti